Sunday, June 24, 2012

យល់សប្តិកណ្តាលថ្ងៃត្រង់



ទិដ្ឋភាពនៅ​មុខបេន​ឡាន កាប់ពីតូល ក្បែរផ្សារអូរឫស្សី​​ថ្ងៃនេះ​​ មានអ្នកដំណើរអ៊ូអរ​ស្ទើរតែរកច្រកដើរមិនមាន​​ ខ្លះ​អង្គុយ ខ្លះ​ឈរណែនណាន់ពេញ​កន្លែង​​រង់ចាំ​​ ខ្ញុំបាន​ស្ពាយកាបូបខ្មៅមួយ និង​យួរវ៉ាលី​​ពណ៌ប្រផេះដើរឆ្ពោះ​ទៅ​កាន់​បញ្ជរ​លក់​សំបុត្រ​។ ចម្លែកណាស់!​ ថៃ្ង១២ មេសា ទៅ​ហើយ សំបុត្រឡានក្រុងពី​ភ្នំពេញ ទៅកាន់ទីរួមខេត្ត​សៀមរាបតម្លៃនៅតែពីរ​ម៉ឺន​រៀលដដែល។ ខ្ញុំចាំ​​​យ៉ាងច្បាស់ថា ថ្ងៃនេះកាលពីពីរឆ្នាំ​​មុន​​ រូបខ្ញុំបានចំណាយ​លុយរហូត​ដល់​បី​ម៉ឺន​រៀលសម្រាប់សំបុត្រមួយ ខានទៅលេងស្រុកតែពីរឆ្នាំប៉ុណ្ណោះមិនស្មានថាហាងឆេងសំបុត្រឡានក្រុងស្រុកខ្មែរយើង ប្រែប្រួលយ៉ាងនេះសោះ ។
            រថយន្ត​ក្រុង​បាន​​វិលកង់នៅម៉ោង៦ និង៣០នាទី។ តែ​ទំរាំតែ​ឆ្លងផុតស្ពានជ្រោយចង្វាម៉ោងប្រមាណជា៧ និង២០នាទីទៅហើយ។ រដូវបុណ្យចូលឆ្នាំបែបនេះមាន​មនុស្សម្នាធ្វើដំណើរ​​ទៅ​កាន់ស្រុកកំណើតច្រើនណាស់។ តាម​​ដងមហាវិថី និងរុក្ខវិថិនានាមានសភាពកកស្ទះ ពោរពេញ​ទៅដោយ​យានយន្តតូចធំម៉ូតូកង់​ជា​ដើម ទៅ​ម​កមិនចេះអស់រវល់សោះ
            នៅក្នុងរថយន្តក្រុង ខ្ញុំ​អង្គុយ​មើលទេស​ភាព​តាមដងផ្លូវជាតិលេខ៦មិនបានយូរប៉ុន្មានផង ត្របកភ្នែកខ្ញុំក៏ចាប់ផ្តើមទន់ ព្រោះអត់ងងុយកាលពីយប់មិញ។ មិនទាន់ទាំង​ឆ្លងស្ពានទីផងខ្ញុំក៏ធ្មេចភ្នែកសម្ងំ​គេងនៅលើកៅអី​រថយន្ត​ក្រុង​ដោយគ្មានខ្វល់ពីបញ្ហាអ្វីទាំងអស់​​
