Wednesday, July 6, 2011

ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ​របស់​និស្សិត នួន សីហា

ខ្ញុំ​បាទ​ឈ្មោះ​​​ នួន សីហា ជា​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​នៃកម្ពុ​ជា ​ ឆ្នាំទី​១​​​ ​ផ្នែក​សំណង់​ស៊ីវិល ​​​​​​សព្វ​ថ្ងៃ​បាន​ស្នាក់​នៅ​ក្នុង​​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​ក្នុង​រាជ​ធានី​ភ្នំពេញ មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​មក​រស់​នៅ​ក្នុង​សមាគម​នេះ​ព្រោះ​ខ្ញុំ​បាន​យល់​ច្បាស់ ពី​គោលការណ៍​ដ៏​ល្អ​របស់​សមាគម​ដូច​ជា ជួយ​ជំរុញ​ឲ្យ​​​សិស្ស​ក្រីក្រ​អោយ​មក​បន្ត​ការ​សិក្សា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដោយ​ប្រើប្រាស់​ថវិកា​តិចតួច​បំផុត។ ​ផ្លាស់ប្ដូរ​ភាព​ល្ងឹតល្ងង់​ឲ្យ​មក​ជា​មនុស្ស​ឆ្លាត​វៃ​មើល​ឃើញ​ពី​ភាព​ភ្លឺស្វាង​ ក្នុង​ភព​វិជ្ជា​មាន​ចេះ​សាមគ្គី​គ្នា​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ និង​​​យល់​ដឹង​ពី​ភាព​សាមគ្គី​គ្នា​ព្រម​ទាំង​ភាព​​តស៊ូ​ព្យាយាម​ក្នុង​ជីវិត។
ដូចនេះ ក្នុង​នាម​ជា​និស្សិត​ជំនាន់​មុន  ខ្ញុំ​សូម​ផ្ដល់​យោបល់​ខ្លះៗ ដល់​ប្អូន​ដែល​ត្រៀម​ប្រលង​ខាង​មុខ​​​ និង ជិត​បញ្ចប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​នៅ​ថ្ងៃ​ខាង​មុខនេះ ឲ្យ​មាន​គំនិត​មក​សិក្សា​បន្ត​នៅ​ទី​ក្រុង​ភ្នំពេញ ព្រោះ​ទីក្រុង​ភ្នំពេញ​ជា​ទី​ប្រជុំ​វិជ្ជា​ជីវៈ​ជា​ច្រើន​បែប​ច្រើន​យ៉ាង ​ដែល​យើង​មិន​ធ្លាប់​ស្គាល់ ជា​ពិសេស​ការ​មក​រស់​នៅ​ជា​មួយ​សមាគម​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​ប្អូន​ៗ ព្រោះ​សមាគម​ពួក​យើង​ មាន​ការ​អប់រំ​វិ​ន័យ ការ​ថែ​ទាំ ​របៀប​​​របប​​រស់​នៅ​ជា​​ក្រុម និង ការ​សិក្សា​ឲ្យ​មាន​កម្រិត​ខ្ពស់ ខុស​ប្លែក​ពី​ការ​​រស់​នៅ​ខាង​ក្រៅ​ជាមួយ​មិត្ត​ភក្តិ​ថ្មី​ ឬ​ ជា​មួយ​បង​ប្អូន​សាច់​ញាតិ និង​​​គ្មាន​ការ​ជំរុញ​ឲ្យ​យើង​រៀន​សូត្រ ហើយ​អាច​ឈាន​​​ទៅ​រក​​​ភាព​​​ភ្លើត​ភ្លើន​​​​​​ក្នុង​សង្គម​​​​​ខូច​អនាគត​ជា​មួយ​គ្រឿង​ញៀន រហូត​​​បោះបង់​ការ​សិក្សា។​​​
ជា​ចុង​ក្រោយ ខ្ញុំ​មាន​ពាក្យពេចន៍​សំណូមពរ​​​ ទៅ​ដល់​សិស្សានុសិស្ស​ទាំង​អស់​គួរ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​​​ច្បាស់​ដើម្បី​អនាគត និង​គ្រួសារ​របស់​ប្អូន​ៗ​កុំ​ទុក​ឲ្យ​ពេល​វេលា​កន្លង​ផុត​ទៅ​ដោយ​គ្មានន័យ ​សូម​គិត​ថា​វិជ្ជា​ជា​ទ្រ​ព្យ​ក្នុង​ប្រាណ​ដែល​គ្មាន​អ្នក​ណា​អាច​លួច​បាន​៕