ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី
ឧត្តរមានជ័យ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន២គឺក្រុមហ៊ុន ទុមុវីង និង ក្រុមហ៊ុន ដាតាបានដើរបោះបង្គោលស៊ីម៉ងត៍យកដីសង់លំនៅដ្ឋាន ដីស្រែចំការ និង សាលារៀន ធ្វើឲ្យប្រជាពលរដ្ឋ៣ភូមិ ប្រតិកម្មដើរដកបង្គោលដីយកមកដាក់ផ្ទះលោកមេភូមិអូតាមេង និង ដកយកក្រវាត់ចោលអស់ពីព្រោះក្រុមហ៊ុនទាំង២នោះ បានបោះបង្គោលលើដីរបស់ពួកគាត់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ២០នាទី ស្ថិតនៅត្រង់ចំណុច ភូមិ អូតាម៉េង ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខាងលិចផ្លូវជាតិលេខ ៦៧B ចម្ងាយ ២០០ម៉ែត្រ ពីផ្លូវជាតិ។
ប្រជាពលរដ្ឋបីភូមិ ដែលមានមនុស្សចេញមកតវ៉ាប្រមាណជាង ៥០០នាក់ បានដង្ហែគ្នាជាក្បូន ដើរដកបង្គោល របស់ក្រុមហ៊ុន ទាំង២ ខាងលើនេះ ហើយប្រជាពលរដ្ឋមួយចំនួនបាននិយាយនៅផ្ទះលោកមេភូមិថា ប្រសិនបើ អាជ្ញាធរមូលដ្ឋាន និង អាជ្ញាធរដែនដី មិនរកយុត្តិធម៌ឲ្យទេនោះ ពួកគាត់ទាំងអស់នឹងដើរដកបង្គោលទាំងនេះ មកដាក់ កណ្ដាលផ្លូវជាតិលេខ 67Bទាំងអស់។
ប្រភពពីអាជ្ញាធរ ភូមិ អូតាមេង បានឲ្យកម្ពុជាថ្មីដឹងថាបង្គោលស៊ីម៉ងត៍ដែលពួកក្រុមហ៊ុន បោះថ្មីៗនេះ គឺលោកមិនបានដឹងទេ ហើយអ្នកណាជាអ្នកដឹកនាំក្រុមហ៊ុន ដើរបោះបង្គោលយកដីសង់លំនៅដ្ឋាន និង ដីស្រែកចំការ ក៏លោកមិនដឹងដែរ អ្វីៗគឺលោកមេភូមិបានឆ្លើយបដិសេធទាំងអស់ តើហេតុអ្វីបានជាដើរបោះបង្គោលយកតែដីប្រជាពលរដ្ឋក្រីក្រ រីឯមន្ត្រីរាជការខាងក្រុមហ៊ុន ដើរបោះបង្គោលវាងចេញទៅវិញ។
ទាក់ទិននឹងបញ្ហានេះកម្ពុជាថ្មីមិនអាចទាក់ទងសុំការបំភ្លឺពីខាងភាគីក្រុមហ៊ុនបានឡើយ៕
ប៉ែននួន
កែចុងក្រោយនៅ ថ្ងៃអង្គារ ទី06 ធ្នូ ឆ្នាំ2011 ម៉ោង18:45