Tuesday, December 6, 2011

អ្នក​ខេត្ត​ឧត្តរមាន​ជ័យ​រិះ​រក​មធ្យោបាយ​អភិរក្ស​សិល្បៈ​ប្រពៃណី​«ប្រឺន»​ដែល​ហៀប​នឹង​បាត់​បង់

ដកស្រង់ពីគេហទំព័រភ្នំពេញ​ប៉ុស្តិ៍
Monday, 05 December 2011 12:01 មាស រ័ត្ន

ឧត្តរមានជ័យៈ សិល្បករ​ខេត្ត​ឧត្តរមានជ័យ កំពុង​រិះ​រក​មធ្យោបាយ​រក្សា​សិល្បៈ​ចម្រៀង​ប្រពៃណី​របស់​ខ្លួន​ដែល​អាច​នឹង ​ការ​បាត់​បង់​។ សិល្បៈ​ចម្រៀង​ប្រឺន ដែល​អ្នក​ស្រាវជ្រៀវ​ផ្នែក​វប្បធម៌​ខ្មែរ​វ័យ​៣០​ឆ្នាំ លោក ​យឹង​ យន ​បាន​ប្រទះ​ឃើញ​ថា​មាន​ជីវិត​នៅ​ឡើយ​ក្នុង​ទឹក​ដី​ខេត្ត​ឧត្តរមាន​ជ័យ ជា​សិល្ប:​ប្រពៃណី​ដ៏កម្រ ​និង មាន​អាយុ​កាល​ដ៏​យូរ​លង់​មួយ។

សិល្បៈ​ចម្រៀង​ប្រឺន​នេះ ​មាន​ទម្រង់​សម្តែង​ប្រហាក់​ប្រហែល​នឹង​ចម្រៀង​ឡាំឡាវ​របស់​ជន​ជាតិ​ឡាវដែរ​ ​គឺ​ប្រើ​ប្រាស់​ឧបករណ៍​គែន​ដូច​គ្នា​។ អ្នក​ផ្លុំ​គែន​ឈរ​នៅ​កណ្តាល ចំណែក​អ្នក​សម្តែង​មាន​ស្រី​ម្នាក់​ប្រុស​ម្នាក់​ ​ច្រៀង​ផង រាំផង ឈរ​នៅ​អម​សងខាង។ ​

លោក​យឹង​ យន បាន​ឲ្យ​ដឹង​ថា៖ «គេ​មិន​ដឹង​ថា ចម្រៀង​ប្រឺន​នេះ​ចាប់​មាន​កំណើត​ពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​មាន​រូប​គែន​ចារ​នៅ​លើ​ស្គរ​មហោសិក ដែល​មាន​អាយុ​៣០០​ឆ្នាំ​មុន​គ្រិស្ត​សករាជ។ ដូច្នេះ​យើង​អាច​និយាយ​ថា ចម្រៀង​គែន​នេះ ​មាន​អាយុ​កាល​យូរលង់​ណាស់​មក​ហើយ»។ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​លោក យឹង​ យន ស្រាវជ្រៀវ​រក​ឃើញ គឺ​មាន​តែ​មួយ​ក្រុម​គត់ ដែល​ដឹកនាំ​ដោយ​លោក ម៉ុន ហៃ អាច​សម្តែង​ចម្រៀង​ប្រឺន​នេះ​បាន។

លោក​ម៉ុន ហៃ វ័យ​៥៦​ឆ្នាំ រស់នៅ ភូមិ​ក្រសាំង​ សង្កាត់​បុស្បវូ ស្រុក​សំរោង ខេត្ត​ឧត្តរមាន​ជ័យ បាន​រៀន​​សិល្បៈ​ប្រឺន​នេះ​ពី​ដូន​តា​របស់​គាត់​ ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ។

លោក​បន្ត​ថា៖ «នៅ​ភូមិ​របស់​យើង គេ​ហៅ​ចម្រៀង​នេះ​ថា ប្រឺន​កន្ទោល​អូក មូលហេតុ​គេ​ឃើញ​ថា​ មាន​ប្រើប្រាស់​តែ​ឧបករណ៍​ភ្លេង​ទោល​តែ​មួយ​គត់ គឺ​គែន​នេះ​តែ​ម្តង។ ពាក្យ​ថា​ប្រឺន​នេះ គឺ​ពាក្យ​ខ្មែរ​សួយ ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ រីករាយ​ វា​មិន​មែន​ជា​ពាក្យ​ថៃ​អ្វី​នោះ​ទេ​»​។

ពី​សម័យ​ដើម​ នៅ​តាម​ទី​ជន​បទ​ពុំ​មាន​ធុង​បាស់ ឬ អកកេះ​អ្វី​ទេ ម្លោះ​ហើយ​ក្រុម​តន្រ្តី​ប្រឺន គឺ​ពេញ​និយម​នៅ​ក្នុង​ពិធី​បុណ្យ​កឋិនទាន បុណ្យ​ខ្មោច ចូល​ឆ្នាំ ឆ្លង​សាលា និង បុណ្យ​ផ្សេងៗ ប៉ុន្តែ​លោក​ម៉ុន ហៃ​ កម្រ​ឃើញ​គេ​យក​ទៅ​សម្តែង​ក្នុង​ពិធី​មង្គល​ការ​ណាស់​។

