គេហទំព័រភ្នំពេញ ប៉ុស្តិ៍
អន្លង់វែង : នៅទីបំផុត សៀវភៅដែលរៀបរាប់ពិស្ដារអំពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហមនោះបាន មកដល់ដៃយុវជន-យុវតីនៅអតីតតំបន់តស៊ូខ្មែរក្រហម។
មជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅនេះ បានធ្វើការចែកចាយនូវសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាង១ពាន់ក្បាល ទៅដល់សិស្សានុសិស្សនៅវិទ្យាល័យអន្លង់វែង ដែលភាគច្រើនគឺជាកូនចៅជំនាន់ក្រោយរបស់អតីតអ្នកគាំទ្រខ្មែរ ក្រហម ដោយមជ្ឈមណ្ឌលនេះជឿជាក់ថា ការរៀនប្រវត្តិសាស្ត្រពីសម័យខ្មែរក្រហមគឺជាការរៀនទប់ស្កាត់ អំពើដ៏ឃោរឃៅនេះ។
លោក ឌី ខាំបូលី ប្រធានក្រុមអប់រំប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលនេះ បានថ្លែងថា៖ «ខ្ញុំបានជួបជជែកជាមួយមនុស្សជាច្រើននៅទីនេះ ហើយពួកគាត់ភាគតិចណាស់ដែលបដិសេធទទួលយកការអប់រំបែបនេះ ខណៈដែលមួយចំនួនធំមិនប្រកាន់កាលដែលពួកយើងអប់រំកូនចៅរបស់គាត់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមនោះ»។
លោក ធាម សុងហ៊ ជាគ្រូប្រវត្តិសាស្រ្តមួយរូបនៅវិទ្យាល័យអន្លង់វែង បាននិយាយថា កម្មវិធីសិក្សាទូទៅមានមេរៀនតែ១គត់ដែលនិយាយពីរបបខ្មែរក្រហម។ សិស្សរៀនបានតែ២-៣ម៉ោងទេ ដូច្នេះហើយទើបក្មេងជំនាន់ក្រោយទាំងនោះមិនដឹងថា ហេតុអ្វីបានជាគេនាំគ្នាហៅអន្លង់វែងថាជាតំបន់ខ្មែរក្រហម ដូច្នោះ។
ទោះជាយ៉ាងនេះក្ដី ក៏លោកគ្រូប្រវត្តិសាស្ត្រម្នាក់នេះមិនខ្លាចនឹងនិយាយប្រាប់សិស្ស ពីអ្វីដែលលើសការចែងក្នុងទំព័រសៀវភៅឡើយ ដោយលោកនិយាយថា៖ «មុនពេលយើងចាប់ផ្ដើមបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម យើងតែងតែលើកទឹកចិត្តឲ្យសិស្សហ៊ាននិយាយយ៉ាងបើកចំហពីរឿងរ៉ាវ ពីសម័យនោះ និងទទួលស្គាល់អតីតកាលរបស់ខ្លួន ប៉ុន្តែយើងមិនដែលអប់រំឲ្យពួកគេស្អប់ឪពុកម្ដាយរបស់ពួកគេដោយសារតែមានប្រវត្តិជាខ្មែរក្រហមនោះឡើយ»។
លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យប្រជាជនចំណាស់ក្លាហានក្នុងការរៀបរាប់នូវ ព្រឹត្តិការណ៍ដែលបានកើតឡើងនៅអំឡុងរបបខ្មែរក្រហម ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្វែងយល់ពីព្រឹត្តិការណ៍នៅចន្លោះ ឆ្នាំនោះ។
នៅចំពោះមុខសិស្សានុសិស្ស លោកស្រីបានមានប្រសាសន៍ថា៖ «ទាំងនេះគឺជាលទ្ធផលដែលកើតចេញពីទង្វើរបស់អ្នកទាំងអស់គ្នា ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែឲ្យកូនចៅជំនាន់ក្រោយបានដឹងថា នាពេលអតីតកាលនោះ មិនមានការអភិវឌ្ឍអ្វីទេ ដោយសារតែការបែកបាក់ព្រាត់ប្រាសសាច់ញាតិក្រុមគ្រួសារ។ រឿងរ៉ាវទាំងនេះនឹងជួយឲ្យកូនចៅរបស់អ្នកបានស្វែងយល់ទុកជាបទ ពិសោធដើម្បីការវិវឌ្ឍនៃអនាគតរបស់ពួកគេ»។
ដោយយល់ស្របនឹងប្រសាសន៍ខាងលើ លោកយឹម ផាន់ណា អភិបាលស្រុកអន្លង់វែង និងជាអតីតទាហានខ្មែរក្រហមមួយរូបផងដែរនោះ បានទទួលស្គាល់ថា មានខ្មែរក្រហមខ្លះគឺជាមនុស្សអាក្រក់ ប៉ុន្តែក៏មានអ្នកខ្លះជាមនុស្សចិត្តល្អដែរ ហើយពួកគេតែងតែរស់នៅក្នុងវិប្បដិសារី ដោយសារទង្វើអតីតកាល។ ដូច្នេះហើយទើបពួកគេរីករាយនឹងសហការចងក្រងប្រវត្តិសាស្ត្រនេះឡើង។
លោកបានថ្លែងថា៖ «ទោះជាសង្គ្រាមបានបញ្ចប់ រួចបានកែប្រែ និងអភិវឌ្ឍរួចទៅហើយក្ដី ក៏វិប្បដិសារីនៅតែដិតជាប់ជាមួយយើង និងអង្វរកុំឲ្យយើងបង្កឲ្យរបបនេះកកើតម្ដងទៀត។ ដូច្នេះយើងត្រូវតែប្រាប់រឿងរ៉ាវជីវិតរបស់យើងឲ្យកូនចៅជំនាន់ក្រោយបានដឹងផង»។
យុវជន រុន ណូន ដែលជាសិស្សថ្នាក់ទី១១នៅវិទ្យាល័យអន្លង់វែង បាននិយាយថា ម្ដាយរបស់ខ្លួនធ្លាប់ប្រាប់ខ្លួនថា គាត់ជាទាហានខ្មែរក្រហម ប៉ុន្តែគាត់មិនដែលនិយាយអ្វីទាក់ទិននឹងទិដ្ឋភាពសម្លាប់មនុស្សឡើយ។ សិស្សអាយុ១៩ឆ្នាំរូបនេះសន្និដ្ឋានថា៖ «ប្រហែលជាកាលនោះម្ដាយរបស់ខ្ញុំគាត់នៅក្មេង ដូច្នេះគាត់មិនបានដឹងអ្វីច្រើនពីរបបខ្មែរក្រហម។ ដូច្នេះ ខ្ញុំនឹងអានសៀវភៅប្រវត្តិសាស្ត្រនេះ ដើម្បីស្វែងយល់បន្ថែម»។
ក្រៅពីសកម្មភាពចែកចាយសៀវភៅ លោកស្រី ទន់ សាអ៊ីម ក៏បានបើកសម្ពោធផ្ទាំងសិលានិមិត្តរូបនៃការចងចាំ នៅក្នុងបរិវេណសាលារៀនផងដែរ ដែលនៅលើនោះមានចារពាក្យស្លោកលើកទឹកចិត្តឲ្យក្មេងជំនាន់ក្រោយចេះផ្សះផ្សា តាមរយៈការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ៕