            ឆ្លង​កាត់ចំណត​​​ឈប់សម្រាកចំនួន​ពីរកន្លែងដើម្បី​​ស្រស់​​ស្រូបអាហារពេលព្រឹក និងអាហារថ្ងៃត្រង់រថយន្តក្រុងបាន​ដឹកអ្នកទាំងអស់មក​ដល់បេន​ឡានចុង​កៅស៊ូ ខេត្ត​​សៀមរាបនៅ​ម៉ោង និង៣៥នាទី។ខ្ញុំម្នី​ម្នា​ស្រូតចុះយ៉ាងប្រញាប់​ប្រញាល់ ដើម្បីរករថយន្តឈ្នួល​បន្តពីសៀមរាប​​ ទៅ​កាន់​ទី​រួម​ស្រុកសំរោងខេត្ត​ឧត្តរមានជ័យ។ បើ​នៅ​អែអង់យូរច្បាស់ជាត្រូវដេកផ្ទះសំណាក់មួយយប់នៅសៀមរាបជាមិនខានព្រោះគ្មាន​​រថយន្តឈ្នួល​បន្ត​ដំណើរ
            មិនខុសពីសំបុត្រឡានក្រុងទេ រថយន្ត​ឈ្នួល​មួ​យ​បំាង​កន្លះ​ដែល​ខ្ញុំ​ជិះ ខ្ញុំចំណាយ​ត្រឹម​​តែ​​​ពីរ​ម៉ឺន​រៀល​ប៉ុណ្ណោះ ​មិន​មែនបី​ម៉ឺនរៀលដូចកាលពីពីរ​ឆ្នាំមុនឡើយ 
ចំណាយ​​ពេលប្រហែល ៣៥នាទី ចេញពីទីរួមខេត្តសៀមរាបរថយន្តឈ្នួល​ក៏​បានមកដល់ទីប្រជុំជនស្រុក​ក្រឡាញ់។ ខ្ញុំ​អង្គុយសម្លឹងមើល​ទិដ្ឋភាពកំណាត់ផ្លូវជាតិលេខ ពីសៀមរាបឆ្ពោះទៅកាន់ខេត្តបន្ទាយ​មាន​ជ័យ និងខេត្ត​ឧត្តរ​មាន​ជ័យស្ទើរ​តែ​មិនហានប្រិចភ្នែក ផ្លូវនេះធំស្អាតងាយស្រួល​ក្នុងការធ្វើដំណើរមិនដូចកាលពីឆ្នាំមុន ពេលខ្ញុំ​មក​លេងស្រុកក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ត្រូវឡានជាប់ផុងស្ទះផ្លូវរហូតដល់ទៅប្រាំមួយទៅប្រាំពីរម៉ោង​ឯណោះ
ត្រង់​ចំណុច​រង្វង់​មូលផ្លូវបំបែកតៃកុងឡាន​បាន​បត់​ចង្កូតទៅខាងស្តាំដៃតាមបណ្តោយផ្លូវជាតិលេខ៦៨ ក្នុងបំណង​ឆ្ពោះទៅកាន់ទីរួមស្រុកសំរោង ខេត្តឧត្តរមានជ័យ ខ្ញុំស្មានតែតៃ​កុង​ឡានបើក​​ច្រឡំផ្លូវ​​ទើបដណ្តឹងសួរ៖
-បងផ្លូវនេះ​​ទៅ​ណា​​ដែរ?
