(បទពាក្យ៧ ស្មូត្របែបកុមារបាល)
ថ្មប្រឹង ខាំមាត់ អត់មិនថ្ងូរ
ទឹកភ្នែកជ្រែកហូរ មិនជេរជាង
ទ្រាំឲ្យដាប់ឆ្លាក់ ឆ្លាស់រូបរាង
រូងខួងផ្អងផ្អៀង កៀងឲ្យល្អ ។
ថ្មប្រឹង សម្លឹង ស្លឹងស្លក់ភ្នែក
មិនមានពេលដេក រែកមិនត
ប្រឹងសើចញញឹម ដាក់ទេចរណ៍
ហៅចូលបន្ត ចរបណ្តាក់ ។
ថ្មប្រឹង ជ្រែងឈរ បង្ហាញប្រាង្គ
វប្បធម៌តំណាង តាងសស្រាក់
ល្វតល្វន់ទន់ភ្លន់ ធន់អនគ្ឃ
ខេមរាសិល្បៈ ឆ្លាក់ប្រណីត ។
ថ្មប្រឹង មិនរា ទោះក្តៅហែង
ភ្លៀងផ្គរក្តែងៗ ផ្សែងវិបរិត
ឈឺគ្រុនរងារ ទុក្ខរួបរិត
ទោះក្ស័យជីវិត ពិតថ្មព្រម ។
ថ្មប្រឹង មិនខឹង នឹងជនខ្លៅ
មួយក្តាប់តូចខ្មៅ យល់មិនល្មម
លបលួចអាដាប់ ថ្មខូងស្គម
រូបកាយទ្រុឌទ្រោម ធ្លាក់ពិការ ។
ថ្មប្រឹង បង្ហាញ អន្តរជាតិ
ផ្តល់សារ សាសាន៍ទៀត ជ្រៀតខេមរា
មានគោលវប្បធម៌ ធន់ថ្លៃថ្លា
ចង់ចូលទស្សនា ខ្មែរបុរី ។
ថ្មប្រឹង ម្លឹងហើយ ឳ!កូនខ្មែរ
កុំឡើយភ្លេចថែ ស្នេហ៍ដែនដី
វប្បធម៌សិល្បៈ ប្រពៃណី
ស្ទួយខ្មែរបុរី ល្បីថ្កើងថ្កាន ៕
ភ្នំពេញ,ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០០៩