Saturday, July 2, 2011

ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ ​និស្សិត ផល សុផុន

ខ្ញុំ​បាទ​ឈ្មោះ ផល សុផុន ជា​អតីត​សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន​ ឧត្តរមានជ័យ។ ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​ បន្ទាប់​មក​ខ្ញុំ​បាន​ទទួល​​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ជំនាញ​ម៉ាឃីតធីង ឆ្នាំទី២ និង​ចូល​រួម​បម្រើ​ការងារ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សមាគម​និស្សិ​ត​ឧត្តរមានជ័យ​ដែល​មាន​តួនាទី​ជា​អគ្គ​ស្នង​ការ​គណនេយ្យ។
ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​នេះ ព្រោះ​នៅ​ទី​នេះ​គឺ​ជា​បណ្ដុំ​នៃ​ចំណេះ​ដឹង​ការ​រៀន​សូត្រ  និង​ជា​បណ្ដុំ​សេដ្ឋកិច្ច​ការងារ​យ៉ាង​ធំ​ជាង​គេ​នៃ​ប្រទេស​កម្ពុជា។​ ដោយ​បាន​សមា​គម​និស្សិត​ឧត្តរមានជ័យ ផ្ដល់​ជា​កន្លែង​ស្នាក់​នៅ​យ៉ាង​កក់​ក្ដៅ​ដើម្បី​ប​ន្ត​ការ​សិក្សា​នៅ​ទី​ក្រុងភ្នំពេញ។​ ម្យ៉ាង​វិញ​ទៀត ​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​នេះ ​បាន​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​លុយ​​ទៅ​លើ​ ការ​​ចំណាយ​ផ្សេង​​ៗជា​ច្រើន ចំពោះ​សិស្ស និស្សិត​ដែល​បាន​បន្ត​​ការ​សិក្សា​នៅ​ភ្នំពេញ​ដែល​គ្មាន​កន្លែង​ស្នាក់​នៅ ក៏​ដូច​ជា​គ្មាន​បង​ប្អូន​ញាតិ​សណ្ដាន។
ជា​ការ​ពិត​ណាស់ សមាគម​និស្សិត​ឧត្តរ​មានជ័យ​បង្កើត​ឡើង​ដើម្បី​លើក​ស្ទួយ​វិស័យ​អប់រំ​លើក​ស្ទួយ​ខេត្ត ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ​។ ដូច្នេះ​វា​គឺជា​កាតព្វ​កិច្ច​របស់​សិស្ស និស្សិត​របស់​​ខេត្ត​យើង​ដែល​មក​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ដ៏​ដាច់​ស្រយាល​មួយ​នេះ​ ធ្វើ​យ៉ាង​ណា​ដើម្បី​មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​ច្រើន ដើម្បី​យក​ចំណេះ​វិជ្ជា​ក៏​ដូច​ជា​ជំនាញ​​ទាំង​នោះ​ទៅ​ប្រើប្រាស់​ឲ្យ​បាន​សមរម្យ សម្រាប់​លើក​ស្ទួយ​ខ្លួនឯង ក្រុម​គ្រួសារ​និង​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ​។ ​ជា​មួយ​គ្នា​នេះ​ផង​ដែរ​យើង​ត្រូវ រួម​ដៃ​សាមគ្គី​គ្នា​មក​បន្ត​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​ឲ្យ​បាន​ច្រើន និង​​​ខិត​ខំ​រៀន​សូត្រ​គឺ   រួម​គ្នា​អភិវឌ្ឍ​ឧត្តរ​មាន​ជ័យ  និង ប្រទេស​ជាតិ៕