(បទពាក្យកាកគតិ)
ខ្ញុំសូមថ្លាថ្លែង
បកស្រាយសំដែង
អំពីបញ្ហា
ដែលកើតមានពិត
លើគ្រប់រូបា
លើលោកនេះណា
ពីការហាមប្រាម ។
កុំឲ្យឈឺឆ្អាល
គិតរឿងឈឺក្បាល
ចាក់រុកដៀមដាម
ឲ្យគ្រួសារគេ
ទាស់គ្នារហាម
ព្រោះតែជឿតាម
ពាក្យមិនពិរោះ ។
កុំគិតប្រយោជន៍
ខ្លួននាំអាសោច
មានដល់កេរ្តិ៍ឈ្មោះ
គិតតែចង់បាន
មិនប្រមាណព្រោះ
ចង់បានតែឈ្មោះ
កេរ្តិ៍ឯងឲ្យល្បី ។
កុំចងពារគេ
ក្រែងឈឺចាប់ទ្វេរ
មកលើខ្លួនក្ដី
ត្រូវគិតពីគេ
កុំរិះរេអី
ក្រែងឈឺចាប់ក្រៃ
គ្មានថ្ងៃល្ហែល្ហើយ ។
កុំគិតបង់បោះ
ពីរឿងទាំងអស់
ដែលបានធ្វើហើយ
ទោះពិបាកក្ដី
យើងកុំកន្តើយ
ត្រូវធ្វើឲ្យស្បើយ
ស្រលះពីចិត្ត ។
កុំកេងប្រវ័ញ្ញ
គិតរឿងស្អប់ខ្នាញ់
មានដល់ញាតិមិត្ត
ត្រូវចេះស្រឡាញ់
ថ្នាក់ថ្នមល្អពិត
កុំមានគំនិត
គិតខិលធ្វើបាប ។
កុំចេះតែថា
លាក់ពុធសាវតា
ថាខ្លួនស្អាតបាត
ត្រូវហ៊ានស្មោះត្រង់
សារភាពសង្វាត
ត្រដាងថាស្អាត
ខ្លួនពិតល្អក្រៃ ។
កុំថាតែមាត់
ទង្វើតាមគាប់
នោះខ្លួនឆ្លាតវៃ
ដោះស្រាយឲ្យច្បាស់
កុំមានសង្ស័យ
ដើម្បីប្រពៃ
កិត្តិយសថ្លៃថ្លារ ។
កុំមានអំនួត
ប្រឹងប្រែងខំអួត
បញ្ចេញវាចា
ថាខ្លួនខ្លាំងពិត
គិតមានមុសា
នោះទើបជាការ
ប្រពៃល្អពិត ។
កុំភូតភរគេ
បោកប្រាស់ហូហែ
តាមចំនង់ចិត្ត
ធ្វើបាបគេឯង
គ្មានក្រែងអាណិត
ធ្វើឲ្យញាតិមិត្ត
នឹកគិតស្អប់ណា ។
កុំដើរតែលេង
លង់តែនិងល្បែង
លេងតែនិងស្រា
លង់តែនិងស្រី
លៃជក់កញ្ឆា
ស្រវឹងកាលណា
ឬកពារកោងកាច ។
កុំខ្ជិលសិក្សា
ខំប្រឹងធ្វើការ
ទើបមានអំណាច
ធ្វើអ្វីល្អៗ
ខិតខំបាចសាច
នោះទើបកើតប្រាជ្ញ
បណ្ឌិតពិតៗ ។
កុំកុំកុំកុំ
កុំធ្វើឬកធំ
តម្លើងគំនិត
កុំលើកកម្ពស់
ឡើងហួសភាពពិត
ត្រូវចេះក្រែងចិត្ត
មនុស្សដទៃ ។
ខ្ញុំសូមវាចា
តែត្រឹមនេះណា
ព្រោះខ្ញុំនៅខ្ចី
សូមជូនពរមិត្ត
ឲ្យសុខថ្លាថ្លៃ
មានដល់គ្រប់វ័យ
ចំរើនគ្រប់គ្នា ៕
ស្ងាម ក្រឹម