Tuesday, January 25, 2011

បឹង​ស្នោ​ក្រោយ​ឆ្នាំ​១៩៨០

 បឹង​ស្នោ​ក្រោយ​ឆ្នាំ​១៩៨០

 ដោយ សូដា
   ឧត្តរមានជ័យ​ជា​ខេត្ត​មួយ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​ក្រុង​ភ្នំពេញ​ ហើយ​មាន​មនុស្ស​តិច​ណាស់​ ដែល​បាន​ស្គាល់​ និង​បាន​ទៅ​ដល់​​ ហើយ​នឹង​បាន​ឃើញ​ពី​ភាព លំបាក​របស់​អ្នកស្រុក​ហ្នឹង។ ប៉ុន្តែ​នៅ​ពេល​ដែល​ ដែល​អ្នក​បាន​ទៅ​ដល់ អ្នក​នឹង​បាន​ឃើញ​បឹង​ធម្មជាតិ (អ្នក​សំរោង ឬ​អ្នក​ឧត្តរមានជ័យ ហៅថា​​ ត្រពាំង​ស្នោ) និង នៅ​ពេល​ល្ងាច​ឡើង​ បឹង​នេះ​ក្លាយ​ជា​ជម្រក​របស់​សត្វ​ស្លាប​​នា​ពេល​រាត្រី​ ។ សត្វ​នោះ​រួម​មាន​ ប្រវឹក ព្រវែក មាន់ទឹក ....... បាន​បញ្ចេញ​សូរសម្លេង​យ៉ាង​ទ្រហឹង អឹង​កង​ចេញ​ពី​បឹង​នេះ។
      បឹង​ស្នោ​ជា​បឹង​ដ៏​ធំ​មួយ​នៅ​កណ្ដាល​ក្រុង​សំរោង ទី​រួម​ខេត្ត​ឧត្ដរមានជ័យ ដែល​មាន​ទទឹង​ប្រហែល​៨០០ ម៉ែត្រ និង​បណ្ដោយ មួយ​គីឡូ​ម៉ែត្រ​កន្លះ។ បឹង​នេះ មើល​ទៅ​ពុំ​មាន​ដើម​ស្នោ​ទេ មាន​តែ​ដើម​​កក់ ពើក ឬ​ត្រឹប​នៅ​ក្នុង​បឹង។ ពាក្យ​បឹង នេះ មិន​សូវ​ជា​ពេញ​និយម នៃ​ការ​ហៅ​របស់​ប្រជាជន ក្នុង​ក្រុង​សំរោង​ទេ។ ពួក​គាត់​ចូលចិត្ត​ តែ​ហៅ​ត្រពាំង​ស្នោ​ សូម្បីតែ​ក្មេង​តូចៗ​ក៏​ហៅ​ដូច្នោះ​ដែរ​។ ត្រពាំង​នេះ ជា​ជម្រក​ មច្ឆាជាតិ និង​សត្វ​ស្លាប​កាល​ពី​កំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៨០ រហូត​ដល់ ឆ្នាំ​២០០២។ មុន​នឹង​បរិយាយ​រឿង​ដែល​ពាក់ព័ន្ធ​ សូម​និយាយ​ពី​ទី​តាំង​ ស្រះ ចាស់ៗ ដែល​មាន​ក្នុង​ត្រពាំង​នេះ។ នៅ​ពេល​យើង​ចេញ​ពី​ភូមិ​​សំរោង​ចាស់​ពី​មុន តាម​បណ្ដោយ​ផ្លូវ មុខ​វត្ត​ប្រាសាទ​រាជា​សំរោង​ តម្រង​ទៅ​រក​ផ្លូវ​មាត់ ត្រពាំង​ស្នោ​ យើង​និង​មាន​ឃើញ​ដើម​ពោធិ​មួយ​យ៉ាង​ធំ​ ទំហំ​ចំនួន​មួយ​អោប​គ្នា​ពីរ​នាក់។ បន្ទាប់​មាន ស្រះ​ទឹក​មួយ​យ៉ាង​ថ្លា មាន​ទំហំ​ប្រហែល​ ២៥​ម៉ែត្រ បួនជ្រុង ដែល​គេ​​ហៅថា ស្រះ​សៀម។ ស្រះ​សៀម​ មាន​ដើម​ចាន់​រី ​មួយ​យ៉ាង​ធំ​នៅ​មាត់​ស្រះ​ ហើយ និង​ដើម​ដ៏​ទៃ​ទៀត នៅ​ទីនោះ​ផង​ដែរ។ បើ​តាម​ការ​តំណាល​របស់​ចាស់ៗ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រះ​នេះ​ជីក​ដោយ​សៀម​កាលពី សៀម​ត្រួតត្រា​ខេត្ត​របស់​ខ្មែរ​ ហើយ ស្រះ​នេះ​មាន​ជម្រៅ​ជ្រៅ​ណាស់​កាល​ពី​ទើប ជីក​រួច​ថ្មីៗ​។ ចាស់ៗ​ជំនាន់​ពី​មុន​មាន​ការ​ ឈឺ​ចាប់​យ៉ាង​ច្រើន​ ពេល​ដែល​រំលឹក​ពី​អតីត​កាល​របស់​ពួក​គាត់។ មនុស្ស​ជា​ច្រើន ដែល​បាន​ស្លាប់​កាល​ពី សៀម​ត្រួតត្រា​ ដោយ​ចាប់​មនុស្ស​មក សម្លាប់ និង​ចោទ​ពី​បញ្ហា​នេះ បញ្ហា​នោះ។ ការ​សម្លាប់​នេះ​ទៀត​សោត ដោយ​កាត់​ក្បាល​ដោត​លើ​​ឈើ​ ដាក់​ជុំវិញ​ស្រះ​ ដើម្បី​ដល់​ប្រជាជន​ដ៏​ទៃ​ទៀត​ មិន​ឲ្យ​ត​វ៉ា​ប្រឆាំង និង រដ្ឋការ​របស់​សៀម។
     ក្នុង​ត្រពាំង​​ស្នោ​នេះ មាន​ស្រះ​ជា​ច្រើន ដូចជា​ ស្រះ​ព្រះសង្ឃ​រួម​គ្នា​ជាមួយ​ ប្រជាជន​ជីក សម្រាប់​យក​ទឹក​ប្រើប្រាស់​ ស្រះ​លោក​ចៅហ្វាយស្រុក សាត... ។ល។​
ត្រពាំង​ស្នោ​នេះ​ កាល​ពី​ដើម​ឡើយ​គេ​ហៅថា​ ត្រពាំង​ណោង​ស្នោ លុះ​ក្រោយ​ មក ក៏​ហៅ​ថា​ត្រពាំង​ស្នោ ប្រហែល​មកពី​ឈ្មោះ​មុន​វែង​ពេក ហើយ​ប្រជាជន​ចូលចិត្ត ហៅ​កាត់​ដើម្បី​ឲ្យ​ខ្លី ក៏​នៅ​សល់​ដូច​សព្វ​ថ្ងៃ​ទៅ។​ គ្មាន​នរណា​ម្នាក់​ ដែល​ដឹង​រឿង​ពិត​ថា​កើត​ឡើង​មក​យ៉ាង​ណា​ទេ។ ​ហើយ​ក៏​មិន​ដែល​ មាន​នរណា​បាន​ឃើញ​ ត្រពាំង​នេះ​សំបូរ​ដើម​ផ្កា​ស្នោ​ទេ តែ​តាម​ការ​និយាយ​របស់​ចាស់ៗ​ថា កាល​ពី​មុន សំបូរ​ដើម​ស្នោ។ ហើយ​នៅ​ក្នុង​ត្រពាំង តាម​ការ​និយាយ​តៗ​គ្នា​ទៀត មាន​ប្រាសាទ​​មួយ​នៅ​កណ្ដាល​ត្រពាំង​ ហើយ​មាន​ ដំបូក​ជា​ច្រើន​នៅ​ត្រពាំង​នេះ តែ​មាន​ដំបូក​មួយ​ ឈ្មោះ​ថា​ដំបូក​រលីង​​ មាន​គុម្ព​ឫស្សី​បី​គុម្ព​ ហើយ​ជា​រៀង​រាល់​​ថ្ងៃសីល​ កាល​ពី​មុន​គេ​តែង​តែ​លឺ​សំឡេង​ពិណពាទ្យ​និង​ក្រអូប​ក្លិន​ធូប។ ទន្ទឹម​នឹង​មាន​​​ដំបូក​រលីង មាន​ផ្លូវ​បរទេស​កាត់ ក្នុង​ត្រពាំង​ ដែល​គេ​ហៅ​ថា​ថ្នល់​ពពេល។
     ដូច្នេះ​ហើយ​បឹង​នេះ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​ថា ត្រពាំង​ស្នោ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ហើយ​អរូបី​ជំនឿ​ក៏​មិន​ដែល​មាន​នៅ​សល់​ដែរ។ ត្រពាំង​នេះ មាន​រូប​រាង​ថ្មី​ក្រោយពី ឆ្នាំ​២០០២​មក ហើយ​មាន​ទាក់​ទាញ​មិន​ចាញ់​ពី​សម័យ​មុន​ប៉ុន្មាន​ដែរ និង​បង្ហាញ​ពណ៌​បៃតង​ស្រស់​នៅ​កណ្ដាល​ក្រុង​សំរោង៕៚