-គឺ​ទៅ​សំរោងចុងកាល់ ម៉េចប្អូន​សួរបែបនេះទៅវិញ? ក្រែងប្អូនទៅសំរោងចុងកាល់?(តៃកុងឡានតប)
-បាទបងគឺ​ទៅ​​សំរោងចុងកាល់ហ្នឹងហើយ គ្រាន់ហាក់ដូចជាប្លែកផ្លូវបន្តិច
មិន​នឹក​ស្មានសោះបែក​ស្រុកតែពីរឆ្នាំ​ ​ផ្លូវក្រាលក្រួសក្រហមខែប្រាំងហុយ​ដី​ទ្រលោម មាន​ក្រឡុក​តូចធំជាបន្តបន្ទាប់ស្ទើរតែគ្មានលោះ​កន្លែងខែ​វស្សារ​វិញ កន្លែង​ខ្លះ​​មាន​ទឹក​ជំនន់​ហូរកាត់​​ លំបាកក្នុងការធ្វើដំណើរខ្លាំង​ណាស់​  ហេតុ​អ្វី​ក៏​ថ្ងៃនេះ ក្លាយទៅជាផ្លូវ​ក្រាល​កៅ​ស៊ូ​យ៉ាង​ស្អាត ទទឹង​ផ្លូវធំទូលាយ​ទៅ​វិញ។ រថយន្តបោះពួយ​យ៉ាង​លឿនទៅមុខ ខ្ញុំស្ទើរតែ​ភ្លេច​ខ្លួន​ឯង​ថា​កំពុងជិះ​លើរថយន្តឈ្នួល បែរជា​គិត​​ថាខ្លួន​​ឯងកំពុងអង្គុយ​មើល​ទស្សនីយ​ភាព​តាម​ដង​ផ្លូវ ក្នុង​រោងភាពយន្ត​​​ទៅវិញ ព្រោះ​មិន​មាន​រលាក់​អ្វី​សោះ។ រថយន្តបានបន្តដំណើរឆ្លងកាត់​​ស្រុកស្រីស្នំ(ខេត្តសៀមរាប) ស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ)​ ទើប​មកដល់ទីរួម​​ស្រុកសំរោង បេះដូងនៃខេត្តឧត្តរមានជ័យ​     ខណៈ​នោះ ទូរស័ព្ទ​ដៃរ​បស់​ខ្ញុំ​បាន​ដើរដល់ម៉ោង និង០៥នាទី រថយន្ត​ក៏​បាន​មក​ដល់​រង្វងមូល​ព្រះ​នរាយទីរួម​ស្រុកសំរោង ខេត្ត​ឧត្តរមានជ័យ។ បើ​កុំ​តែផ្លូវ​ស្រួល​បែប​នេះ ប្រហែល​ម៉ោងប្រាំកន្លះ ឬ ម៉ោង​ប្រាំ​មួយ​ទើប​មកដល់។ បើ​រដូវវស្សាវិញ​មាន​ទឹកលិចផ្លូវ ជួល​កាល​ឡាន​ជាប់​ផុង យប់ពាក់កណ្តាល​​អាធ្រាត​​ទើប​មក​ដល់​ផ្ទះ​ក៏​មាន
           រង្វង់​មូល​ព្រះ​នរាយ ដែល​កាល​ពី​មុន​មាន​សភាពសោះ​កក្រោះ សូម្បី​តែ​ស្មៅ​មួយ​ទង​ស្ទើរ​តែ​គ្មាន​ដុះ ប្តូរ​មក​ជា មាន​ផ្កា​រីក​ស្កុះ​ស្គាយ​អួត​លំអ មាន​សត្វ​កន្ទុំ​រុយ​ហើរ​ហៀវឆ្វែល​ឆ្វាត់​ ​មាន​បង្គោល​គោម​ភ្លើងសម្រាប់​​បំភ្លឺ​ពេល​រាត្រី មាន​បង់​សម្រាប់​អង្គុយ​លំហែ ស្រស់ស្អាត​មិន​ចាញ់​រង្វង់​មូល​នៅ​គល់ស្ពានជ្រោយចង្វារប៉ុន្មានទេ។ រថយន្ត​ឈ្នួលបន្តដំណើរឆ្ពោះសំដៅទៅកាន់បេនឡានមុខផ្សារសំរោង។ តាម​ផ្លូវ​ខ្ញុំ​ឃើញ​មាន​ផ្ទះ​តូច​ធំ​នា​នា​ជា​ច្រើនប្រកប​ដោយ​ការរៀបចំ​តុបតែងស្រស់ស្អាត មានហាងលក់សំលៀកបំពាក់ លក់គ្រឿងសំអាង Mini Mart ការិយាល័យក្រុមហ៊ុននិងហាងលក់ទំនិញជាច្រើនប្រភេទទៀត។ តាមផ្លូវតូចធំនានាមានខ្លះក្រាលកៅស៊ូ ខ្លះក្រាល​​បេតុង គ្មានផ្លូវណាមួយជាផ្លូវដីក្រួសក្រហមទេ ​   ប្រព័ន្ធ​លូ​ទឹក បង្គោលគោម​ភ្លើងតាមដងផ្លូវក៏មានការរៀបចំឡើងស្ទើរតែមិនគួរឲ្យជឿ ។