ក្រោយ​ពី​សិល្បករ​ច្រៀង​ប្រឺន​ជា​ច្រើន​បាន​ស្លាប់​បាត់​បង់​អស់ លោក ម៉ុន​ ហៃ បាន​រៀន​ផ្លុំ​គែន​ដោយ​ខ្លួន​ឯង ពីព្រោះ​ពី​ដើម​ឡើយ ​គាត់​ចេះ​តែ​ច្រៀង​ទេ​។ ប៉ុន្តែ​សំណាង​ល្អ ​គាត់​ក៏​បាន​ជួប​នឹង​លោក​តា សំ គង្គា រស់​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​បេង ខេត្ត​ឧត្តរមានជ័យ ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ ចេះ​ចម្រៀង​ប្រឺន​នេះ​ដែរ។ គាត់​ទាំង​ពីរ​បាន​រួម​គ្នា​បង្កើត​ជា​ក្រុម​តន្ត្រី​ប្រឺន ដែល​មាន​សេស​សល់​តែ​មួយ​គត់​ក្នុង​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន។

លោក​សំ គង្គា អាយុ​៥២ ឆ្នាំ​ បាន​រៀន​ចម្រៀង​ប្រឺន​នេះ ពី​បង​ប្រុស​របស់​គាត់ កាល​ពី​គាត់​មាន​អាយុ​១១​ឆ្នាំ។ ប៉ុន្តែ​បង​ប្រុស​របស់​គាត់​ដែល​ចេះ​ផ្នែក​ប្រឺន​យ៉ាង​ស្ទាត់​ជំនាញ​នោះ បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​បាត់​ទៅ​ហើយ។ លោក​សំ គង្គា ​និយាយ​ថា៖ ​«យើង​អាច​សម្តែង វា​ជាមួយ​នឹង​បទ​ប្រឺន​របស់​វា​ផ្ទាល់​ក៏​បាន ជាមួយ​នឹង​បទ​ពពេច​ជៀប ក្រវាន់​សៀមរាប បទ​សារ៉ាវ៉ាន់ បទ​អុំ​ទូក​ និង បទ​ចម្រៀង​ប្រពៃណី​ឯ​ទៀត​ក៏​បាន»។

លោក​​ជ័យ​មង្គល សុខ​ចិត្រ​ស្រី ប្រធាន​សមាគម​អភិរក្ស​វប្បធម៌​ខ្មែរ​ខេត្ត​សុរិន ប្រទេស​ថៃ​ ដែល​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ផ្នែក​ឧបករណ៍​ភ្លេង ​ដោយ​នាំ​យក​គែន​ពី​ជន​ជាតិ​ឡាវ​នៅ​ស្រុក​ថៃ​ មក​ឲ្យ​សិល្បករ​ទាំង​ពីរ​ ហើយ​ចង់​ឃើញ​សិល្ប:​ប្រពៃណី​មួយ​នេះ​នៅ​រស់​រាន​មាន​ជីវិត​រហូត។

លោក​បាន​និយាយ​ថា៖ «នៅ​ខេត្ត​សុរិន មាន​លោកតា​ លោក​យាយ​ចាស់​ៗ​ខ្លះ ចេះ​ច្រៀង​ប្រឺន​ដែរ ប៉ុន្តែ​ចម្រៀង​នេះ ក៏​ប្រឈម​មុខ​នឹង​បញ្ហា​បាត់​បង់​ដែរ​។ សុរិន​មាន​បញ្ហា​របស់​វា គឺ​ផ្នែក​ភាសា។ រឿង​ផ្លុំ​មិន​មែន​ជា​បញ្ហា​ទេ ​ប៉ុន្តែ​ការ​បាត់​បង់​ភាសា​កំណើត​ជា​បញ្ហា​ចម្បង។ ពេល​គេ​បាត់​បង់​ភាសា​ខ្មែរ​ហើយ ធ្វើ​ម្តេច​គេ​អាច​ច្រៀង​ប្រឺនហ្នឹង​បាន​ទៀត​។ យើង​គួរ​តែ​បម្រុង​ ក្រុម​តន្ត្រី​ប្រឺន​ឲ្យ​មាន​ពីរ ឡើង​ទៅ។ ប្រសិន​បើមួយ​បាត់​បង់​ យើង​នៅ​សល់​មួយ​ទៀត»។ យើង​គួរ​តែ​ចាប់​ផ្តើម​អភិរក្ស​ពី​ខេត្ត​ឧត្តរមានជ័យ​នេះ​​ទៅ»។

លោក​ជ័យ​មង្គល​ចង់​ឲ្យ​បណ្តា​ស្ថាប័ន​ផ្សេង​ៗ​ព្យាយាម​ជួយ​ដល់​លោក​គ្រូ​ ដែល​ នៅ​ចេះ​ចាំ​ចម្រៀង​ប្រឺនក្តី ឬ​កន្ទ្រឹម​ក្តី រស់​នៅ​ក្នុង​ស្រុក​ខ្មែរ ឬ​ស្រុក​ថៃ ឲ្យ​គាត់​បាន​ផ្ទេរ​ចំណេះ​របស់​គាត់​ទៅ​ដល់​ក្មេង​ជំនាន់​ក្រោយ​ មុន​នឹង​ពួក​គាត់​លាចាក​ពី​លោក​នេះ​ទៅ​។

លោក​បន្ត​ថា៖​«បើ​យើង​មិន​ជួយ​ជ្រោម​ជ្រែង​ទេ នៅ​ពេល​អស់​លោក​អ៊ំ​ទាំង​នោះ​ទៅ យើង​មិន​បាច់​មក​​តាម​រក​រៀន​ទេ។ ទោះ​បី​យើង​ថត​វីដេអូរ​ទុក​ ហើយ​យក​មក​រៀន​តាម​ ក៏​មិន​ដូច​យើង​​រៀន​ផ្ទាល់​ជាមួយ​នឹង​ពួក​គាត់​ដែរ​»៕