Tuesday, June 26, 2012

ដើម​ព្រាល


ព្រាល​គឺ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​សារប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន​ដែល​​រស់​តំបន់​ស្រុក​ស្រែ​ចំការ សម្រាប់​ធ្វើ​ជា​ឧបករណ៍​​​​ប្រើ​ប្រាស់​ផ្សេង​ៗ​ ដូច​ជា​ចំណង​ចង​សំ​ណាប​ ចង​​នំអន្សម​​និង​យក​ទៅ​ធ្វើ​ជា​ចំណង​សម្រាប់​បំពេញ​ត​ម្រូវ​ការ​ផ្សេងៗ​ទៀត​ក្រៅពី​នេះ​។ រុក្ខជាតិ​ព្រាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ ​នូវ​មាន​នៅ​ឡើយ គឺ​មិន​ទាន់​ផុត​ពូជ​នោះ​ទេ​។ តែ​បើ​តាម​ការសង្កេត​មើល​ឃើញ​ថា​ រុក្ខ​ជាតិ​នេះ​មាន​ដុះ​នៅ​តាម​តំ​បន់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ​តែ​តំបន់​ខ្លះ​គ្មាន​ទេ​រុក្ខ​ជា​តិ​ប្រភេទ​នេះ​នោះ​ទេ​។ វា​មាន​ដុះ​តាម​តំបន់​ព្រៃ​របោះ​ ​ក្បែរ​ៗ​​មាត់​​ត្រពាំង​ក្នុង​ព្រៃ​​ មាត់​អូរ​ប្រឡាយ​និង តំបន់​ ក្រឡិក​ក្រឡុក​ដែល​ទឹក​ដក​ នូវ​តាម​ព្រៃ​នារ​ដូវ​វស្សា​។ ហើយ​វា​មាន​ដុះ​បង្កប់​ក្នុង​ព្រៃ​មាត់​អូរ​ប្រឡាយ និង​ត្រពាំង​​​ទាំង​នោះ ក្រៅ​ពី​នេះ​វា​មាន​ដុះ​តាម​ទី​ទួល​ខ្ពង់​រាប​ភ្នំ​មួយ​ចំ​នួន​ ដូច​ជា​នៅ​ទឹក​ដី​ស្រុក​បន្ទាយ​អំ​ពិល​នៃ​ខេត្តឧត្តរមាន​ជ័យ​ នៅ​តំ​បន់​ទាំង​នោះ​ចាប់​ពី​ជើង​ភ្នំ​ដង​រែក​ចុះ​រហូត​មក​(តំ​បន់​នៃ​ព្រៃ​ខ្លះ​) ដី​តាម​តំបន់​ទាំង​នោះ​គឺ​មិន​ស្មើ​​ទេ​ខ្ពស់​ខ្លះ​ ទាប​ខ្លះ​កន្លែង​ណា​ដែល​ទាប​អាច​អោយ​ប្រជាជន​ប្រកប​របរ​ កសិកម្ម​បាន​ខ្លះ​ ដូច​ជា​ធ្វើស្រែ​ចំ​ការ​និង​ ដំណាំ​ផ្សេងៗ​ដែល​អាច​ធ្វើ​ទៅ​បាន​។ នៅ​តាម​ ​ព្រៃ​របោះ​នៃ​តំ​បន់​ទាំង​នោះ​មាន​រុក្ខ​ជាតិ​ព្រាល​នេះ​ដុះ​ខ្លះ​ តែ​កន្លែង​ខ្លះ​គ្មា​ន​រុក្ខ​ជាតិ​ប្រភេទ​នេះ​ទេ​ បើ​តាម​ដឹង​ភាគ​ច្រើន​វា​មាន​តំបន់​ព្រៃ​ដែល​រដូវ​វស្សា​មាន​ទឹក​ដក​តិចៗ​មិន​ជោគ​ជាំ​ច្រើន​ពេក​ទេ​ តែ​តំបន់​សំណើម​បង្គួរ​រុក្ខជាតិ​នេះ​គឺ​វា​លូតលាស់​ល្អ​ណាស់​ លើស​ពី​នេះ​ទៀត​នោះ​តាម​ខ្ពង់រាប​មួយ​ចំ​នួន​ខ្លះ​ទៀត​ក៏​លូត​លាស់​ល្អ​ដែរ​ ជាពិសេស​នោះ​បើ​កន្លែង​ខ្លះ​ ​ដែល​មិន​សូវ​មាន​មនុស្ស​កាប់​យក​មក​ប្រើ​ប្រាស់​ទេ​ដើម​របស់​វា​ដុះ​រហើង​ល្អ​ទៀត​ផង ពេល​យើង​មើល​ទៅ​ស្រស់​ស្អាត​ណាស់​រួម​ផ្សំ​និង​ស្លឹក​ដ៏​ខៀវ​ស្រស់​របស់​វា​ផង​។ ​រុក្ខ​ជា​តិ​នេះ​ដុះ​ជា​គុម្ព​ៗ​ តែ​ក្នុង​មួយ​គុម្ព​ៗ​នោះ​មាន​ច្រើន​​ដើម​ ហើយ​ដើម​របស់​វា​ដុះ​ដង្ហែ​ពី​មួយ​គុម្ព​ទៅ​មួយ​គុម្ព​ក្បែរ​ៗ​​គ្នា។ បើ​តាម​ការ​សង្កេត​មើល​រុក្ខ​ជាតិ​ព្រាល​ដើម​របស់វា​មាន​ទំ​ហំ​ប៉ុន​ៗ​ម្រាម​ដៃ ​ឬ​អាច​ធំ​ជាង​នេះ​អាស្រ័​យ​ទៅ​តាម​អាយុ​កាល​​របស់​វា​ និង​តំបន់​ដែល​ដុះ​លូត​បាន​ល្អ។ បើ​វា​មាន​អាយុ​ច្រើន​ មិន​ដែល​មាន​មនុស្ស​កាប់​និង​ភ្លើង​ឆេះ​នោះ​​ ដើ​ម​របស់​វាធំ ហើយ​វា​មាន​ប្រវែង​ពី​មួយ​ម៉ែត្រ​ទៅ​ពីរ​ម៉ែត្រ​ជាង ឬអាច​លើស​នេះ​បើ​កន្លែង​ណា​វា​លូត​លាស់​ល្អ​ តែ​ស្លឹក​វា​មាន​លក្ខណៈ​ខុស​ពី​រុក្ខជាតិ​ដ​ទៃ​ត្រង់​ថា​នៅ​ផ្នែក​ខាង​ក្រោម​មាន​ដូច​ជា​ភួយ​ៗ​(មម្មេសៗ)​​ រាង​ស្រដៀង​និង​ស្លឹក​ទំ​ពាំង​បាយ​ជួ​ព្រៃ​។ តែ​ផ្នែក​ខាង​លើ​នៃ​ស្លឹក​វា​ដូច​ជា​ស្លឹក​រុក្ខ​ជាតិ​ដទៃ​គឺ​រលោង​ធម្មតា។ បញ្ជាក់​ផង​ដែរ​ថា​ស្លឹក​ព្រាល​ប្រសិន​បើ​ដើរ​អត់​បាន​ពាក់​អាវ​កាត់​វា អាច​ធ្វើ​អោយ​យើង​ស្កៀប​ឬ​រមាស់​បាន ប៉ុន្តែ​វា​គ្មាន​ប្រតិកម្ម​អ្វី​និង​ស្បែក​របស់​មនុស្ស​យើង​ទេ​។​ នៅ​ពេល​គេ​ត្រូវការ​វា​យក​ធ្វើជា​ចំ​ណង​ដូច​ជា​វេច​អន្សម​ឬ​ក៏​ចង​ដៃ​សំណាប​និង​ របស់​ផ្សេងៗ​​ ឬ​ក៏​វេញ​ជា​ខ្សែ​ ចង​គោ ឬ​ ខ្លុះ​គោ នោះ​គេ​ទៅ​កាប់​វា​ហើយ​​ យក​មក​បក​ យក​តែ​សំបក​វា ​​រួច​ហើយ​គេ​យក​សំបក​ មក​កោស​ឬ​ លាត់​យក​ផ្នែក​ខាង​ក្រៅ​វា​ចេញ​រួច​ហើយ​យើង​អាច​យក​មក​ប្រើ​ប្រាស់​បាន​។ តែ​ដើម​វា​នៅ​ពេល​ដែល​គេ​បក​យក​សំបក​ហើយ​នោះ​គេ​ចោល​ឬ​ យក​ធ្វើអ្វី​ផ្សេង​ៗ​​ ភាគ​ច្រើន(​ឆ្អឹង​ព្រាល​)​ត្រូវ​បាន​គេ​ចោល​បើ​នៅ​តាម​ស្រុក​ស្រែ​ចំការ​។ ក្រៅ​ពី​នេះ​ទៅ​ទៀត​នោះ​បើ​យើង​ចង់​យក​មក​ទុក​ដើម្បី​ប្រើ​ប្រាស់​បាន​យូរ​ យើង​អាច​កាប់​វា​យក​មក​បក​ដាក់​ហាល​ថ្ងៃ​អោយ​ស្ងួត​រួច​យើង​លើក​វា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ នៅ​ពេល​ដែល​ចង់​យក​មក​ប្រើប្រាស់​ក្នុង​លក្ខណៈ​ធ្វើ​​ជា​ចំណង​តូចតាច​បាន​ យើង​ត្រូវ​យក​ដាក់​ត្រាំ​ទឹក​ពី​បី​ទៅ​ប្រាំ​នាទី​សិន​មុន​និង​យើង​វា​មក​ប្រើ​ប្រាស់​ ដើម្បី​អោយ​វា​ស្វឹត​ជាប់​ល្អ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​មនុស្ស​ចាស់​សម័យ​មុន​ យក​ព្រាល​មក​វេញ​ធ្វើ​ជា​ខ្សែ​សម្រាប់​ចង់​គោ​ក្របី​បាន​ទៀត​ផង​ដោយ​សារ​សម័យ​មុន​ប្រជាជន​តាម​ស្រុក​ស្រែ​ចំ​ការ​មួយ​ចំនួន​ ខ្វះ​ខាត​លុយ​កាក់​សម្រាប់​ទិញ​ខ្សែ​នៅ​តាម​ទី​ផ្សារ។
          តែ​បច្ចុប្បន្ន​នេះ​រុក្ខជាតិ​ព្រាល​កំពុង​តែ​រង​នូវ​ការ​ហិន​ហោច​ជា​បណ្ដើរ​ៗ​ហើយ​ដែរ​ ដោយ​សារ​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​និង​ សកម្មភាព​មួយ​ចំ​នួន​របស់​មនុស្ស​ ដុត​ព្រៃ​ឆ្ការ​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ដូច​នេះ​ហើយ​បាន​ជា​ធ្វើ​អោយ​រុក្ខ​ជាតិ​នេះ​រង​នូវ​ការ​បាត់បង់​យ៉ាង​នេះ​នោះ។ ចុង​ក្រោយ​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​អោយ​ជួ​យ​ថែ​រក្សា​ព្រៃឈើ​និង​ រុក្ខជាតិ​ដែល​មាន​ប្រយោជន៍​ សម្រាប់​យើង​ទាំង​​អស់​គ្នា​អោយ​បាន​គងវង់​តទៅ​ទៀត។ សូម​បញ្ជាក់​ផង​ដែរ​ថា​ឆ្អឹង​ព្រាល​ក៏​អាច​យក​ទៅ​ព្យាបាល​ជម្ងឺ​បាន​ផង​ដែរ​ ដូច​ជា​យក​វា​ទៅ​ដុត​កំ​ឡោច​ រួម​និង​ស្នូល​ពោត​រួច​ដាក់​ត្រាំ​និង​ទឹក​ផ្តិល​ផឹក​បំបាត់​ជំងឺ​លាប់​បាន (​នៅ​ពេល​ដែល​មាន​ជំងឺ​គ្រុន​ផ្សេងៗ​ពេល​ជា​ហើយ​តែ​កើត​ឡើង​វិញ​យើង​អាច​យក​វា​មក​កំឡោច​ដាក់​ត្រាំ​ទឹក​ផឹក​បំបាត់​បាន) នេះ​គ្រាន់​តែ​វិធី​បុរាណ​ដែល​បាន​ប្រើ​ប្រាស់​នៅ​ទី​ជនបទ​ពីមុន​ដែល​មិន​មាន​មន្ទីរ​ពេទ្យ​ ឬ​មណ្ឌល​សុខភាព​នៅ​ក្បែរ​៕៚
ឡាទី​នន័រ