មក​ដល់​បេនឡាន​មុខ​ផ្សារ​សំរោង ខ្ញុំ​ក៏​ចុះ​ចេញ​ពីរថយន្តឈ្នួល​ ​ដោយ​មិន​​បន្ត​ដំណើរតាមម៉ូតូ​ឌុប​ទេ ព្រោះ​ផ្ទះ​របស់​ខ្ញុំ​ស្ថិត​នៅខាង​ត្បូង​ផ្សារ ប្រមាណ​ជា​៣០​ម៉ែត្រ​តែ​ប៉ុណ្ណោះ។ នៅ​ចំពីមុខ​ផ្សារ​សំរោង ខ្ញុំ​សម្លឹង​មើល​ស្តង់លក់​ទំនិញជា​ច្រើនមានដាក់តាំងទំនិញ​លក់គ្រប់ប្រភេទការរៀបតុបតែងទៀតសោតក៏ស្រស់ស្អាតមិនចាញ់ហាងទំនិញនៅក្រុងភ្នំពេញប៉ុន្មានដែរ ។ ខុស​ប្លែក​ឆ្ងាយ​កាល​ពី​មុន​ណាស់  ពេល​មាន​ភ្លៀង​ធ្លាក់​ៗ​ម្តង​មាន​ទឹក​ដក់ នៅ​ខាង​មុខ​ផ្សារ ទឹក​ហូរ​លិច​បរិវេណ​ខាង​ក្នុង​ផ្សារ មើលទៅ​មិន​សក្ដិសម​ជា​ផ្សារ​​ដែល​ធំ​ជាង​គេ​របស់​ខេត្តសោះ។ តែ​ឥឡូវ​នេះមាន​ការ​រៀប​ចំ​ស្អាតបាត មិនមានក្រឡុកធំៗដក់ទឹកដូចមុនទៀតទេ។ ប្រព័ន្ធ​លូ​ទឹក​ក៏​មានសម្រាប់រំដោះទឹកចេញ​ពេលភ្លៀងការ​រក្សា​អនាម័យ​ចោលសំរាមក៏​មានរបៀប​រៀបរយល្អ មានធុង​សម្រាប់សំរាមត្រឹមត្រូវ  ខ្ញុំនឹកក្នុងចិត្តរួច​និយាយតិចថា ៖
 -ទូរស័ព្ទមកលេងផ្ទះស្ទើរតែរាល់ខែដែរតែគ្មានអ្នកណាប្រាប់ឲ្យដឹងសោះ ថាការរីកចម្រើន​មុខមាត់ថ្មីរបស់ខេត្ត​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ខ្លា​ដល់​ម្លឹង ។
           គ្រាន់តែមក​ដល់​មុខរបងផ្ទះ ក្មួយៗ​ខ្ញុំ​ពីរ​បី​នាក់​រត់​មក​ទទួល​ ហើយខ្ញុំ​ស្រវ៉ា​អោប​ថើប​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​ក្តី​នឹក​រលឹក។ ថ្ងៃ​នេះ​ពុក និង​ម៉ែ​ខ្ញុំ​មិន​បាន​នៅ​ផ្ទះ​ទេ ពួក​គាត់​ទៅ​ចូលរួម​ពិធី​ម​ង្គលការ​របស់​បង​ជី​ដូន​មួយខ្ញុំ​នៅ​ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ស្អែក​ទើប​ត្រលប់​មក​វិញ បង​ប្រុស និង​បងស្រី​របស់ខ្ញុំពួកគាត់រវល់លក់ផ្លែឈើ​​នៅក្នុង​ផ្សារ​មិនទាន់ត្រលប់មកផ្ទះវិញទេ ក្នុងផ្ទះ​គឺ​មានតែ​ពួក​ក្មួយៗ​ខ្ញុំ​បី​នាក់​ទេ​នៅ​ចំា​ផ្លូវខ្ញុំ
