Thursday, March 22, 2012

របៀប​ធ្វើ​ទ្រូ​កំពោង ​ឬ ទ្រូ​ក្បួច


សូម​ប្រិយមិត្ត​ជា​ទី​ស្រលាញ់​ និង​ជា​ទី​រាប់​អាន​ដ៏​ជ្រៅ​ជ្រះ​ពី​ខ្ញុំ​បាទ  ថ្ងៃនេះ​យើង​ខ្ញុំ​និង​ធ្វើ​ការ​ថ្លែង​អំពី​រឿង​មួយ​ ដែល​អ្នក​នៅ​តាម​ទីក្រុង​មិន​ដែល​ធ្លាប់​ជួប​និង​មិន​ធ្លាប់​រស់​នៅ​តំបន់​ស្រុក​ស្រែ រឺ ជនបទ​ដែល​ជា​ទី​រស់​យ៉ាង​ស្រណុក​របស់​កសិករ​គ្រប់​រូប​ ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ទៅ​តាម​សមា​អាជីវ​ ដែល​ខ្លួន​ធ្លាប់​ប្រកប​តាំង​តែ​ពី​បុព្វ​បុរស​មក​ម្ល៉េះ ​មុខរបរ​នោះ​គឺ​ការ​ដាក់​ទ្រូ​យក​ត្រី​ ដើម្បី​ធ្វើ​ជា​ម្ហូប​ចិញ្ចឹម​ជីវិត  ដូច្នេះ​ខ្ញុំ​និង​ធ្វើការ​ថ្លែង​រាយ​រាប់​អំពី​របៀប​ធ្វើ​ទ្រូ​ក្បួច​ឲ្យ​អ្នក​បាន​យល់​និង​ បាន​ស្គាល់​អ្វី​ដែល​ប្លែក​និង​ទាន់​សម័យ​ពី​ការ​ធ្វើ​ទ្រូ​ជំនាន់​មុន​ហើយ​និង​សម័យ​ឥឡូវ​ ដើម្បី​រំលឹក​ដល់​នាក់​ស្រលាញ់ និង​ស្នេហា​ប្រពៃណី​ខ្មែរ​យើង  ឥឡូវ​យើង​បែរ​មក​រៀបរាប់​ពីរ​បៀប​ធ្វើ
ដំបូងៈ
ជំហាន​ទី​មួយ​យើង​ត្រូវ​រៀប​ចំ​ឧបករណ៍​ដូចជា​កាំបិត​ខ្វែវ  កាំបិត​បន្ទោះ និង​ក្រណាត់​ដើម្បី​រុំ​ចង្អុល​ដៃ​ខាង​ស្ដាំ​កុំ​ឲ្យ​ឫស្សី​មុត​ រឺ សឹក​ដៃ​រួច​រក្សា​វា​ទុក  បន្ទាប់​មក​ទៅ​កាប់​ឫស្សី។
នៅ​ក្នុង​ការ​ជ្រើស​យក​ដើម​ឫស្សី​​ចាស់ និង មាន​ទំហំ​ធំ​ៗ​ហើយ​មាន​បំពង​ ឬ ថ្នាំង​វែងៗ  រួច​យក​វា​ទៅ​ពុះ​យក​សាច់​ណា​ដែល​ល្អ​ឲ្យ​ទៅ​ជា​ចម្រៀក​តូច ​យើង​មិន​ត្រូវ​យក​ឫស្សី​ដែល​មាន​ភ្នែក​ទៅ​បិត​នោះ​ទេ  ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ទ្រូ​មិន​ល្អ ហើយ​មើល​ទៅ​មិន​ស្អាត​ទៀត​ផង​នៅ​ពេល​យើង​ពុះ​ជា​ចម្រៀក​តូច​ៗ​រួច​យក​វា​ទៅ​បិត​អោយ​មូល​តូច នៅ​ពេល​យើង​បិត​ត្រៀម​ទ្រូ​រួច​ហើយ ​យក​វា​ទៅ​រួល​ផ្សែង​ភ្លើង​ឲ្យ​សាច់​របស់​វា​ឡើង​ពណ៌​ក្រហមក្រមៅ ​ហើយ​រក្សា​ទុក​ពីរ​ទៅ​បី​ថ្ងៃ​ដើម្បី​ ឲ្យ​អោយ​ត្រៀម​ទ្រូ​មាន​ភាព​រឹង​ខុស​ពី​លំនាំ​ដើម  បន្ទាប់​មក​យើង​ទៅ​រក​បោច​វល្លិ (វល្លិ​ជុច) ឬ ជក់​ត្នោត និង​រក​ខ្នង់​ទ្រូ​ដែល​យើង​ជ្រើស​រើស​យក​ដើម​ត្រៀល រឺ ដើម​ត្រឡុមពែ និង​ដើម​ខ្សួស​ចាស់​ហើយ​ល្អ​ៗ តែ​បើ​សិន​ជា​គ្មាន​ជា​វល្លិ​យើង​អាច​ទិញ​ខ្សែ​លីឡុង​មក​ជំនួស​វល្លិ​ក៏បាន  បើ​សិន​យើង​ក្រង​និង​វល្លិ​ត្រូវ​ជ្រើស​រើស
 យក​វល្លិ​ណា​ដែល​ល្អ​ហើយ​ចាស់​ៗ​។
របៀប​ក្រងៈ  យើង​ត្រូវ​ក្រង​ធ្វើ​ជា​រាង​ក្បាល​ទ្រូ​រួច​កាត់​ឫស្សី​បំពង​ធំៗ​រឺ​បំពង​កាវ​សម​ល្មម​និង​មាត់​ទ្រូ​ រួច​ដាក់​វា​ទៅ​និង​មាត់​ទ្រូ​ហើយ​ក្រង​វា​ភ្ជាប់​គ្នា​។ បន្ទាប់​មក​ត្រូវ​ពត់​ខ្នង់​ចង​និង​ឫស្សី​រួច​ទាញ​អោយ​ត្រៀម​ទ្រូ​បែក​គ្នា​ ដើម្បី​ក្រង​ធ្វើ​ជា​រាង​ទ្រូ​កម្ពោង​រួច​ យើង​ក្រង​បន្តើៗ​ដាក់​ខ្នង់​តាម​កន្លែង​សម​គួរ​ហើយ​យើង​ត្រូវ​បិត​កន្ដាប់​ដើម្បី​ក្ដាប់​តាម​ខ្នង​នី​មួយ​ៗ​កុំ​អោយ​វា​ខូច​ទ្រង់ទ្រាយ​ទ្រូ​ បន្ទាប់​មក​យើង​ក្រង​បង្រួម​ធ្វើ​រាង​គូថ​ខ្យង​ដើម្បី​បញ្ចប់​វា។ ហើយ​យើង​ត្រូវ​យក​ឫស្សី​មក​បិត​ជា​ថ្មី​ដើម្បី​ធ្វើ​ប្រើស​។ ការ​ក្រង​ធ្វើ​ប្រើស​គឺ​យើង​ត្រូវ​ច្រៀក​វល្លិ​ជា​ពីរ​ដើម្បី​ក្រង​អោយ​ញឹក​កុំ​អោយ​ត្រី​ចេញ ហើយ​វា​ជា​កន្លែង​ត្រី​ចូល។ ការ​ដាក់​ប្រើស​យើង​ត្រូវ​ចោះ​ទ្រូ​ចំ​កណ្ដាល​ ហើយ​ជិត​គ្នា​ ដោយ​ដាក់​ប្រើស​មួយ​ទៅ​មុខ និង​ មួយ​ទៀត​ទៅ​ក្រោយ នៅ​​ចន្លោះ​ខ្នង់​មួយ​។ ការ​ចោះ​ដាក់​ប្រើស​នេះ ទៀត​សោត​ត្រូវ​ចោះ​ដាក់​នៅ​ចន្លោះ​ខ្នង់​ទី​ពីរ​រៀប​ពី​ក្បាល​ទ្រូ​។​
ថ្ងៃទី០២ ខែមករា  ឆ្នាំ២០១២
និពន្ធដោយ   បូ វិណៃ