Tuesday, March 5, 2013

បើក​គោយន្ត​ដឹកឈើ​មក​ធ្វើ​ផ្ទះ​ ជាន់​មីនតោន​ផ្ទុះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​៤​នាក់​

ដកស្រង់ពីគេហទំព័រ​កម្ពុជាថ្មី

M04-k-fullឧត្តរមានជ័យ ​ ៖ ​ប្រជាពលរដ្ឋ​​បើក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ពី​ព្រៃ​យក​មក​ធ្វើ​ផ្ទះ​ជាន់​ មីនតោន​ផ្ទុះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​២​នាក់​និង​២​នាក់​ទៀត​ របួសស្រាល​ ខណៈ​ពេល​គោយន្ត​កន្ត្រៃ​ដឹកឈើ​នោះ​ចៀស​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត។
ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងលិច​ភូមិ​ទួល​ចារ​ ប្រហែល​៤​គីឡូម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ​ទួល​ចារ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។
លោក ​វរសេនីយ៍ត្រី កែវ តាន់ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ បាន​នាំគ្នា​យក​គោយន្ត​ទៅ​ដឹកឈើ​យក​មក​​ផ្ទះ លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ​​ គោយន្ត​កន្ត្រៃ​ដែល​កំពុង​ដឹក​ឈើ​ធ្ងន់​ផង​នោះ ​ក៏បាន​ចៀស​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត។ ប្រភព​បន្ត​ថា ពេល​ចៀស​នោះ​ស្រប​ពេល​ដែល​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​បណ្ដាល​ឲ្យ​ដី​ស្រុត​ផង ​​ ទើប​គោយន្ត​កន្ត្រៃ​បើក​ជាន់​មីនតោននោះ​ក៏​ផ្ទុះ​ប៉ើង​ទាំង​មនុស្ស ​ទាំង​ឈើ​ពេញ​ផ្លូវ​តែម្ដង។
លោក ​អធិការ​បន្ត​ទៀត​ថា មីន​ទាំង​អស់នោះ គឺ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ហើយ​នៅពេល​បច្ចុប្បន្ន​មីន​នៅក្នុង​ស្រុក​ត្រពាំង​ប្រសាទ​យើង​នេះ​សល់​ ច្រើនណាស់ ដែល​វា​កប់​នៅក្នុង​ដី​ជ្រៅ​ពេក លោក​រាវរក​មិនឃើញ។ បន្ត​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​រង​របួស​ទាំង​៤​នាក់​នោះ​ទី​១. ឈ្មោះ សំណុម ​ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ចារ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ មុខរបរ​ធ្វើ​ចំការ​របួសធ្ងន់ ២. ឈ្មោះ សុន ផល ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​របួសធ្ងន់ ៣.​ឈ្មោះ ពេ​ជ រើ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា របួសស្រាល ៤. ឈ្មោះ ណុំ សាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា របួសស្រាល។ អ្នក​រង​របួស​ធ្ងន់​ចំនួន​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ខេត្តសៀមរាប៕
ចាន់​ធី