ឆាទ្រី ជា​កូន​ពៅ​របស់​បងស្រី​ខ្ញុំ​មាន​អាយុ​ទើប​តែ​៣​ឆ្នំា បាន​កាន់​កូន​សោរ​ម៉ូតូ​មក​ឲ្យ​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​ងូត​ទឹក​សំអាត​ខ្លួច​រួច​រាល់ ហើយ​ទាម​ទារ​ឲ្យ​ខ្ញុំ​ឌុប​វា​​ទៅ​លេង​សួន​ច្បារ​នៅ​មុខ​សាលា​ខេត្ត ទាំងខ្ញុំ​មិនទាន់ទាំងបានទៅជួបបងស្រី និងបងថ្លៃខ្ញុំ​នៅឯផ្សារផង ។ ដោយខ្លាចក្មួយយំរករឿងនិងចង់ទៅមើលទិដ្ឋភាពសួនច្បារថ្មីរបស់ខេត្តផង ខ្ញុំ​ក៏​សម្រេចចិត្តឌុបពួកគេទាំងបី​​នាក់ដោយដាក់ឆាទ្រីនៅខាងមុខ​ម៉ូតូ​​ និងបង​ៗរបស់វានៅ​ពីខាងក្រោយរួសំដៅម៉ូតូទៅកាន់សួនច្បារមុខសាលាខេត្តតែម្តង ។
            មក​ដល់​សួន​ច្បា​រមុខ​សាលា​ខេត្ត ខ្ញុំ​ពិត​ជា​មានអារម្មណ៍​ចម្លែក​ក្នុង​ចិត្តយ៉ាងខ្លាំងស្ទើរ​តែមិនជឿ​ថាជាសួនច្បាររបស់ខេត្តខ្លួន​ធ្លាប់រស់នៅ ក្នុងសួន​ច្បារ​មុខ​​មាន​ផ្កា​រីក​ស្គុះស្គាយចំរុះ​ពណ៌ មានត្រចៀក​កាំ និងសត្វ​កន្ទុំរុយ​ហើរឆ្វែលឆ្វាត់ក្រោម​ពន្លឺពណ៌ក្រហមដ៏ស្រទន់នៃ​ព្រះ​សូរិយា នា​ពេលល្ងាច។ បរិវេណ​សួន​ច្បារមាន​ក្រាល​ការ៉ូឡាមាន​បង់​សម្រាប់​អង្គុយ​កំសាន្ត មានបង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​ពេល​រាត្រី​ដោយមានការរៀបចំរចនា យ៉ាងស្រស់ស្អាត​។ បឹងស្នោរ​ជា​បឹងដ៏​ធំ​មួយ​ ស្ថិត​នៅ​ពី​ចំ​មុខ​សាលាខេត្តឧត្តរមានជ័យមានដាំដើមរំដួលនៅជុំវិញផ្ទៃបឹងទាំងមូលដែលមានទំហំ​ជិតមួយគីឡូម៉ែតកា​រេបួនជ្រុង ។ ផ្ទៃបឹង​​ត្រូវបានគេបាន​សំអាតមើលឃើញទឹកថ្លាឈ្វេងរលករលេញតាមខ្យល់ជំនោរមិន​ឈប់ឈរ ។ នៅ​ចំកណ្តាលបឹងគេ​​​ធ្វើជាកូនកោះមួយមានសត្វកុក សត្វប្រវឹក និងសត្វស្លាបមួយចំនួនទៀតខ្លះទំ ខ្លះហើរត្រសងបង្កើតបានជាទស្សនីយភាពមួយគួរ​ជា​ទី​ទាក់ចិត្ត​ពន់​ពេក។ វិមានរំលឹកគុណក៏បានលេចចេញជារូបរាងឡើងយ៉ាងត្រដែតនៅផ្នែកខាងមុខឈាងខាងលិចនៃសាលាខេត្ត ។ ខ្ញុំបាននាំពួកក្មួយខ្ញុំទៅអង្គុយលើបង់ក្បែររូបសំណាកសត្វប្រើស ។ ឆាទ្រី វា​រត់​ទៅ​ឡើង ជិះ​លើកូនសត្វប្រើសតូចមួយដែលវា​អាចឡើងជិះ​បាន ។ បម្រុងនឹង​ងើបទៅ​លើកក្មួយមកវិញ មាន​សំឡេងមួយ​បន្លឺលើពីក្រោយខ្នងខ្ញុំ៖
            -សា​រ៉ា ម៉ែន​ទេ?
