Friday, June 29, 2012

រៃអើយ ទួញយំដល់ណា?


(បទក្របចក្រវាឡ)
ឆ្នាំចិតសិបប្លាយ គឺជាឆ្នាំ
ខ្មែរធ្លាក់រងកម្ម ខ្មែរស្អប់ខ្មែរ
ម៉ែពុករងទុក្ខ ទាល់តែម៉ែ
ស្លាប់លែងបានថែ ពតវាយស្លាប់

កាលណោះមែនមាន គឺជាកាល
ស្តាប់ឡើងព្រឺក្បាល ញញើតស្តាប់
 សាប់អើយត្បូងចក ពតពួយសាប់
នឹកភ្លាមពើតចាប់ មិនចង់នឹក

មានប្រាង្គប្រាសាទ វត្តក៏មាន
ភ្លឹករលត់ស្ងៀម ស្ងប់ស្ងាត់ភ្លឹក
ទឹកភ្នែករៃហូរ ស្រក់ទទឹក
ទួញយំល្ងាចព្រឹក ថ្ម* រួមទួញ

នាងអប្សរា សោកណាស់នាង
រួញខ្លួនរូបរាង រីងរៃរួញ
ជ្រួញជ្រប់មុខជ្រក ពតជ្រេញជ្រួញ
យំយែកស្រែកទួញ យំអើយយំ

ថ្ងៃនេះរៃអើយ យំទាំងថ្ងៃ
ជុំញាត្តិសាច់ថ្លៃ គ្មានថ្ម**ជុំ
ពុំមើលអប្សរា ស្រស់ក្រពុំ
មនុស្សម្នាជិតជុំ រុំដោយមនុស្ស

នាងឈប់សោកា ខ្ញុំឃើញនាង
ពុះពារផ្អងផ្អៀង ពេញពោរពុះ
លុះមើលរៃវិញ យំលង់លុះ
ងើបងាកមើលនោះ ខ្មែរថ្កើងងើប

រៃអើយឈប់យំ ទៀតទៅរៃ
ពើបខ្មែរយុគថ្មី គេប៉ងពើប
ទើបគេស្លុងចូល ខ្មែរទើរទើប
ជាតិសាសន៍ទំនើប ស្ញែងខ្មែរជាតិ

ជួយច្រៀងលោមវិញ រៃអាចជួយ
ជ្រៀតលៀងជំនួយ ភ្ញៀវជ្រែកជ្រៀត
ព្រាតព្រោងមើលមៀង ប្រាង្គប្រាព្រាត      
ខ្មែរលែងព្រួយឃ្លាត វប្បធម៌ខ្មែរ

*ពូកប្រល័យពូជសាសន៍ ប៉ុល ពត
**សំដៅលើសំណង់ស្ថាបត្យកម្ម មានប្រាង្គប្រាសាទ រត្តអារាម ជាដើម

ភំ្នពេញ,ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩
និស្សិត ទឹម​ រ័ត្នម្នី ដែលបាន​ទទួលមរណភាព នៅ​កោះពេជ្រ កាលពី​ឆ្នាំ​២០១០