ដកស្រង់ពីគេហទំព័រកម្ពុជាថ្មី
ឧត្តរមានជ័យ ៖ ទីតាំងបើកលេងល្បែងត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកអន្លង់វែងចុះបង្ក្រាបដោយដឹកនាំដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ឧត្តរមានជ័យ ចាប់បានក្មេងកំពុងតែលេងជាក់ស្ដែងចំនួន៧នាក់ និង ម្ចាស់ម្នាក់ទៀតផង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹក ថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១១ នៅចំណុចភូមិ ទួលទ្រាល ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ។
លោក វរសេនីយ៍ត្រស៊ុយ សេង អធិការនគរបាលស្រុក បានឲ្យកម្ពុជាថ្មីដឹងថា កម្លាំងរបស់លោក បានចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមខុសច្បាប់ខាងលើ ដោយបានឃាត់ ខ្លួនម្ចាស់ម្នាក់ ឈ្មោះ ឆេង សុកនា ភេទស្រី អាយុ ២៩ឆ្នា និង អ្នកលេងហ្គេមជាសិស្សសាលា មានអាយុពី១០ទៅ២០ឆ្នាំ បានចំនួន ៧នាក់ ព្រមទាំងដកហូតទូហ្គេមចំនួន៣ទូ ម៉ូតូមួយគ្រឿង កង់៤គ្រឿង យកមកកាន់អធិការដ្ឋាននបគរបាលស្រុក អន្លង់វែង។
លោក អធិការស្រុក បានបន្តថា នៅពេលបច្ចុប្បន្ន សមត្ថកិច្ចប៉ូលិសបានអប់រំ និង ឲ្យធ្វើកិច្ចសន្យាទាំងក្មេងលេង និង ម្ចាស់បើកល្បែងហ្គេមឈប់ឲ្យបន្តសកម្មភាពនេះតទៅទៀតរួចឲ្យឪពុកម្ដាយមកធានា ចំណែកទូហ្គេម ត្រូវបានសមត្ថកិច្ចប៉ូលិសរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង៕
ចាន់ធី
កែចុងក្រោយនៅ ថ្ងៃសុក្រ ទី02 ធ្នូ ឆ្នាំ2011 ម៉ោង18:46