            ខ្ញុំ​ស្គាល់​សំឡេង​នេះ​ច្បាស់​ណាស់ ហើយ​ប្រញាប់ងាកទៅ​រក​ម្ចាស់សំឡេង រួច​ឆ្លើយ​តបទាំងសប្បាយចិត្ត
            -បាទខ្ញុំ​គឺ​សារ៉ា  ជំរាប​សួរ​អ្នកគ្រូ
            -ចាស! ជំរាប​សួរ អ្នកគ្រូ​មើល​ស្ទើរ​តែ​មិនស្គាល់ខ្ពស់ហើយជាង​មុន​ឆ្ងាយ​ណាស់  តែ​ទោះ​រាង​​ស្គមជាងមុនបន្តិច (អ្នកគ្រូម៉ាលីបន្ថែម)
            អ្នកគ្រូ​ម៉ាលីជាគ្រូបង្រៀន​ភាសាខ្មែរនៅវិទ្យាល័យហ៊ុនសែនឧត្តរមាន​ជ័យ គាត់​មក​កំសាន្ត​នៅ​សួន​ច្បារជាមួយកូនប្រុសតូចរបស់គាត់ ខ្ញុំ​បានអង្គុយ​ជជែកលេងជា​មួយ​អ្នកគ្រូ​ពីនេះ​ពីនោះ​សួរ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក អ្នកគ្រូបានសួរនាំខ្លះពី​ការសិក្សា​របស់ខ្ញុំនៅភ្នំពេញ
-សារ៉ា នៅសល់ប៉ុន្មានឆ្នាំ​ទៀត ទើបប្អូនបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ
 -បាទ​អ្នកគ្រូនៅតែកន្លះ​ឆ្នាំ​ទៀត
-ភ្លេចៗ​ត្រចៀក​សោះ​ជិត​ចប់ទៅ​ហើយកុំ​ភ្លេច​វិល​​ត្រលប់មកខេត្តយើងវិញណាប្អូន យកចំណេះមក​អភិវឌ្ឍស្រុក​ភូមិ​របស់យើងឲ្យ​កាន់តែរីកចម្រើន​ថែម​ទៀត
​​ -បាទ​អ្នកគ្រូ
-សារ៉ា ប្អូន​ដឹងទេ ? វិទ្យាល័យហ៊ុន សែន​ឧត្តរ​មានជ័យឥឡូវ​ ​លែង​​មានបញ្ហាកង្វះអាគារសិក្សាទៀតហើយ​​​ មិន​មានសិស្សរៀន​ក្រោម​ដើមឈើ​ដូចជំនាន់ពួក​ប្អូនទៀតទេ គ្រូបង្រៀនវិញក៏​លែង​ខ្វះ ទាញយកគ្រូ​អនុវិទ្យា
ល័យទៅបង្រៀនថ្នាក់វិទ្យាល័យ​ដូចមុន​ទៀតហើយ
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលដែលបានលឺសម្តីអ្នកគ្រូម៉ាលី​និយាយប្រាប់ខ្ញុំបែប​នេះ។ អ្នកគ្រូ​បានបន្ថែមទៀតថា៖
