Thursday, July 5, 2012

ស្ថាន​ភាព​ស្ពាន​អូ​ជីក​និង​អ្នក​តា​ស្ពាន​


ស្ពាន​អូស​ជីក​មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​ជើង​ទៀន ​ស្រុក​ចុង​កាល់​ដែល​មាន​ទី​តាំង​ជាប់​និង​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​សៀមរាប​ ស្ពាន​នេះ​ជា​ស្ពាន​ចាស់​បុរាណ​មួយ​ដែល​ធ្វើ​ពី​ថ្ម​ ភ្ហក់ លាយ​ថ្មបាយក្រៀម ប្រវែង​១៥១​ម៉ែត្រ ទទឹង​ ១៧ម៉ែត្រ​ កម្ពស់៩ម៉ែត្រ​ និង​រន្ធ​បង្ហូរ​ទឹក​ចំនួន៣៥​ ​ កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ័ន្នទី៧ ក្នុង​ចន្លោះ​សតវត្ស​ទី១២ និង ទី១៣​ នៃ​គ.ស ហើយ​មាន​ប្រ​វែង​វែង​ជាង​គេ ក្នុង​ចំណោម​ស្ពាន​បុរាណ​នៃ​ប្រទេស​កម្ពុជា និង​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​។ ​ស្ពាន​នេះ​គ្រប់​ដណ្ដប់​ទៅ​ដោយ​ព្រៃ​ឫស្សី​និង​ព្រៃ​ឈើ​ធំ​តូច​ដុះ​ក្បែ​រមាត់​ផ្លូវ​ដែល​មាន​ម្លប់​ត្រ​​ឈឹង​ត្រ​ឆៃ​ ធ្វើ​អោយ​ស្ពាន​មាន​ភាព​​ស្ងប់​ស្ងាត់ ​នៅ​ពេល​​រដូវ​ប្រាំង​ស្លឹក​ឈើ​រុះ​រោយ​ធ្លាក់​ទៅ​លើ​ដង​ផ្លូវ​ហើយ​មាន​ស្លឹក​ថ្មី​លាស់​ដ៏​ខៀវ​​ស្រងាត់​ នៅ​ពេល​ជិត​ដល់​រ​ដូវ​ចូល​ឆ្នាំ​មាន​សត្វ​​រ៉ៃ​យំ​កំដរ​ម្ចាស់​ស្ពាន ​ដែល​ធ្វើ​អោយ​មាន​សភាព​ភ័យ​ខ្លាច​នៅ​ពេល​ដើរ​ម្នាក់​ឯង​ ហើយ​នៅ​ក្នុង​ប្រឡោះ​នៃ​ស្ពាន​សម្រាប់​ទឹក​ហូរ​​មាន​ភាព​ស្ងាត់​​ជ្រងំ​មើល​មិន​ឃើញ​អ្វី​សោះ​ ប៉ុន្តែ​នៅ​ពេល​រដូវ​វស្សា​ទឹក​ឡើង​ពេញ​រន្ធ​ស្ពាន​កំប៉ោក​ផុស​ឡើង​រីក​ផ្កា​ពណ៌​ខៀវ​ស្រងាត់ ​នៅ​ពេល​រដូវ​ភ្ជុំ​បិណ្ឌ​​ប្រជា​ជន​ប្រុស​ស្រី​ធ្វើ​ដំ​​ណើរ​ទៅ​ទស្សនា​ទេស​ភាព​​មាត់​ស្ពាន​ហើយ​បន្ត​​ទៅ​លេង​ស្ទឹង​អូស​ជីក​​មួយ​ក្រុម​គ្រួសារ​និង​បង​ប្អូន​ គូ​សង្សារ​យ៉ាង​កោះ​ករ​។​ នៅ​ខាង​ត្បូង​នៃ​​ស្ពាន​មាន​​​ដើម​ឈើ​ខ្ពស់​ស្រោង​ៗ​បែក​មែក​សា​ខា ​នៅ​ក្រោម​ដើម​មាន​ខ្ទម​ខ្មោច​ដែល​គ្មាន​ញាតិ​មិ​ត្ត​យក​ទៅ​ធ្វើ​បុណ្យ​ឡើយ​ដែរ​ពួក​អ្នក​ស្រុក​ហៅថា​ ខ្មោច​​តៃ​ហោង​ ហើយ​នៅ​ខាង​ជើង​ស្ពាន​ក៏​មាន​ដើម​ពោធិ៍ ​ដែល​សំបូរ​ទៅ​ដោយ​ព្រាយ​បិសាច​ដែល​ក្បែរ​នោះ​មាន​អូរ​មួយ​ប្រជាជន​តែង​តែ​ហៅ​អូរ​ជីក​ៗ​ ដែល​មាន​ប្រវែង​ប្រមាណ​ជា2​គីឡូ​ម៉ែត្រ​​នៅ​ក្បែរ​ដើម​ពោធិ៍​មាន​សាលា​ឆ​ទាន​មួយ​សម្រាប់​អោយ​អ្នក​ដំណើរ​សម្រាក​។ កាល​ពី​សម័យ​សង្គ្រា​ម ក​ន្លែង​នេះ​ជា​បន្ទាយ​ទាហាន​​មួយ​កង​តូច​​​សម្រាប់​យាម​​និង​ជា​កុង​ត្រូល​កាក់​យក​លុយ​ពី​ឡាន​ដឹក​ទំនិញ​នា​នា​ ហើយ​ជា​កន្លែង​ការពារ​បន្ទាយ​ធំ​ដែល​មាន​ទី​តាំង​ជាប់​និង​ស្ទឹង ​លើស​ពី​នេះ​ទៅ​ទៀត​ស្ទឹង​មាន​ជម្រៅ​ជ្រៅ ​ហើយ​នៅ​ពេល​ទឹក​ស្រក​ប្រជាជន​នាំ​គ្នា​នេសាទ​ត្រី​យក​មក​ធ្វើ​ម្ហូប​ផ្សេង​ៗ​ដូច​ជា៖ យក​ទៅ​លក់​ ធ្វើ​ប្រហុក ​ត្រី​ជូរ​ ត្រី​ងៀត​ ដើម្បី​ទុក​ញ៉ាំ​​នៅ​រដូវ​ប្រាំង ​ជា​ពិសេស​ស្ទឹង​មាន​ភាព​ស្រស់​ស្អាត​នៅ​រដូវ​ក្ដៅ​គឺ​មាន​ឆ្នេរ​ខ្សាច់​ពណ៌​លឿង​ចម្រុះ​គ្នា​ជា​មួយ​​កូន​ឈើ​តូច​ធំ​មាន​ម្លប់​ល្អ​គ្រប់​ដណ្ដប់​ខ្សាច់​។ នៅ​ពេល​នោះ​ប្រជា​ជន​អាច​យក​ខ្សាច់​ទៅ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត​បាន​ ប៉ុន្តែ​ស្ពាន​នេះ​ជា​​កន្លែង​សម្លាប់​មនុស្ស​ផង​ដែរ​។​ មាន​រឿង​ច្រើន​ដែល​កើត​ឡើង​នៅ​ស្ពាន​បុរាណ​នេះ​ ដូច​ជា​មាន​អ្នក​ស្លាប់​ដោយ​គ្មាន​ស្លាក​ស្នាម​ធ្វើ​អោយ​មនុស្ស​​ឆ្កួត​និង​រោយ​សក់​។
មាន​លោក​អ៊ំ​ម្នាក់​​ភេទ​ប្រុស​រស់​នៅ​ភូមិ​ត្រំ ​ខេត្ត​សៀម​រាប​គាត់​បាន​​ពោល​ប្រាប់​​អ្នក​ស្រុក​ នៅ​ពេល​គាត់​ជា​ពី​ជម្ងឺ ​នៅ​ប្រមាណ​ជា​ម៉ោង​​៤រ​សៀល​ គាត់​មាន​គម្រោង​មួយ​ថា​ទៅ​យក​​ស្រូវ​ពូជ​នៅ​ភូមិ​ព្រៃ​នគរ​ ​គាត់​ត្រលប់​មក​វិញ​​នៅ​ម៉ោង​៦​ល្ងាច​។ នៅ​ពេល​គាត់​មក​ដល់​ស្ពាន​បាន​ឃើញ​សត្វ​ពស់​​មួយ​យ៉ាង​ធំ​នៅ​កាត់​ទទឹង​ផ្លូវ​ គាត់​ភាំង​ស្មារតី​ធ្វើ​អោយ​ម៉ូតូ​របស់​គាត់​ដួល​អែប​​និង​មាត់​ស្ពាន​ គាត់​ក្រោក​ឡើង​ឆោ​ឡោ​ទៅ​ក្រោយ​វិញ​រហូត​ដល់​ស្ពាន​ដែក​មួយ​ក៏​ស្រាប់​ឃើញ​មាន​ម៉ូតូ​ពី​មក​ដល់ ​គាត់​និយាយ​រាយ​រាប់​ប្រាប់​ពី​ដំណើរ​រឿង​អោយ​ពួក​គេ​ទៅ​ជួយ​មើល ​នៅ​ពេល​ពួក​គេ​ទៅ​ដល់​មិន​ឃើញ​មាន​អ្វី​ទាល់​តែ​សោះ​គឺ​ឃើញ​តែ​ម៉ូតូ​តែ​ប៉ុណ្ណោះ ​ស្រូវ​មួយ​បាវ​ដួល​ដេក​នៅ​ក្បែរ​ផ្លូវ ​នៅ​ពេល​គាត់​​ទៅ​ដល់​ផ្ទះ​យម់​នោះ​គាត់​ចាប់​​ផ្ដើម​ឈឺ​ស្រែក​ដូច​មនុស្ស​ឆ្កួត​ហើយ​សក់​របស់​គាត់​ចាប់​ផ្ដើម​ជ្រុះ ​ស្ទើរ​តែ​អស់​ពី​ក្បាល​ អ្នក​ស្រុក​បាន​នាំគ្នា​​មើល​តាម​រយៈ​លេង​មេមត់​ ​គ្រូ​ខ្មែរ​ចាប់​ផ្ដើម​និយាយ​ថា(​យើង​អផ្សុក​ខ្លាំង​ណាស់​ចង់​យក​គេ​ទៅ​នៅ​ជា​មួយ​បាន​ជា​គ្នា​)​អ្នក​ភូមិ​និយាយ​សុំ​អង្វរ​តា​ព្រម​ៗ​គ្នា ​តែ​អ្នក​តា​មិន​យល់​ព្រម​ទាល់​តែ​សោះ ​ប្រពន្ធ​និង​ញាតិ​សន្ដាន​ចាប់​ផ្ដើម​យំ​សោក​នៅ​​កន្លែង​ធ្វើ​ពិធី​។ នៅ​ពេល​​នោះ​អ្នក​តា​ដាក់​លក្ខខ័ណ្ឌ​អោយ​យក​ក្បាល​ជ្រូក​ទៅ​សែន​ នៅ​គល់​ស្ពាន​ផ្នែក​ខាង​ត្បូង​ជាប់​គល់​ចំ​បក់ ​បើ​ចង​ឲ្យ​គេ​​រស់​ នៅ​ពេល​ព្រឹក​ស្អែក​ឡើង​អ្នក​ភូមិ​ចាប់​ផ្ដើម​រៀប​ចំ​គ្រឿង​សំណែន​​សម្រាប់​សែន​ប្រុស​ៗ​វាយ​ជ្រូក​ នៅ​វេលា​ម៉ោង​៣​ពួក​គេ​ចាប់​ផ្ដើម​ដង្ហែ​យក​ទៅ​សែន​ រយៈពេល​2-3​ថ្ងៃ​ ក្រោយ​ គា​ត់​ចាប់​ផ្ដើម​ស្រាក​ស្រាន្ត រ​ហូត​ដល់​គាត់​បាន​ជា​សះ​ស្បើយ។ អ្នក​​ភូមិ​​ខេត្ត​ឧត្ដរ​មាន​ជ័យ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​ខ្មោច​អ្នក​តា ​ហើយ​ស្ពាន​នេះ​មាន​សភាព​កាន់​តែ​​ស្ងាត់​ ជាង​មុន​ដោយ​សារ​តែ​គេ​មាន​ផ្លូវ​ថ្មី សម្រាប់​វាង​ស្ពាន​បុរាណ​នេះ ដោយ​មាន​សភាព​ស្ងាត់ យ៉ាង​ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ដែន​ធ្វើ​ផ្លូវ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​អ្នក​ដំណើរ​ ដែល​ចង់​ឃើញ​ស្ពាន​បុរាណ​បាន​ទៅ​ដល់​ ដោយ​ងាយ​ស្រួល​ដូច​ស្ពាន​កំពង់ក្តី​​ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​មិន​ល្អ​ មិន​ចង់​គាស់​កាយ​បាន​នៅ​ពេល​ដែល​មនុស្ស​ឆ្លងកាត់ ប៉ុន្តែ​បើស្ងប់​ស្ងាត់​ដូច​ពេល​បច្ចុប្បន្ន​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​ក​ម្ពុជា​មាន​អាច​នឹង​មាន​ចូល​ទៅ​លួច​គាស់កកាយ​រក​វត្ថុបុរាណ​ផ្សេងៗ៕៚ បូ វិណៃ