ខ្ញុំបាទឈ្មោះ ហូយ វាសនា ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យមេគង្គ ជំនាញគ្រប់គ្រងទូទៅ ។
ខ្ញុំបាទនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។ អតីតជាសិស្សថ្នាក់ទី ១២ “ D “ នៃវិទ្យាល័យ ហ៊ុនសែន ឧត្តរមានជ័យ។ ហើយខ្ញុំបានប្រលងបញ្ចប់បាក់ឌុបនៅឆ្នាំសិក្សា ២០០៨ - ២០០៩ នៅពេលបញ្ចប់បាក់ឌុប ខ្ញុំមានគោលបំណងចង់បន្តការសិក្សានៅទីក្រុងភ្នំពេញ ទាំងដែលខ្លួនខ្ញុំមិនស្គាល់ភ្នំពេញផង។ តែដោយមានការទំនាក់ទំនងជាមួយនឹង រៀមច្បងដែលសិក្សានៅភ្នំពេញទើបធ្វើឲ្យខ្ញុំអាចមកបន្តការសិក្សានៅទីនេះបានងាយស្រួលមួយកម្រិត។ ពេលដែលបានមកដល់ភ្នំពេញដំបូងឡើយ ខ្ញុំមានអារម្មណ៍រំភើបរីករាយលាយឡំ និងភាពភ័យខ្លាចពីព្រោះមិនស្គាល់ភ្នំពេញច្បាស់។ តែក៏មានភាពប្រសើរឡើងពីព្រោះមានការណែនាំពីរៀមច្បងជាច្រើន ស្ដីពីបញ្ហាផ្សេងៗដែលទាក់ទងការសិក្សា អាហាររូបករណ៏ និង ណែនាំអោយស្គាល់សាកលវិទ្យាល័យនានានៅភ្នំពេញ ។
ហើយចំពោះការរៀនសូត្ររបស់ខ្ញុំវិញ កាលនៅវិទ្យាល័យខ្ញុំរៀនពុំទទួលបានលទ្ធផលល្អ ដោយការរៀនសូត្រមិនសូវយកចិត្តទុកដាក់ ចូលចិត្តការដើរលេងសប្បាយច្រើន និង មិនសូវរៀនបន្ថែម។ ហើយខ្ញុំតែងតែគិតថាការ ដែលរៀននៅសាកលវិទ្យាល័យគឺមានភាពងាយស្រួលជាជាង ការរៀននៅវិទ្យាល័យ។ ផ្ទុយទៅវិញដោយខ្ញុំបានឆ្លងកាត់ការរៀននៅសាកលវិទ្យាល័យកន្លងមក បញ្ជាក់ឲ្យឃើញថា ការរៀននៅសាកលវិទ្យាល័យ គឺទាមទារអោយយើងរៀនច្រើន អានច្រើន ស្រាវជ្រាវអោយបានច្រើន។ មិនតែប៉ុណ្ណោះក៏ទាមទារអោយយើងចេះភាសាអង់គ្លេស និង កុំព្យូទ័រផងដែរទើបការសិក្សារបស់យើងមានភាពល្អប្រសើរ ។
ជាចុងបញ្ចប់នេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយក្រៃលែងដែលបានបញ្ចេញនូវអារម្មណ៍ និង បទពិសោធន៍ដែលបានជួប ជូនដល់បងប្អូន និងមិត្តៗទាំងអស់គ្នា។ បើមិត្តទាំងអស់គ្នាចង់បន្តការសិក្សា គប្បីសួរសំនួរទៅខ្លួនឯងថាចង់រៀនមុខវិជ្ជាឬជំនាញអ្វី? តើអ្នកពូកែលើមុខជំនាញនោះទេ? តើអ្នកចូលចិត្តវាទេ? ធ្វើដូច្នេះដើម្បីជាការសម្រេចចិត្តត្រឹមត្រូវនិងឈានទៅរកការសម្រេចគោលដៅ ៕