Wednesday, November 30, 2011

ពលរដ្ឋខ្មែរ បន្ដរងគ្រោះ ដោយការ បាញ់ប្រហារ ពីសំណាក់ ទាហានថៃ

ដកស្រង់ពីគេហទំព័រដើមអម្ពិល
Wednesday, 30 November 2011 05:12 ដោយ ៖ ស៊ន សុភក្ដ្រ -Posted : ID-015



-ក្មេងប្រុសម្នាក់ស្លាប់ និង ៤នាក់ទៀត រត់រួចខ្លួន ពីការបាញ់ប្រហារ របស់ទាហាន ថៃ

ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរក្មេង ចាស់ ប្រុស ស្រី បានទទួលរងការបាញ់ ប្រហារជាបន្ដបន្ទាប់ របស់ទាហានឈុតខ្មៅ ថៃ និងអាជ្ញាធរថៃនៅតាមព្រំដែន ខណៈ ដែលប្រជាពលរដ្ឋខ្មែរទាំងនេះ បានចូលទៅ ដីថៃ អូសឈើ និងខ្លះទៀត គ្រាន់តែទៅ បោចវល្លិ៍ និងរកអានុផលព្រៃឈើតែ ប៉ុណ្ណោះ។

សកម្មភាពបាញ់យ៉ាងសាហាវឃោរឃៅ ដែលកំពុងបន្ដពីសំណាក់សមត្ថកិច្ចរបស់ថៃ នៅជាប់ព្រំដែនខាងលើនេះ បានធ្វើឡើង ដោយសារតែមានការបើកភ្លើងខៀវ ពីសំ ណាក់ក្រុមមន្ដ្រីយោធាមួយក្ដាប់តូច នៅ ក្នុងខេត្ដឧត្ដរមានជ័យ ។ ជាក់ស្ដែងក្មេងៗ ៥នាក់ ក្នុងនោះម្នាក់បានស្លាប់ដោយខ្ទេច ក្បាល និង៤នាក់ផ្សេងទៀត បានរត់រួចខ្លួន ចូលទឹកដីខ្មែរវិញ កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ បន្ទាប់ពីទាហានឈុតខ្មៅថៃ បើកការបាញ់ រះមកលើក្រុមក្មេងៗទាំងនេះ ខណៈដែល ពួកគេចូលទៅរកអុស និងចាប់សត្វអាពីង ស្ថិតនៅបង្គោលឡាក់លេខ ១៤ ដែលជា ដែនគ្រប់គ្រង របស់វីរៈព្រំដែន ៤២៥ នៃ ខេត្ដឧត្ដរមានជ័យ ។

យោងតាមសេចក្ដីរាយការណ៍ ពីតំបន់ ព្រំដែនបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ ដោយការបាញ់ប្រហារ ពីសំណាក់ទាហាន ឈុតខ្មៅថៃ មានឈ្មោះ សួន គឹមសាន្ដ អាយុ ១២ឆ្នាំ និង៤នាក់ផ្សេងទៀត មាន អាយុ ១១ឆ្នាំ និងរហូតដល់ ១៣ឆ្នាំ បាន រត់គេចខ្លួន ចូលទឹកដីខ្មែរវិញ ។ សេចក្ដីរាយ ការណ៍បានបន្ដថា សពក្មេងប្រុសរង​គ្រោះ ដែលត្រូវបានទាហានថៃបាញ់ កាលពី រសៀលថ្ងៃទី២៩ ខែវិច្ឆិកា នោះ ត្រូវបាន បញ្ជូនមកទឹកដីខ្មែរ នៅវេលាម៉ោង ៥ រសៀលថ្ងៃដដែល ។

យោងតាមប្រភពព័ត៌មានមួយ បាន ទម្លាយថា ក្រុមមន្ដ្រីយោធាមួយក្ដាប់តូច នៅតំបន់ប្រតិបត្ដិការសឹករង ស្រុកត្រពាំងប្រាសាទ ជាអ្នកបើកភ្លើងខៀវឱ្យក្រុមឈ្មួញ រកស៊ីកាប់ឈើលក់ ដែលជាមូលហេតុនាំឱ្យ ពលរដ្ឋខ្មែរ ដែលចាញ់បោកឈ្មួញទាំងនោះ ចូលទៅទឹកដីថៃ កាប់ និងអូសឈើគ្រញូង ហើយលទ្ធផលចុងក្រោយ បណ្ដាលឱ្យស្លាប់ និងរងរបួស ពីសំណាក់ការបាញ់ប្រហារ របស់ទាហានថៃ ។ សម្រាប់ភាគីថៃមិនបាន គោរព ចំពោះកិច្ចព្រមព្រៀងទាំងឡាយ ណា ដែលមេដឹកនាំ និងអាជ្ញាធរខេត្ដជាប់ ព្រំដែនបានធ្វើនាពេលកន្លងទៅឡើយ ពោលពួកគេនៅតែបន្ដធ្វើសកម្មភាពបាញ់ រះមកលើប្រជាពលរដ្ឋខ្មែរដដែលជាដដែល ខណៈដែលកង​ទ័ពកម្ពុជា បានប្រកាន់ភ្ជាប់ នូវការសន្យារបស់ខ្លួន ហើយមិនដែលបាញ់ ប្រហារទៅលើពលរដ្ឋថៃណាម្នាក់ ដែលចូល ឆ្លងដែនខុសច្បាប់នោះទេ ។

មជ្ឈដ្ឋានទូទៅសង្ឃឹម និងមានជំនឿថា ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទនឹង មានវិធានការជាបន្ទាន់ ចំពោះក្រុមមន្ដ្រី យោធាមួយក្រុមតូច នៃតំបន់ប្រតិបត្ដិការ សឹករង ក្នុងខេត្ដឧត្ដរមានជ័យ ដែលជាអ្នក បើកភ្លើងខៀវ នាំឱ្យមានបញ្ហានេះកើត ឡើង ៕