Saturday, June 25, 2011

ចំណាប់​អារម្មណ៍​របស់​និស្សិត សាន់ ម៉ានិត ​ក្នុង​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ

ខ្ញុំ​បាទ​ឈ្មោះ​​ សាន់​​ ម៉ានិត ជា​អតីត​សិស្ស​វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។​ ខ្ញុំ​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​​ភូមិ ​(បាក់​ឌុប) នៅ​ឆ្នាំ​២០០៩។ បច្ចុប្បន្ន​នេះ​ខ្ញុំ​បាន​កំពុង​បន្ត​ការ​សិ​ក្សា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ជំនា​ញ​​ទីផ្សារ​(Marketing) នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​(CMU)ឆ្នាំ​ទី​មួយ។
កាល​ដែល​ខ្ញុំ​មក​ដល់​ទី​ក្រុង​ភ្នំពេញ​ដំបូង​(ឆ្នាំ២០០៩) ខ្ញុំ​បា​ន​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​សមាគម​និស្សិត​ឧត្តរ​មានជ័យ។​​​​ ការ​រ​ស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​លើក​ដំបូង​នេះ​ខ្ញុំ​មាន​ការ​ពិបាក​ជា​ច្រើន។​ ការ​ពិបាក​ទាំង​នោះ​មាន​ដូច​ជា៖ ខ្ញុំ​មិន​ស្គាល់​ភូមិសាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ មិន​ស្គាល់​ទីតាំង​របស់​សាកល​វិទ្យា​ល័យ ​សម្រាប់​សិក្សា​ ​​ហើយ​ក៏​មិន​ដឹ​ង​ថា​ត្រូវ​ចាប់​យក​ជំនាញ​អ្វី​សម្រាប់​ធ្វើ​ការ​​​​​​សិក្សា...។​​​​​​ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ ចំពោះ​បញ្ហា​ទាំង​នេះ​ ​ប៉ុន្តែ​ក្រោយ​មក​បញ្ហា​ទាំង​នេះ ក៏​ត្រូវ​បាន​ដោះស្រាយ​គឺ​ដោយ​សារ​តែ​ខ្ញុំ​បាន​មក​រស់​​នៅ​ក្នុង​ផ្ទះ​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ ​​​ព្រោះ​ថា​នៅ​ក្នុង​ផ្ទះ​សមាគម​ មាន​និស្សិត​រៀមច្បង​ជា​ច្រើន​រស់​នៅ ហើយ​សិក្សា​នៅ​ជំនាញ​ខុស​ៗ​គ្នា​និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ថែម​ទៀត។​ ពួក​គាត់​ចិត្ត​ល្អ​ខ្លាំង​ណា​ស់ ពួក​គាត់​បាន​ជូន​ខ្ញុំ​អោយ​ស្គាល់​ផ្លូវ​ទៅ​សាកល​វិទ្យាល័យ ស្គាល់​​ពី​ភូមិសាស្រ្ត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ហើយ​ជា​ពិសេស​នោះ​គឺ បង ខូ តារាឫទ្ធិ គាត់​ជា​ក្រុម​ប្រឹក្សា​ភិបាល​របស់​សមាគម ​និង​ជា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ទៀត​នោះ បាន​ជួយ​ពន្យល់​ខ្ញុំ​ និង​អ្នក​ដទៃ​ទៀត​​ពីរ​បៀប​សិក្សា​នៅ​សាកល​វិទ្យាល័យ និង​ការ​ជ្រើសរើស​ជំនាញ​សម្រាប់​ការ​​សិក្សា។ មួយ​រយៈ​កាល​ដែល​ខ្ញុំ​មក​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ​កន្លង​មក​នេះ ខ្ញុំ​បា​ន​យល់​ឃើញ​ថា​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ គឺ​មាន​ការ​ពិបាក​ជាង​ការ​សិក្សា​នៅ​វិទ្យា​ល័យ ព្រោះ​ថា​ការ​សិក្សា​នៅ​សកល​វិទ្យា​ល័យ ទាម​ទារ​អោយ​យើង​ចេះ​ភាសា​អង់គ្លេស​អោយ​ខ្លាំង ទើប​អាច​សិក្សា​ទាន់​គេ ហើយ​សម្បូរ​កិច្ច​ការ​សា​លា​ច្រើន​ទៀត ដូច្នេះ​គឺ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​សិក្សា ហើយ​ម្យ៉ាង​ទៀត​ បើ​សិន​ប្រឡង​ធ្លាក់​គឺ​ត្រូវ​បង់​លុយ​ចំពោះ​មុខ​វិជ្ជា​ណា​ដែល​​ប្រ​ឡង​ធ្លាក់ ហើយ​អាច​រៀន​សង​ថែម​ទៀត។
          ជា​ចុង​ក្រោយ​នេះ ខ្ញុំ​ចង់​និយាយ​ថា ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ គឺ​ត្រូវ​ខិត​ខំ​រៀន​អោយ​អស់​ពី​សមត្ថភាព មិន​អាច​លេង​សើច​បាន​ឡើយ​ព្រោះ​ថា​ការ​សិក្សា​​នៅ​សាកល​វិទ្យាល័យ​ ជា​រយៈពេល​ដែល​ត្រូវ​សិក្សា​យក​ជំនាញ​មួយ​ពិត​ប្រាកដ​សម្រាប់​យក​ទៅ​រក​ការងារ​ធ្វើ និង​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង​នា​ពេល​អនាគត។ ហើយ​ជា​ចុង​ក្រោយ​នេះ​ផង​ដែរ​ខ្ញុំ​ក៏​មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​មក​រស់​នៅ​ក្នុង​ផ្ទះ​សមាគម​និស្សិត​ឧត្តរមានជ័យ ព្រោះ​ថា​ផ្ទះ​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​ជា​កន្លែង​មួយ​ដែល​​ល្អ​សម្រាប់​សិស្ស-និស្សិត​ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ៕៚