ដកស្រង់ពីគេហទំព័រ CEN
|
តួប្រាសាទដៃកីដែលសល់ស្លាកស្នាមខ្លះ |
មានប្រាសាទបុរាណខ្មែរមួយឈ្មោះ "ដៃកី" ស្ថិតលើខ្នងភ្នំដងរែក ចំនុចលើផែនទី UA 173861។ ប្រាសាទនេះស្ថិតនៅខាងត្បូងបង្គោលព្រំដែនលេខ 22B ជិត១គីឡូម៉ែត្រ (ក្នុងទឹកដីកម្ពុជា) និងនៅខាងជើងផ្លូវយុទ្ធសាស្ត្រព្រំដែនកម្ពុជាប្រមាណ ៣០០ ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។វាមាន ចម្ងាយប្រមាណ ៤ គីឡូម៉ែត្រ ខាងលិចទីប្រជុំជនភូមិថ្មដូន ។
កម្ពុជាត្រួតត្រាទាំងស្រុងលើប្រាសាទបុរាណខ្មែរនេះ ក្នុងអំឡុងពេលដែលកងវិស្វកម្មអគ្គបញ្ជាការ ខ.ភ.ម ស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កាលពីចុងឆ្នាំ ២០០៨ កន្លងមក ពោលគឺ ក្រោយពីកងកម្លាំងសៀមបានឈ្លានពាន និងប៉ុនប៉ងឈ្លានពានចំណែកខ្លះនៃបូរណភាពដែនដីកម្ពុជា កាលពីខែកក្កដា ២០០៨ ។
|
អណ្ដូងបុរាណនៅប្រាសាទដៃកី |
ប្រាសាទនេះត្រូវបានកងទ័ព និងប្រជាពលរដ្ឋកម្ពុជាស្គាល់ជាយូរមកហើយ ប៉ុន្តែគេគ្មានលទ្ធភាពឈរជើងការពារជាប្រចាំនោះទេ ព្រោះគ្មានផ្លូវ និងគ្មានអំណោយផលក្នុងការឈរជើង ព្រមទាំងជាតំបន់ចំការមីនផង ។
ប្រាសាទស្ថិតនៅចន្លោះក្រុមប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺនៅ ៦ គីឡូម៉ែត្រ ខាងកើតប្រាសាទតាមាន់ និង ៤ គីឡូម៉ែត្រខាងលិចប្រាសាទតាក្របី ។ វាជាប្រាសាទលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-សៀម នៅក្នុងទឹកដីកម្ពុជា ។
|
កងទ័ព និងនគរបាលកម្ពុជាល្បាតនៅប្រាសាទដៃកី |
ប្រាសាទនេះ មានទំហំតួប្រហែល ១២ ម៉ែត្រ គុណនឹង ១២ ម៉ែត្រ ។ ជាប្រាសាទធ្វើពីថ្មបាយក្រៀម លាយថ្មភក់ហើយអាចកសាងក្នុងចុងស.ត ទី១២ ដំណាលនឹងការកសាងប្រាសាទតាមាន់ និងប្រាសាទតាក្របីដែរ ។ គេឃើញនៅសល់ថ្មខឿនប្រាសាទពីថ្មបាយក្រៀម លាយថ្មភក់ និងថ្មភក់ជា យោនី ៣ ដុំ នៅទិសនិរតីប្រាសាទ ព្រមទាំង មានរណ្តៅរាងជាអណ្ដូងបុរាណចំនួន ២ នៅទិសខាងលិចប្រាសាទ ២០ ម៉ែត្រ ។
អណ្ដូងនោះ ដូចគ្នាបេះបិទនឹងអណ្ដូងបុរាណនៅប្រាសាទអ៊ុត លើខ្នងភ្នំដងរែកនៃព្រំដែន នាភូមិរំដួល ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ (ខាងលិចប្រាសាទតាមាន់ជិត ២០ គីឡូម៉ែត្រ) ។
ប្រាសាទនេះគ្របពីលើដោយព្រៃស្មោងតូចៗ ។ គេសង្ស័យថា ពីមុនមានដើមឈើធំៗតែត្រូវគេកាប់អស់ ។ មុនការស្ថាបនាផ្លូវយុទ្ធសាស្ត្រព្រំដែន គេពិបាកនឹងរកឃើញប្រាសាទនេះណាស់ ដោយសារស្ថិតលើខ្នងភ្នំ និងព្រៃជ្រៅ ។
|
ថ្មចម្លាក់យោនីនាងឧមា នៅប្រាសាទដៃកី |
មុននេះគេច្រឡំប្រាសាទដៃកីនេះថា ប្រាសាទនាងលាក់ ដែលស្ថិតក្បែរប្រាសាទតាក្របី ភូមិថ្មដូន ឬខាងជើងភូមិបុស្សធំ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ។ ប្រាសាទនាងលាក់ មានរឿងនិយាយតៗគ្នាថា ទាល់តែមនុស្សវង្វេងទើបបានជួបប្រាសាទនោះ ។ តែបើបានឃើញហើយ ទោះចង់ទៅរកម្ដងទៀត ក៏រកពុំឃើញដែរ ហេតុនេះហើយទើបគេឲ្យឈ្មោះថា ប្រាសាទនាងលាក់ ៕