Friday, July 15, 2011

ការ​ប្ដេជ្ញា​ដ៏​ធំធេង​របស់​ខ្ញុំ

នាង​ខ្ញុំ​ឈ្មោះ ហោន ចន្រ្ទា មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ។ គ្រួសារ​របស់ នាង​ខ្ញុំ​គឺ​ជា​កសិករ​។ ចាប់តាំង​ពី​នាងខ្ញុំ​មាន​អាយុ​៩​ឆ្នាំ នាងខ្ញុំ​បានចាក​ចេញ​ពី​ឪពុក​ម្ដាយ​មក​នៅ​ផ្ទះ​ម្ដាយ​មីង​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ទី​៣ រហូត ដល់​ថ្នាក់​ទី ព្រោះ​នៅ​ភូមិ​របស់​នាងខ្ញុំ​ពុំ​មាន​សាលារៀន​ទេ គឺ​ភូមិ​ដាច់​ស្រយាល​មែនទែន ណា​មួយ​គឺ​ជា​ភូមិ​ដែល​ទើប​តែ​បង្កើត​ថ្មី។ ការ​ចេញ​ទៅ​បន្ដ​ការ​សិក្សា បាន​ផ្លាស់​ប្ដូរ​ម្ដង​ទៀតនៅ​ពេល​នាងខ្ញុំ​ឈាន​ចូល​ដល់​ថ្នាក់​ទី​១០គឺ​ត្រូវ​មក​រស់នៅ ជា​មួយ​ម្ដាយ​មីង​នៅ​ទី​រួម​ខេត្ត។ ជា​ធម្មតា​ទេ​ការ​ដែល​ចេញ​មក​ស្នាក់​នៅ​ផ្ទះ​ដែល​ មិនមែន​ជា​ផ្ទះ​របស់​ខ្លួន​គឺ​តែង​តែ​ជួប​ប្រទះ​នូវ​ការ​លំបាក​មួយ​ចំនួន​តូច គឺ​យើង​មាន​ការ​ខ្លាច​ចិត្ត​ម្ចាស់​ផ្ទះ ព្រោះ​ពុំ​សូវ​មាន​ពេល​ជួយ​ធ្វើ​កិច្ចការ​ប៉ុន្មាន​ទេ។  ទោះបី​ជា​ការ សិក្សា​មាន​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយក៏​នាងខ្ញុំ​មិន​ដែល​មាន​ចិត្ត​រាថយ​ដែរ ធំ​បំផុត​នោះ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​សម្រេច​គោល​បំណង​របស់​នាងខ្ញុំ។ ពេល​ឈាន​ចូល​មក​សិក្សា​នៅ​ទី​រួម​ខេត្ត​ភ្លាមខ្ញុំ​សង្កេត​ឃើញ​ថា​ការ​សិក្សា​មាន​ការ​រីក​ចំរើន​ជាង​ពី​មុន​ទាំង​ផ្នែក​ភាសា និង​ចំណេះដឹង​ផ្សេង​ៗ ព្រោះ​មាន​សាលា​រៀន បន្ថែមមួយ​ចំនួន​នៅ​ទីនោះ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ការ​សិក្សា​ចេះ​តែ​មាន​ការ ​រីកចម្រើន​ទៅ​មុខ​ជា​លំដាប់ ហើយ​ទាំងនេះ​ក៏​ដោយ​សារ​តែ​ការ​ខិតខំប្រឹងប្រែង​របស់ ខ្ញុំ​ដែរ​។ នៅ​ពេល​ដែល​នាងខ្ញុំ​រៀន​បាន​ដល់​ថ្នាក់​ទី​១២ ក៏​បាន​សម្រេច​នូវ​ការតាំងចិត្ត​របស់​នាងខ្ញុំ​មួយ ​គឺ​នាងខ្ញុំ​បាន​ប្រលង​ជាប់​ជា​សិស្ស​ពូកែ​ថ្នាក់​ខេត្ត ផ្នែក អក្សរសាស្ត្រ​ខ្មែរ។
          នៅ​ពេល​ដែល​លទ្ធផល​ប្រលង​បង្ហាញ​ថា​នាងខ្ញុំ​បាន​ជាប់​អាហារូបករណ៍ ត្រូវ ឡើង​មក​រៀន​នៅ​ភ្នំពេញ​ នាងខ្ញុំ​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​ដំណឹង​មួយដែល ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាងខ្ញុំ​រីករាយ​បំផុត​។ ពេល​ឈាន​ចូល​ភ្នំពេញ​ដំបូង    នាងខ្ញុំ​មិន​បាន​ស្គាល់​នរណា​ម្នាក់​សោះ ហើយ​ក៏​ជា​លើក​ទី​មួយ​ដែរ​ដែល​មក​ទីនេះ ពេល​មក​ដល់​នាង​ខ្ញុំ​បាន​ជួល​បន្ទប់​មួយ រស់​នៅ​ជា​មួយ​មិត្ត​ភក្តិ​អស់​រយៈពេល ១ខែ ដោយ​ជីវភាព​មាន​ការ​ខ្វះខាត​ នាង​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​សុំ​ស្នាក់​នៅ​ក្នុង​សមាគម​និស្សិត​ឧត្តរមានជ័យ។ ពេល​ចូល​មក​រស់​នៅ​ក្នុង​សមាគម​ឃើញ​ថា​បងៗ​ជំនាន់​មុន​សុទ្ធ​តែ​ជា​អ្នក​មាន​បទពិសោធន៍និង ជា​អ្នក​ចេះដឹង​អាច​ផ្ដល់​នូវ​យោបល់​យ៉ាង​ច្រើន​ដល់​នាង​ខ្ញុំ។
