ខ្ញុំបាទឈ្មោះ នី វណ្ណដា ជាអតីតយុវសិស្សនៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ និងបានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០០៩។ បច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ជំនាញហិរញ្ញវត្ថុ និង ធនាគារ។
ដំបូងពេលដែលខ្ញុំឈានដល់លើទឹកដីនៃក្រុងភ្នំពេញ ខ្ញុំមានអារម្មណ៍រំភើបផង ភ័យផង ព្រោះខ្ញុំពុំដែលរស់នៅទីនេះ គ្មានបងប្អូន សាច់ញ្ញាតិ ហើយភ្នំពេញមានអ្វីប្លែកៗជាច្រើនដែលខ្ញុំមិនដែលបានឃើញ និងជួបប្រទះពីមុនមក ម្យ៉ាងទៀតគឺ មិនបានដឹងពីព័ត៌មានផ្សេងៗ ដែលទាក់ទងទៅនឹងសាកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ ថាតើមួយណាល្អសមស្របទៅតាមមុខជំនាញរបស់ខ្ញុំ។ ប៉ុន្តែដោយខ្ញុំដឹងថានៅទីក្រុងភ្នំពេញមានសមាគមមួយ ដែលបានបង្កើតឡើងដោយរៀមច្បងជំនាន់មុនៗ ដែលមានដើមកំណើតនៅខេត្តឧត្តរមានជ័យ ដើម្បីជួយកាត់បន្ថយការលំបាកមួយចំនួន ដល់និស្សិតមកពីខេត្តឧត្តរមានជ័យ ដែលមានឈ្មោះថា ”សមាគមនិស្សិតឧត្តរមានជ័យ” ហើយខ្ញុំបានសុំចូលជាសមាជិកនៅខែកញ្ញា ឆ្នាំ ២០០៩។ បន្ទាប់ពីខ្ញុំបានចូលជាសមាជិកហើយ មករស់នៅក្នុងអន្តេវាសិកដ្ឋានរបស់សមាគម ខ្ញុំទទួលបាននូវបទពិសោធន៍យ៉ាងច្រើនទាក់ទងទៅនឹងការសិក្សា ក៏ដូចជាការរស់នៅជាមួយគ្នាជាក្រុម។ ជាពិសេសទៅទៀតនោះ នៅក្នុងសមាគមមានរៀមច្បងដែលមានបទពិសោធន៍ជាច្រើនក្នុងការសិក្សានិងមានព័ត៌មានមួយចំនួន ដែលទាក់ទងទៅនឹងសាកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ បានចែករំលែកនូវបទពិសោធន៍ទាំងនោះដល់សមាជិកថ្មីៗ តួយ៉ាងមានរូបខ្ញុំបាទជាដើម ដែលរៀមច្បងបាន ណែនាំពីសាកលវិទ្យាល័យល្អៗ ដែលសមស្របទៅតាមជំនាញរបស់យើង។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលខេត្តឧត្តរមានជ័យរបស់យើង ជាខេត្តដែលទើបតែរួចផុតពីភ្លើងសង្គ្រាមក្រោយគេ ប៉ុន្តែមានសមាគមនៅទីក្រុងភ្នំពេញ សម្រាប់ជួយដល់និស្សិតក្រីក្រ ដែលខ្វះលទ្ធភាពក្នុងការបន្តការសិក្សាមកពីខេត្តឧត្តរមានជ័យ ក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតមកពីខេត្តឧត្តរមានជ័យ ឲ្យមានសង្ឃឹមនិងបន្តការសិក្សានៅទីក្រុងភ្នំពេញ ដើម្បីបានក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងការអភិវឌ្ឍន៍ខេត្តរបស់យើងក៏ដូចជាសង្គមជាតិទាំងមូល។
ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រៀមច្បងទាំងអស់ដែលបានផ្ដល់ជាគំនិតល្អៗ និងណែនាំខ្ញុំកន្លងមក ជាពិសេសគឺលោក ខូ តារាឬទ្ធិ ដែលជាទីប្រឹក្សាសមាគមនិស្សិតឧត្តរមានជ័យ បានខិតខំស្វែងរកជំនួយក្នុងការផ្គត់ផ្គង់ដល់សមាគម និងផ្ដល់ជាគំនិតល្អៗដែលជាគន្លឹះក្នុងការអភិវឌ្ឍន៍សមាគមអោយមានការរីកចំរើន៕