ដោយ : CEN (ថ្ងៃទី 26 មេសា 2011,04:54:PM)
ឧត្តរមានជ័យ: ប្រភពពីសមរភូមិមុខរាយការណ៍ថា ការវាយប្រហារតបតដោយកាំភ្លើងផ្លោងបានកម្ទេចចំគោលដៅយោធាថៃចំនួន៣០ កន្លែងដែលធ្វើឱ្យទាហានថៃកំពុងច្របូកច្របល់។
សូមបញ្ជាក់ ថាកងទ័ពកម្ពុជា នៅសមរភូមិមុខ នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី បានចាប់ផ្តើមប្រើប្រាស់អាវុធធុនធ្ងន់ និងកាំភ្លើងចេញពីរថក្រោះ។
ការសម្រេចចិត្តរបស់កងទ័ព កម្ពុជាដូច្នេះ ក្រោយពីកងទ័ពថៃ បានបង្កហេតុ បន្តវាយប្រហារលើកម្ពុជាផ្ទួនៗ។ កម្ពុជាបានខន្តី មិនប្រើប្រាស់អាវុធធុនធ្ងន់ឡើយ ចាប់តាំងពីថៃ វាយប្រហារ កាលពីថ្ងៃទី២២មេសា ឆ្នាំ២០១១។
មានមូលហេតុ៣យ៉ាងដែល កម្ពុជាសម្រេចចិត្តប្រើអាវុធធុននេះ៖ ទី១ ដោយសារថៃបានបាញ់ផ្សែងពុលដាក់កងទ័ពកម្ពុជា ទី២ ដើម្បីការពារទីតាំងរបស់ខ្លួន និងទី៣ ដើម្បីកុំឱ្យថៃបន្តបាញ់ចូលភូមិប្រជាពលរដ្ឋទៀត។ ក្រោយការបាញ់កាំជ្រួចហ្វូង កាំភ្លើងធំរបស់ថៃហាក់ស្ងាត់បន្តិច ប៉ុន្តែ គេមិនដឹងថា ពួកឈ្លានបានបើកការវាយប្រហារទៀតពេលណាទេ៕