ដោយ ហង្ស សាវយុត វិទ្យុអាស៊ីសេរី
2011-04-26
ទាហានខ្មែរ-ថៃ បានប្រយុទ្ធគ្នាជាថ្មីទៀតនៅតំបន់ភ្នំទ្រព្យ និងតំបន់ទល់មុខប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមេសា នេះ។ប្រភពពីយោធាខ្មែរដែលកំពុងប្រចាំការពារព្រំដែននៅតំបន់ប្រាសាទ ព្រះវិហារ បានអះអាងថា ទាហានខ្មែរ-ថៃ បានបើកការប្រយុទ្ធគ្នាជាថ្មី កាលពីវេលាម៉ោងប្រមាណ ១ និង ២០នាទី រសៀលថ្ងៃអង្គារនេះ។
ទាហានខ្មែរមួយរូបដែលប្រចាំការពារនៅតំបន់ទល់មុខប្រាសាទ ព្រះវិហារ បានមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែមេសាថា ការផ្ទុះអាវុធដាក់គ្នានេះ បានចាប់ផ្ដើមឡើងចេញពីតំបន់ទល់មុខភ្នំទ្រព្យ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីប្រាសាទព្រះវិហារ ៖ «ផ្ទុះចាប់ពីសំបុកឃ្មុំ វាលឥន្ទ្រី ភ្នំទ្រព្យទៅច្រកតាសឹម។ បាញ់ធុនធំអស់ហើយត្រឹម DK 75, DK 80 មិល្លីម៉ែត្រ»។
ទាហានខ្មែរម្នាក់ទៀតដែលកំពុងត្រៀមប្រយុទ្ធនៅលើកំពូលភ្នំ ទ្រព្យ បានឲ្យដឹងថា ការផ្ទុះអាវុធដាក់គ្នារវាងទាហានខ្មែរ-ថៃ នៅជិតប្រាសាទព្រះវិហារ បានចាប់ផ្ដើមឡើងបន្ទាប់ពីយន្តហោះចម្បាំងធុន F16 របស់យោធាថៃ បានហោះឆ្វែលក្រឡឹងនៅលើតំបន់ដែលកំពុងប្រឈមមុខដាក់គ្នាដោយកងទ័ព ជាញឹកញាប់មក ៖ «បាទ! កំពុងវាយ កំពុងជាប់ដៃ។ វាយភ្នំទ្រព្យ មុខប្រាសាទ (ព្រះវិហារ) ទាំងអស់។ យន្តហោះវាមកចុះឡើងវាមិនដឹងដាក់អី វាយប្រាវ»។
ប្រភពពីយោធាខ្មែរបានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅជិតតំបន់ប្រាសាទព្រះវិហារ មានរយៈពេលប្រមាណ ៣៥នាទី ប៉ុន្តែទោះយ៉ាងណាគេមិនទាន់បានដឹងពីចំនួនអ្នកស្លាប់ និងរងរបួសនៅឡើយទេ។
ចំណែកស្ថានការណ៍សមរភូមិនៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យវិញ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២២ ខែមេសាមក គឺការប្រយុទ្ធគ្នានៅតែបន្តរហូតមកដល់ថ្ងៃអង្គារ ទី២៦ ខែមេសានេះនៅឡើយ។
កាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បានចាប់ផ្ដើមតាំងពីម៉ោងជាង ៦ល្ងាច ហើយស្នូរកាំភ្លើងរប៉េសរប៉ោះបានបន្តរហូតដល់ម៉ោង ៣ទៀបភ្លឺ ថ្ងៃអង្គារ ហើយចាប់តាំងពីម៉ោងជាង ៨ព្រឹក មានការប្រយុទ្ធគ្នាជាថ្មីទៀត។
ប្រភពពីមន្ត្រីយោធាខ្មែរបានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី កាលពីយប់ថ្ងៃច័ន្ទ និងព្រឹកថ្ងៃអង្គារ បណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់ និងនគរបាលការពារព្រំដែនគោកម្នាក់រងរបួស។
ចំណែកកាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍ថា ទាហានថៃចំនួន ១០នាក់បានរងរបួស។
ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បានចាប់ផ្ដើមបន្តកាលពីរសៀលថ្ងៃអង្គារទៀត ចាប់ពីម៉ោង ២ និង ២៥នាទី ដោយទាហានខ្មែរបានចាប់ផ្ដើមប្រើអាវុធធុន BM21 ក្នុងការប្រយុទ្ធគ្នាល្ងាចថ្ងៃអង្គារនេះ៕