ដោយ ៖ សហការី
ថ្ងៃទី 27 មិថុនា 2012ម៉ោង 08:54:04
ខេត្តឧត្ដរមានជ័យ៖
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២
ក្រុមការងារបង្ការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ទៅកាប់ឈើ
ក្នុងទឹកដីថៃ ដឹកនាំដោយ លោកវរសេនីយ៍ឯក ហង្ស បូ
ស្នងការរងទទួលបន្ទុកព្រំដែន បានដឹកនាំក្រុមការងារ
និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៩០៥ ទប់ស្កាត់
និងឃាត់ប្រជាពលរដ្ឋ ចំនួន២១នាក់ (កម្លាំងទាហាន ០៤នាក់ )
ដែលកំពុងឡើងភ្នំត្រង់ចំណុចភូមិសាស្ដ្របង្គោលសីមាលេខ ១១ ។
ប្រជាពលរដ្ឋខាងលើរស់នៅ ភូមិដងទង់ ភូមិជ្រឹងខាងកើត
និងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ
ក្នុងការឃាត់ខ្លួននោះដែរកម្លាំងយើងដកហូតវត្ថុតាងរួមមាន
ម៉ូតូចំនួន ១២គ្រឿង ឈើគ្រញ៉ូងចំនួន ១១ដុំ ខ្សែពួរ រណារ ពូថៅ
និងសម្ភារៈចានឆ្នាំងមួយចំនួនទៀត ។បច្ចុប្បន្នប្រជាពលរដ្ឋខាងលើត្រូវ បាននាំខ្លួនមកស្នងការដ្ឋាន នគរបាលខេត្តដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យារួចឲ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