រូបស្រែចិត្តក្រុងសូមមិត្តយល់
ដៃកាន់នង្គ័លប្រែកាន់ប៊ិច
ក្តាមខ្យងស្រុកស្រែមិនដែលភ្លេច
ខ្ញុំចាំជានិច្ចក្រុងភ្នំពេញ។
អាសូរវាលស្រែកញ្រ្ជាំងថ្មី
អង្ករសខ្ចីស្រីធ្លាប់ទិញ
ភ្លើងឆេះកញ្រ្ជាំងទឹកថ្លុករីង
កង្កែបនាំហ៊ីងហែលហ៊ឺហារ។
ខែប្រាំក្តៅខាំងស្លឹកឈើជ្រុះ
ក្រុងល្បីឮឈ្មោះពួកតារា
ខែចែត្រជួបជុំមិត្តសង្សារ
ជំរះកាយាកំពង់សោម។
ខ្ទមស្រែកំសត់បាំងកម្តៅ
ផ្ទះថ្មចោរនៅជាន់លើក្រោម
សំឡល្វែឆ្ងាញ់ប្រហុកម្អម
ស្រីក្មេងតាថ្នមជួយផ្គត់ផ្គង់។
ខ្ញុំចេញពីស្រុកសែនអាល័យ
ចង់ប្តូរនិស្ស័យមកទីក្រុង
ខិតខំរៀនសូត្រគិតបំរ៉ុង
ប្តូរស្រែចូលក្រុងមើលបណ្ឌិត។
ខ្ញុំជាអ្នកស្រែត្រូវតែយល់
សាងស្ពាន់ទៅដល់ត្រៀមរៀបចិត្ត
ដើម្បីជោគជ័យក្នុងជីវិត
ប្រាណក្រមែនពិតមិនដែលស្អប់។
ពាក្យថាជីវិតមានន័យជ្រៅ
វែងឆ្ងាយដូចផ្លូវមើលមិនចប់
បើគិតមិនដល់សែនថុញថប់
ឈឺក្បាលឆ្គួតឡប់ព្រោះតែល្ងង់។
អ្នកស្រែច្រូតស្រូវហាលថ្ងៃក្តៅ
អ្នកក្រុងគិតទៅចាំរាប់ខ្ទង់
ផាក់វែនស្តៅម្លួកប្រហុកចង់
អង្ករការ៉ុងលក់មិនឈប់។
ខ្ញុំជាកូនខ្មែរស្រែធម្មជាតិ
ក្រុងកាត់មាយាតបែបអ៊ឹរ៉ុប
រៃអរស្រែកច្រៀងមិនចេះចប់
ចង្រិតដើរយប់កើតគ្រឿងខ្លែម។
ជាចុងបញ្ចប់ខ្ញុំន័យ
ឱ្យមិត្តប្រុសស្រីស្រស់ស្រអែម
គិតគូរឱ្យយល់កុំវង្វេង
អ្នកស្រែនេះឯងកម្លាំងក្រុង៕៚
ប៉ាវ ចន្រ្ទា