Tuesday, June 26, 2012

សមាគមនិស្សិត​ឧត្តរមានជ័យ​នាំ​យក​ថវិកា​ពី​សប្បុរសទៅ​ជូន​ក្រុមគ្រួសារ​កញ្ញា ហោន​ ចន្រ្ទា


ថវិកា​ពី​វិទ្យុខ្មែរពិភពលោក​ចំនួន​១០០០ដុល្លារអាមេរិក

ថវិកាពី​ប្រទេសបារាំង​តាម​រយៈលោកអ៊ំ មាន កប ចំនួន១៥០​ដុល្លារអាមេរិក

ថវិកាពី​សមាគមនិស្សិតឧត្តរមានជ័យ​ចំនួន​៥០​ដុល្លារអាមេរិក
 
កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ឆ្នាំ​២០១២ ខ្ញុំ​បាទ​អ៊ិន សូដា និង​ សមាជិក​សមាគម​ម្នាក់​នាំ​​យក​ថវិកា​ដែល​ទទួល​បាន​លោកតា​ ឱក សឿម ប្រធាន​វិទ្យុ​ខ្មែរ​ពិភពលោក​ ទៅ​ជូន​ក្រុម​គ្រួសារ​កញ្ញា ហោន ចន្រ្ទា​ ក្នុង​ភូមិ​តានេស​ ឃុំ​គោកមន​ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទឹក​ប្រាក់​ចំនួន ១០០០​ដុល្លារ​អាមេរិក។ ក្នុង​កំឡុង​ពេល​​ដែល​ ប្រគល់​ថវិកា​ជូន​ទៅ​ក្រុម​គ្រួសារ​កញ្ញា ហោន​ ចន្រ្ទា លោក​អ៊ំ វ៉ែន​ សំអាត ត្រូវ​ជា​ម្ដាយ​​មាន​បាន​និយាយ​ពី​ក្តី​​អាណិត​ស្រឡាញ់​កូន​ ព្រម​ទាំង​បាន​រៀបរាប់ ពី​ការ​ថែ​ទាំ​ និង​ឆន្ទៈ​របស់​​កញ្ញា​ដែល​នៅ​មិន​ទាន់បាន​លោក​ចាក​លោក​ទៅ​ថា កូន​របស់​គាត់​ស្រឡាញ់​ការ​សិក្សា​ណាស់ ទោះ​ត្រូវ​បែក​ពី​​ម្ដាយ​ក៏​ដោយ​ កូន​នៅ​តែ​តស៊ូ​ ដើម្បី​បាន​ជួយ​ក្រុម​គ្រួសារ​ នៅ​ពេល​អនាគត និង​ជួយ​ប្រទេស​ជាតិ។ អ្វី​ដែល​​​​​​អ៊ំស្រី​មិន​អាន​បំភ្លេច​បាន​ គឺ​គាត់​បាន​នឹក​ឃើញ​​រង្វង់​ដៃ​របស់​កូន​​អោប​ថើប​គាត់ នៅ​ពេល​ដែល​កូន​មកលេង​ផ្ទះ​ម្ដង​​​​ៗ​។ ចំ​ណែ​ក​ឯ លោកអ៊ំ​ ហោន ហង្ស ត្រូវ​ជា​ឪពុក​វិញ​ ក៏​មិន​ខុស​ពី​​ម្ដាយ​របស់​កញ្ញា​ដែរ ជា​ពិសេស​គាត់​បាន​រំលឹក​ថា មុន​ពេល​កញ្ញា ហោន ចន្រ្ទា លាក​ចាក​លោក​ទៅ​ កញ្ញា​មាន​បំណង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក ក្នុង​មួយ​ខែ​ ១០ម៉ឺនរៀល តែ​មិន​ទាន់​បាន​ឆ្លើយ​ប្រាប់​កូន​វិញ​ថា​ត្រូវ​ទទួល​ ឬ​ អត់​ផង​ ស្រាប់​តែ​កូន​ឃ្លាត​ឆ្ងាយ​ដោយ​មិន​អាច​វិល​វិញ។ នៅថ្ងៃ​ទី​​២៥ និង​ ២៦ ខែ​មិថុនា​ ជាថ្ងៃ​ដែល​ក្រុម​គ្រួសារ​កញ្ញា ធ្វើ​បុណ្យ​ខួប​គំរប់​១០០​ថ្ងៃ។
ចំពោះ​ជីដូន​កញ្ញា ហោន ចន្រ្ទា​ វិញ​ដែល​ស្រឡាញ់​ចៅ​ នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ចន្រ្ទា​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ គាត់​ចាប់​ផ្ដើម​វង្វេង​ លែង​និយាយ​ស្ដី​​ ហើយ​នៅ​ពេល​ដែល​គាត់​ និយាយ​ស្ដី​វិញ​​ គាត់​តែង​តែ​ហៅ​រក​ឈ្មោះ​ចៅ​ស្រី​របស់​គាត់ ដែល​កាល​ពី​មុន​គាត់​ជា​មនុស្ស​មាន​សភាព​ធម្មតា​ទេ។
ឆ្លៀត​ក្នុង​ពេល​ដែល​នាំ​យក​ថវិកា​ដែល​បាន​ទទួល​ពី​លោក​ប្រធាន​វិទ្យុ​ខ្មែរ​ពិភព​លោក ក៏​បាន​យក​ថវិកា​ដែល​បាន​ទទួល​ពី បងប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំង​ តាម​រយៈ​លោកអ៊ំ មាន​ កប ចំនួន​ ១៥០​ដុល្លារ​ ​និង​​ថវិកា​ផ្ទាល់​របស់​សមាគម​និស្សិត​ឧត្តរមានជ័យ ចំនួន៥០ដុល្លារ ទៅ​ជូន​ក្រុម​គ្រួសារ​កញ្ញា​​ ហោន​ ចន្រ្ទា ផង​ដែរ។ សរុបថវិកា​ដែល​ប្រគល់​ជូន​ក្រុម​គ្រួសារ​កញ្ញា ចន្រ្ទា​ ចំនួន ១២០០ដុល្លារអាមេរិក។

លោកអ៊ំ ហោន ហង្ស​ និង​ អ៊ំស្រី​ វ៉ែន សំអាត ក៏​មិន​ភ្លេច​នៅ​ថ្លែងអំណរគុណ​ ចំពោះ​សប្បុរសជន​ទាំង​អស់​ដែល​នៅ​ បារាំង​​ កាណាដា អូស្ត្រាលី ​សហរដ្ឋអាមេរិក....... បាន​ចូលរួម​រំលែក​ទុក្ខ​ និង​បាន​ឧបត្ថម្ភ​​​ជា​ថវិកា​ដល់​ក្រុម​គ្រួសារ​គាត់ និង​សូម​ជូនពរ លោក​ លោកស្រី​ទាំង​អស់​ជួប​​​​តែ​សេចក្តី​សុខ ព្រម​ទាំង​រក​ទទួល​ទាន​មាន​បាន​គ្រប់ៗគ្នា៕៚