Thursday, June 28, 2012

ប្រាសាទ​ព្រហ្ម​កិល​ជា​ទី​សក្ការ​បូជា​នៃ​ប្រជាជន​ឧត្ដរមានជ័យ


ប្រាសាទ​ព្រហ្ម​កិល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​បុស​មែក ឃុំ​ជើង​ទៀន ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរមានជ័យ ដែល​ប្រាសាទ​នេះ​មាន​លក្ខណ:​ខុស​ប្លែក​ពី​ប្រាសាទ​ដទៃ​ផ្នែក​រចនា​ផ្សេង​ៗ វា​ជា​ប្រាសាទ​មួយ​ដែល​គេ​កសាង​ឡើង​ដើម្បី​ប្រារព្ធ​ដល់​អ្នក​តា​ព្រហ្ម​ដែល​បាន​ជួយ​រក្សា​ប្រជាជន​ដែល​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ទាំង​មូល​។
ប្រាសាទ​នេះ​ត្រូវ​បាន​បាក់​បែក​មួយ​ចំនួន​ដោយ​សារ​តែ​សង្គ្រាម និង ប្រជា​ពល​រដ្ឋ​​មិន​ចេះ​ការពារ​គិត​តែ​ពី​ការ​ជីក​កកាយ​របស់​មាន​តម្លៃ​និង​ដាប់​យក​រូប​ចម្លាក់​ សល់​តែ​ថ្ម នៅ​សង​ខាង​ប្រាសាទ​មាន​ខឿន​ធ្វើ​ពី​ថ្ម​កប់​ក្នុង​ដី ហើយ​នៅ​ចម្ងាយ​ពី​ប្រាសាទ​ប្រមាណ​ជា ១០​ម៉ែត្រ ​មាន​សិទ្ធ​សឹង​តែ​ជា​រណ្ដៅ​ធំ​ៗ​ ដែល​ប្រជាជន​ជីក​រុករក​វត្ថុ​មាន​តម្លៃ ហើយ​ប្រាសាទ​នេះ​មាន​មុខ​ទ្វារ​ចូល​គ្រប់​ទិស​ទាំង​បួន​ តែ​ទ្វា​ធំ​ស្ថិត​នៅ​ទិស​ខាង​កើត​ នៅ​ខាង​ទ្វា​នេះ​មាន​កន្លែង​តម្កល់​អ្នក​តា​មួយ​ប៉ុន្តែ​សព្វ​ថ្ងៃ​សល់​តែ​ថ្ម​ទទេ​តែ​ប៉ុណ្ណោះ​ ប្រាសាទ​នេះ​កាល​ពី​សម័យ​សង្គ្រាម​មាន​របស់​មាន​តម្លៃ​ជា​ច្រើន​។
មាន​រឿង​មួយ​តំណាល​ថា​ពូ​ម្នាក់​រស់​នៅ​ភូមិ​ស្រែ​ប្រាំង គាត់​មាន​ឈ្មោះ​ថា​​តា​​ខែងដែល​គាត់​ជា​អ្នក​ចំណូល​ស្រុក​ ហើយ​គាត់​មាន​ស្រែ​ជាប់​និង​ខឿន​ប្រាសាទ មាន​ថ្ងៃ​មួយ​នៅ​ពេល​គាត់​ភ្ជួរ​ស្រែ​ជួប​ប្រទះ​និង​រូប​សំណាក់​សំរឹទ្ធ មួយ​ដ៏​ធំ​​សម្បើម​គាត់​ក៏​នាំ​ប្រពន្ធ​គាស់ ហើយ​​ដូយ​ដាក់​លើ​រទេះ​យក​ទៅ​ផ្ទះ​ប៉ុន្តែ​ពេល​នោះ​ជា​សភាព​លំបាក​ខ្លាំង​ដោយ​សា​តែ​ប្រទេស​ស្ថិត​នៅ​ក្នុង​​ការ​ជិះជាន់​របស់​អ្នកមាន​អំណាច​នៅ​ពេល​ដែល​គាត់​បរ​រទេះ​ដឹក​សំរឹទ្ធ​ទៅ​ទុក្ខ​លាក់​ក៏​ជួប​នឹង​ពួក​ទាហាន​។ បន្ទាប់​មក​ពួក​គេ​ក៏​សម្លុត​គំរាម​កំហែង​យក​ទាំង​រទេះ​គោ​នឹង​រូប​សំណាក់​សំរឹទ្ធ​ គាត់​ខ្លាច​ស្លាប់​ក៏​សុំ​អង្វរ​យក​រួច​តែ​ខ្លួន​។ ពីរបី​ថ្ងៃ​ក្រោយ​មក​ពួក​គេ​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​ជីក​យក​រ៉ែ​នៅ​ក្នុង​ដី​រហូត​ដល់​ក្លាយ​ជា​រណ្ដៅ​ធំ​នៅ​ពី​ក្រោយ​ប្រាសាទ និង​​ជាប់​បើ​សិន​ជា​សង្គ្រាម​កុំ​បញ្ចប់​ប្រហែល​ជា​អស់​ទាំង​កំពូល​ប្រាសាទ ក៏​ប៉ុន្តែ​មាន​បុគ្គល​មួយ​ចំនួន​នៅ​តែ​លួច​បន្លំ​។ នៅ​ពេល​យើង​ឡើង​លើ​កំពូល​ប្រាសាទ​ព្រហ្ម​កិល​អាច​មើល​ឃើញ​ភូមិ​នៅ​ក្បែរ​ទីនោះ​និង​ឃើញ​ជើង​ភ្នំ​ស្រី​ស្នំ​ យ៉ាង​ល្អ​ប្រណិត នៅ​លើ​កំពូល​ប្រាសាទ​មាន​សណ្ឋាន​ដូច​ផ្កា​ឈូក​រីក​អ្នក​ខ្លះ​ហៅ​ថា​ជា​ស្និត​ចែក​ទម្រង់​ប្រាសាទ​មាន​រាង​ដូច​សាជី​ប្រាសាទ​ព្រហ្ម​កិល​ជា​កន្លែង​សក្ការ:​បូជា​របស់​ភូមិ​ក្បែរ​នោះ ពេល​ដែល​មាន​ភាព​រាំង​ស្ងួត​ដែល​ធ្វើ​អោយ​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេង​ៗ​ងាប់​។ ប្រជាជន ស្រុះស្រួល​ និង ​ប្រមូល​គ្នា​ជា​ច្រើន​ភូមិ​ ដូចជា ភូមិ​ស្រែ​ប្រាំង ជើងទៀន បុស​មែក បត់​កែង នាំ​គ្នា​លេង​នាង​ម៉ែវ ឬ ត្រុដ​នាង​ម៉ែវ ​ដង្ហែរ​ទៅ​ប្រាសាទ​ដើម្បី​សុំ​ទឹក​ភ្លៀង​ពួក​គេ​លេង​រាំ​ហោរ​កញ្ឆៀវ​​ជុំវិញ​ប្រាសាទ និង​ ខ្លះ​កាន់​ការ៉ុង​ដាក់​ម៉េវ ហើយ​អ្នក​ខ្លះ​កាន​ទ្រូ ស្គរ និង​ច្រៀង​ ចម្រៀង​ អ្វី​ដែល​ពិសេ​ស​ អ្នក​ធ្វើជា​កង្កែប​យំ​ដើម្បី​ហៅ​ទឹក​ភ្លៀង។ ហើយ​អ្នក​ដែល​កាន់​ការ៉ុង​ម៉េវ យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ ហើយ​ស្រង់​មក​វិញ បន្ទាប់មក​លែង​ម៉េវ​នោះ​ចោល​នៅ​នឹង​ទី​ទួល​ប្រាសាទ។ ​ហើយ​ទិញ​ប្រ​ភូមិ​​ មក​តម្កល់​ទុក​នៅ​មុខ​ប្រាសាទ ដើម្បី​អោយ​ប្រជាពលរដ្ឋ​អុជ​ធូប​បន់​ស្រន់។
យ៉ាង​ណា​មិញ​ប្រាសាទ​នេះ​អម​ទៅ​ដោយ​ព្រៃ​ឫស្សី ​ហើយ​នៅ​ខាង​ត្បូង​ប្រាសាទ​គឺ​ជា​ចម្ការ​មីន​ដែល​សព្វ​ថ្ងៃ​មិន​ទាន់​មាន​ស៊ីម៉ាក់​មក​ដោះ​ឡើយ ប៉ុន្តែ​មាន​អ្នក​ភូមិ​មួយ​ភាគ​តូច​បាន​គាស់​យក​ដី​ធ្វើ​ស្រែ​ចម្ការ​រហូត​ដល់​អស់​ព្រៃ​ឫស្សី សព្វថ្ងៃ​ប្រាសាទ​គ្មាន​អ្នក​អភិរក្ស​ឡើយ។​
គោលដៅ​ប្រាសាទ​នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំដែន​ប្រទល់​ខេត្ត​ឧត្តរ​មាន​ជ័យ​និង​សៀមរាប​យើង​និង​ឃើញ​ស្ទឹង​អូស​ជីក​ហើយ​ទៅ​ហួស​ប្រមាណ​ជា​១​គីឡូ​ម៉ែត្រ​ពី ស្ពានថ្មី​ និង​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​ ស្ពាន​ទ័ព​ ឬ​ ស្ពាន​អូរ​ជីក​បុរាណ​។
ហើយ​យើង​ក្រឡេក​នេត្រា​ទៅ​ខាង​ឆ្វេង​ដៃ​ បើ​មក​ពី​សៀមរាប ហើយ​បើ​មក​ពី​ឧត្ដរមានជ័យ​ ងាក​ខាង​ស្ដាំ​ដៃ​វិញ​និង​ឃើញ​កំពូល​ប្រាសាទ​តែ​បើ​ដើរ​តាម​ផ្លូវ​ថ្មី​ឆ្ងាយ​ជាង​ផ្លូវ​ចាស់​ ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​វាល​ទំនាប​ប៉ុន្តែ​ទោះ​បី​ជា​ទឹក​ជំនន់​យ៉ាង​ណា​ក៏​ដោយ​ក៏​ប្រាសាទ​មិន​លិច​ដែរ​ហើយ​វា​បាន​បញ្ចេញ​សម្រស់​យ៉ាង​ល្អ​ប្រណិត៕៚
បូ វិណៃ