ហើយ​​ការ​រស់​នៅ​ទីនេះ​ម្នាក់ៗ​សុទ្ធ​តែ​ខំប្រឹង​ប្រែង​រៀន​សូត្រ។ សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​បាន​បង្កើត​ឡើង ​ក៏​ដោយ​សារ​តែ​ការ​ខិតខំ​ប្រឹង ប្រែង​ស្វែង​រក​ជំនួយ​ពី​ក្រៅ​ប្រទេស​របស់​បងខូ តារាឫទ្ធិ ហើយ​គាត់​តែង​តែ​ណែនាំ​ឲ្យ​ខំ​រៀន ចេះ​ធ្វើ​អ្វី​ៗ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ក៏​ដូច​ជា​អ្នក​ដទៃ កុំ​ខ្ជះខ្ជាយ​ពេល​វេលា​ឥត​ប្រយោជន៍។ ទាំងនេះ​គឺ​ជា​គុណ​បំណាច់​ដ៏​ធំធេងដែល​ពួក​យើង​មិន​អាច​បំភ្លេច​បាន។ ដើម្បី​តប​ស្នង​សង​គុណ​គាត់ក៏​ដូចជា​អ្នក​មាន​គុណ​របស់ខ្ញុំ នាងខ្ញុំ​នឹង​ខិតខំ​រៀន​ដើម្បី​ទទួល​ការងារ​មួយ​ល្អ​សម្រាប់​ជីវិត និង​ជួយ​អភិវឌ្ឍន៍​ខេត្ត​ឧត្តរ​មាន​ជ័យ ដើម្បី​ឲ្យ​មាន​ការ​រីកចម្រើន​ដូច​ខេត្ត​ដទៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា នេះ​គឺ​ជា​អ្វី​ដែល​ នាងខ្ញុំ​តែងតែ​រំពឹង​ទុក។
          ឥឡូវនេះ​នាង​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មហាវិទ្យាល័យ​សង្គមសាស្ត្រ និង មនុស្ស​សាស្ត្រ ដេប៉ាតឺម៉ង់​អក្សរសាស្ត្រខ្មែរ។  ហើយ​ចំពោះ​ជំនាញ​នេះ គឺ​នាងខ្ញុំ​មាន​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង ហើយ​​ក៏បាន ប៉ង​ទុក​ជា​យូរ​មក​ហើយ​ដែរ។ ការ​មក​សិក្សា​ទៅ​ទី​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ឲ្យ​នាងខ្ញុំ​មាន​ការ​អភិវឌ្ឍន៍ និង រីកចម្រើន​ជាង​មុន​ឆ្ងាយ​ព្រោះ​ថា​នៅ​ទី​នេះ​មាន​ បណ្ណាល័យ​សម្រាប់​ស្រាវជ្រាវ មាន​ពេល​សម្រាប់​ពិភាក្សា​ជា​មួយ​មិត្តភ័ក្ដិ ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក មាន​លោក​គ្រូ អ្នកគ្រូ​ដែល​តែងតែ​ផ្ដល់​ឲ្យ​នូវ​ចំណេះ​ដឹង​ទាំងឡាយ​ដែល​គាត់​មាន​និង​មាន​សាលារៀន​បន្ថែម​ច្រើន។        នាងខ្ញុំ​បាន​ប្ដេជ្ញា​រួច​ជា​ស្រេច​ហើយ​ថា​នាង​ខ្ញុំ​នឹង​ខំ​រៀន​ឲ្យ​បាន​ពូកែ ​ទោះ​បី​ជា មាន​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​។ ពិត​ណាស់​ម្នាក់​ៗ​ដែល​បាន​ឈាន​ចូល​មក រៀន​នៅ​ទី​ក្រុង​ភ្នំពេញ​គឺ​មាន​​គោល​បំណង និង ការ​តាំង​ចិត្ត​រៀង​ៗ​ខ្លួន។ ចំណែក​នាងខ្ញុំ​វិញ​ក៏​ដូច​គ្នា​ដែរ ការ​ដែល​ចាក​ចេញ​ពី​ផ្ទះ​មក​បន្ត​ការ​សិក្សា​នៅទីនេះ​គឺ​ចង់​បាន​នូវ​ភាព​ជោគ​ជ័យ ​ដែល​នាង​ខ្ញុំ​តែងតែ​រំពឹង​ទុក​ក្នុង​ចិត្ត​តាំង​ពី​កុមារ​មក​ម្ល៉េះ។
គោលបំណង​ទៅ​ថ្ងៃ​អនាគត​នាងខ្ញុំ​ចង់​ទទួល​បាន​នូវ​ការងារ​មួយ​ដ៏​សមរម្យសម្រាប់​​ជីវិត​របស់​នាង​ខ្ញុំ ចង់​ឃើញ​គ្រួសារ​របស់​នាងខ្ញុំ​មាន​ជីវភាព​ធូរធារ​ជាង សព្វ​ថ្ងៃ​នេះ ចង់​ឃើញ​ខេត្ត​ឧត្តរមានជ័យ​ក្លាយ​ជា​ខេត្ត​មួយ​មាន​ការ​រីកចម្រើន​ខ្លាំង​ទីបំផុត​។ ជា​ពិសេស​បំផុត​នោះ​គឺ​ចង់​ឃើញ​ខ្លួនឯង​មាន​ការងារ​មួយ​ពិត​ប្រាកដ  និង​ក្រុម​គ្រួសារ​មាន​សុភមង្គល មាន​ភាព​សប្បាយ​រីករាយ និង​មាន​ការគោរព​រាប់​អាន​ពី​អ្នក​ដទៃ​។

ភ្នំពេញ ថ្ងៃ​ទី ០៩ ខែ ឧសភា ឆ្នាំ ២០០៩
                                                                 ហោន ចន្ទ្រា