នាងខ្ញុំឈ្មោះ ហោន ចន្រ្ទា ឥឡូវនេះនាងខ្ញុំជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យសង្គមសាស្ត្រ និង មនុស្សសាស្រ្ត ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ។ ហើយចំពោះជំនាញនេះ គឺនាងខ្ញុំមានការពេញចិត្តយ៉ាងខ្លាំង ហើយមានក៏បានប៉ងទុកជាយូរមកហើយដែរ។ ការមកសិក្សានៅទីក្រុងភ្នំពេញ បានធ្វើឲ្យនាងខ្ញុំមានការអភិវឌ្ឍន៍ និងរីកចំរើនជាងមុនឆ្ងាយ ព្រោះថានៅទីនេះ មានបណ្ណាល័យ សម្រាប់ស្រាវជ្រាវ មានពេលសម្រាប់ពិភាក្សាជាមួយមិត្តភ័ក្ដិ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក មានលោកគ្រូ អ្នកគ្រូដែលតែងតែផ្ដល់ឲ្យនូវ ចំណេះដឹង ទាំងឡាយដែលគាត់មាន។ និងមានសាលារៀនបន្ថែមច្រើន។
នាងខ្ញុំបានប្ដេជ្ញារួចជាស្រេចហើយថា នាងខ្ញុំនឹងខំរៀនឲ្យបានពូកែទោះបីជា មានឧបសគ្គច្រើនយ៉ាងណាក៏ដោយ។ ពិតណាស់ម្នាក់ៗដែលបានឈានចូលមករៀននៅទីក្រុងភ្នំពេញគឺមានគោលបំណង និង ការតាំងចិត្តរៀងៗខ្លួន។ ចំណែកនាងខ្ញុំវិញក៏ដូចគ្នាដែរ ការដែលចាកចេញពីផ្ទះមកបន្តការសិក្សានៅទីនេះ គឺចង់បាននូវភាពជោគជ័យដែលនាងខ្ញុំតែងតែរំពឹងទុកក្នុងចិត្តតាំងពីកុមារមកម្ល៉េះ។
គោលបំណងទៅថ្ងៃអនាគតនាងខ្ញុំ ចង់ទទួលបាននូវការងារមួយដ៏សមរម្យសម្រាប់ជីវិត ចង់ឃើញគ្រួសាររបស់នាងខ្ញុំមានជីវភាពធូរធារ ជាងសព្វថ្ងៃនេះ ចង់ឃើញខេត្តឧត្តរមានជ័យក្លាយជាខេត្តមួយមានការរីកចំរើនខ្លាំងទីបំផុត ជាពិសេសគឺធនធានមនុស្សដ៏សំបូរបែបដូចបណ្តាខេត្តដទៃទៀត។ ជាពិសេសបំផុតនោះគឺចង់ឃើញខ្លួនឯងមានការងារមួយពិតប្រាកដ និងក្រុមគ្រួសារមានសុភមង្គល មានភាពសប្បាយរីករាយ និងមានការគោរពរាប់អានពីអ្នកដទៃ៕អី្វដែលអ្នកចេះក្នុងថ្ងៃនេះ វានឹងហួសសម័យក្នុងថ្ងៃស្អែក
បើអ្នកឈប់រៀនសូត្រ អ្នកនឹងត្រូវគាំងនៅមួយកន្លែង។
What we know today will be obsolete tomorrow. If we stop learning we stagnate.