Friday, July 8, 2011

ចំណាប់​អារម្មណ៍​និស្សិត​ជិម សុជាតិ

ខ្ញុំ​បាទ​ឈ្មោះ​ ជិម សុជាតិ ភេទប្រុស អតីត​ជា​សិស្ស​នៅ​វិទ្យាល័​យ​ឧត្តរ​មានជ័យឆ្នាំ២០០៤-២០០៥។ បច្ចុប្បន្ន​ជា​និស្សិត​​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ ឆ្នាំទី៤ ជំនាញ ហិរញ្ញវត្ថុ និង​ធនាគារ និង​ជា​អគ្គ​លេខា​ធិការ​​នៃ​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ ។
ខ្ញុំ​បាទ​ជា​សមាជិក​ស្ថាបនិក​របស់​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ខ្ញុំ​បាទ​រីក​រាយ​ណាស់​ដែល​បាន​មក​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។
សម្រាប់​ពាក្យ​ស្លោក  “រួម​គ្នា​អភិវឌ្ឍន៍​ឧត្តរ​មាន​ជ័យ” ពិត​ជា​បាន​គ្រប​ដណ្តប់​នូវ​ន័យ​សំខាន់​ៗ​ ដែល​បាន​លើក​ទឹក​ចិត្ត​ដល់​យើង​ទាំង​អស់​គ្នា​ដែល​មាន​ដើម​កំណើត និង​ជា​អ្នក​ឧត្តរ​មាន​ជ័យ ហើយ​វា​ស្រប​ទៅ​នឹង​លក្ខន្តិកៈ​របស់​សមាគម​ដែល​បាន​ចែង​ពី​គោល​បំណង​ដូច​ត​ទៅ៖
- ជំពូក ២ មាត្រា ៤ សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​មាន​ទិស​ដៅ៖
1- ផ្ដល់​ការ​ឧបត្ថម្ភ សិស្ស និស្សិត​​​ដែល​មាន​ដើម​កំណើត​នៅ​ឧត្តរ​មាន​ជ័យ ឲ្យ​​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់។
2- ផ្ដល់​ការ​គាំទ្រ​ផ្នែក​សុខភាព​ដល់​ប្រជាពលរដ្ឋ
3-ឧបត្ថម្ភ និង​ផ្តល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​សម​ស្រ​​ប​​តាម​សមត្ថភា​ព​តាម​សេចក្ដី​ត្រូវ​ការ
4- ផ្ដល់​ការ​គាំ​ទ្រ​ផ្នែក​បច្ចេកទេស កសិកម្ម កសិ​ឧស្សា​ហ​កម្ម សិប្ប​កម្ម និង​ជួយ​ស្វែង​រក​ទី​ផ្សារ ។
-ជំពូក​៣ មាត្រា ៥ សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ មាន​គោល​បំណង​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ សង្គមកិច្ច សុខ​​ភាព និង​សុខ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់។
ទឹក​ដី​ឧត្តរ​ពិត​ជា​ទឹក​ដី​ដ៏​ស្រស់​ស្អាត ហើយ​បាន​ផ្ដល់​កំ​ណើ​ត​ដល់​រូប​ខ្ញុំ​​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ចំពោះ​អ្វីៗ​ដែល​ជា​អតីតកាល​របស់​ខ្ញុំ។
ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​ឪពុក​ម្ដាយ និង​លោ​ក​ពូ អ្នកមីង និង​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​ដែល​បាន​ផ្ដល់​ជា​កន្លែង​សម្រាប់​ស្នាក់​នៅ​ទើប​ខ្ញុំ​បាន​មក​ដល់​បច្ចុប្បន្ន​ ។
យោង​សកម្មភាព​ខាង​លើ​ ខ្ញុំ​បាទ​សូម​យ​ក​ឱកាស​នេះ​គោរព​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​មាន​គុណ នួន ឡៃងិន​​ ជា​ទី​គោរព​ដែល​បាន​ផ្ដល់​កំណើត​អោយ​រូប​ខ្ញុំ ហើយ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ និង​ផ្តល់​នូវ​សេចក្តី​ស្រលា​ញ់​​ ព្រម​ទាំង​បាន​ធ្វើ​ពលីកម្ម​គ្រប់​បែប​​យ៉ាង​ដល់​រូប​កូន​រហូត​បាន​បន្ត​ការ​សិក្សា ដោយ​ទទួល​ចំណេះ​ដឹង​ដ៏​ថ្លៃថ្លា។ កូន​សូម​សំដែង​នូវ​កតញ្ញុតាធម៌​យ៉ាង​​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​អ្នក​មាន​គុណ​ជា​ទី​គោរព ។
សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក​ពូ យិន លួត, អ្នក​មីង​ខៀវ សា​ទិក, លោក​ខូ តារាឫទ្ធិ,​ បង​ស្រីឡែន ដែល​ជា​អ្នក​ជួ​យ​ជ្រោម​ជ្រែង ទាំង​ផ្លូវ​កាយ-ចិត្ត និង​ថវិកា​សម្រាប់​ការ​រស់​នៅ​ និង​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​កន្លង​មក ។
សូម​ឲ្យ​គោរព​ជូនពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​ចំរើន​គ្រប់​ពេល​វេលា​៕