-ឆ្នាំក្រោយនេះខាងក្រសួងនិងរៀបចំគម្រោងបង្កើត​​ជាសកលវិទ្យាល័យមួយនៅក្នុងខេត្តរបស់យើង
            កំពុងតែមានជំនក់ក្នុងការជជែកពី​នេះពីនោះជាមួយអ្នកគ្រូសំឡេងរបស់វាយោ បានបន្លឺហៅរូបខ្ញុំល្វើយៗ៖
-សារ៉ា! សារ៉ា! សារ៉ា!  ភ្ញាក់ឡើងដល់ម៉ោងទៅរៀនហើយ
ខ្ញុំ​បើកភ្នែកស្ទើរតែមិនចង់រួច ស្រវ៉ាលូកទាញ​​ទូរសព្ទ ពីលើក្បាលដំណេក​​មកមើលឃើញម៉ោង០១ និង៥០នាទី ខ្ញុំក៏​ស្ទុះ​ក្រោកយ៉ាងប្រញាប់ប្រញាល់ ព្រោះជិតដល់ម៉ោងចូលរៀន
កំពុងងូតទឹកបណ្តើរ ខ្ញុំ​នឹកអស់សំណើចពីយល់​​​​សប្តិទាំងកណ្តាលថ្ងៃត្រង់​បណ្តើរ ខ្ញុំ​នឹក​ក្នុងចិត្តខ្លួនឯង   “ ចេះតែនឹក​​ស្រមើរស្រម៉ៃផ្តេសផ្តាសមកពីខានទៅលេងស្រុកកំណើតយូរឆ្នាំ​ហើយ ទើបបណ្តាល​ចិត្តឲ្យគិតយល់សប្តិឃើញ​បែប​នេះ។ មិន​អាចទៅរួចទេ ខេត្តដែលស្ថិតនៅ​តំ​បន់ជនបទដាច់ស្រយាលឆ្ងាយពីរាជធានីភ្នំពេញ គ្រាន់​ខ្ញុំ​បែក​ពីរឆ្នាំ​សោះអី​ក៏​មាន​ការ​អភិវឌ្ឍរីកចម្រើន​សម្បើម​ម្ល៉េះ ?  ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរ(២០០៨) នា​ពេលខាង​មុខ​នេះ ខ្ញុំ​នឹងទៅលេងស្រុក​ម្តងហើយទោះបីជាត្រូវចំណាយសោហ៊ុយអស់ច្រើនក៏ដោយ ដើម្បីកុំ​ឲ្យ​ចេះ​តែ​ដេក​យល់សប្តិផ្ដេស​ផ្ដាស​ឃើញបែប​នេះទៀត។ ខ្ញុំ​នឹង​ទៅ​មើល​ឲ្យឃើញផ្ទាល់ភ្នែក​តែម្តង តើ​ខេត្ត​ឧត្តរ​មាន​ជ័យ ទឹកដី     អានុង​អាណោច កណ្តោចកណ្តែងកណ្តាលព្រៃជ្រៅស្ងាត់ជ្រងំ​​ ​អាចមានវាសនាល្អ ដូច​ជា​ការយល់សប្តិ​របស់ខ្ញុំដែរ ឬទេ? ”
ភ្នំពេញ ថ្ងែពុធ ទី១៦ ខែមិថុនា ឆ្នាំ២០១០
និស្សិត ទឹម​ រ័ត្នម្នី ដែលបាន​ទទួលមរណភាព នៅ​កោះពេជ្រ កាលពី​ឆ្នាំ​២០១០