Tuesday, December 6, 2011

ពលរដ្ឋខ្មែរ ១៤៤នាក់ ជាប់ពន្ធនាគារ នៅថៃ

ដកស្រង់ពីគេហទំព័រ ដើមអម្ពិល
Tuesday, 06 December 2011 10:34 ដោយ : អេង គឹមជាង : Posted : ID011

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ដើម្បីប្រកបរបរផ្សេងៗ មានការ កាប់ឈើ និង មានមួយចំនួនជឿ តាមមេ ខ្យល់ នោះ រហូតមកទល់ ពេលនេះ មានពលរដ្ឋខ្មែរ ១៤៤នាក់ ហើយត្រូវ បានជាប់ពន្ធនាគារ នៅក្នុងប្រទេសថៃ ។

ប្រធានទំនាក់ទំនង ព្រំដែន កម្ពុជា-ថៃ លោក តូច រ៉ា មានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១១ថា ចាប់តាំង ពីប្រជាពលរដ្ឋខ្មែរចូលទៅទឹកដីថៃ ដើម្បីរកការងារធ្វើផ្សេងនោះ មកដល់បច្ចុប្បន្ននេះ មានពលករខ្មែរចំនួន១៤៤នាក់ បានជាប់ពន្ធនាគារ នៅក្នុង ទឹក ដីថៃ ដោយត្រូវគេចោទប្រកាន់ថា កាប់ព្រៃឈើខុសច្បាប់ ការនាំចូលគ្រឿងញៀន ចូលក្នុងប្រទេសថៃ និងឆ្លងដែនខុសច្បាប់។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរ ដែលជាប់ពន្ធនាគារនៅថៃនោះ ស្ថិតនៅក្នុងខេត្តសូរិន និងខេត្តស៊ីសាកេត ហើយជាប់ពន្ធនាគារ នៅខេត្តសូរិនមាន ៤៣នាក់ ខេត្តស៊ីសាកេតមាន១០១នាក់ ។

ប្រធានទំនាក់ទំនងរូបនេះ បន្ថែមទៀតថា បន្ទាប់ពីមានការឃុំឃាំងនូវពលរដ្ឋទាំងនោះ ភាគីខ្មែរក៏បានទៅជួប ចរចាររកដំណោះស្រាយ ជាមួយភាគីថៃ ជាច្រើនជាច្រើនសារ ដើម្បីឲ្យលើកលែងនិងសម្រួលទោស ហើយថៃក៏មានការយោគយល់ផងដែរ ដោយខ្លះ គេព្រមលើកលែងទោស ហើយមាន អ្នកខ្លះទៀត បានសម្រួលទោស ដោយជាប់ពន្ធនាគារ១០មកត្រឹម៨ឆ្នាំទៅ៧ឆ្នាំក៏មានដែរ ។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋខ្មែជាច្រើនរយនាក់ទៅធ្វើការនៅប្រទេសថៃ ហើយក៏ត្រូវបានបញ្ជូនមកវិញ ការបញ្ជូននេះ ក៏បានក្លាយជាទម្លាប់ទៅហើយ។ សម្រាប់ពលករខ្មែរ ធ្វើការស្របច្បាប់នៅប្រទេសថៃ រហូតមកទល់ពេលនេះ មានចំនួនជាង ៥ម៉ឺននាក់។ ភាគច្រើនពលករខ្មែរធ្វើការនោះ ត្រូវបានភាគីថៃធ្វើបាបលើរាងកាយ យ៉ាងដំណំរហូតដល់ស្លាប់ក៏មានដែរ៕