Friday, June 22, 2012

ធ្វើស្រែចំការ​នៅ​ជន​បទ​ភ្លៀង​ធ្លាក់​ទី​ក្រុង


យើង​ដឹង​ហើយថា​ទឹកភ្លៀង​តែង​តែ​ធ្លាក់​ទៅ​លើ​តំបន់​ណា​ដែល​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ ស្ទឹង ​ព្រែក​ បឹង​បួ​ ទន្លេរ​ និង​សមុទ្រ​ជាដើម​ ជាពិសេស​នៅ​តាម​ទី​ជន​បទ​ដែល​សំបូរទៅ​ព្រៃភ្នំ​​​ តាម​ស្រុក​ស្រែ​ ភ្លៀង​ទាំង​នោះ​ហើយ​សម្រាប់​ជួយ​ស្រោច​ស្រប់​ភោគ​ផល​ដំ​នាំ​ដាំ​ដុះ​របស់​ពួក​គាត់​ ចំឡែក​អ្វី​ក្នុង​ឆ្នាំ​នេះ​(២០១២)​ គ្រាន់​តែ​ដើម​ឆ្នាំ​សោះ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នៅ​ទី​ក្រុង​ទៅ​វិញ​ លិច​ផ្ទះ​សំ​បែង​អស់​ ចំនែក​នៅ​តាម​ដង​វិថី​សុទ្ធ​តែ​ទឹក​ ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើ​រ​ ។
តើមូល​ហេតុ​អ្វី​បាន​ជា​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នៅ​ទី​ក្រុង​ ចំនែក​នៅ​ទី​ជន​បទ​បែរ​ជា​គ្មាន​ភ្លៀង​ធ្លាក់​ទៅ​វិញ​?​
ជា​ការ​ពិត​ណាស់​​ មិន​ថា​នៅ​កន្លែង​​ណា​ក៏​ដូច​កន្លែង​ណា​ដែរ​ សុទ្ធ​តែ​ត្រូវ​ការ​ទឹក​​ដើម្បី​យក​មក​ប្រើ​ប្រាស់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ ក៏ដូច​ជាស្រោច​ស្រប់​ផល​ដំ​នាំ​ផង​ដែរ​ ។ ​ទឹក​គឺ​ជា​ប្រភព​ដ៏​សំខាន់សម្រាប់​មនុស្ស​ សត្វ​ និង​រុក្ខជាតិ​ បើ​គ្មាន​ទឹក​ទេ​ក៏​គ្មាន​ជីវិត​រស់​នៅ​លើ​ផែន​ដី​ដែរ​ យើង​មើល​​ឃើញ​ជាក់​ស្ដែង​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​លើ​ពិភព​លោក ក៏​ដូច​ជា​ប្រជាពលរដ្ឋខ្មែរ​សព្វ​ថ្ងៃ​គឺ​កំពុង​តែ​ត្រូវ​ការ​ទឹក​ ដើម្បី​ការងារ​កសិកម្ម​ ដាំ​ដុះ​របស់​ពួក​គាត់​ ដោយ​សារ​ទឹក​នេះ​ហើយ​​ទើប​ធ្វើ​ឲ្យ​ពួក​គាត់​​មាន​ជីវ​ភាព​សម​ល្មម​និង​គេ​​​ បើ​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​។ ​ផ្ទុយ​ទៅ​វិញ​ក្នុង​មួយ​រយៈ​ពេល​នេះ​​ បែរ​ជាមាន​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់​នៅតាម​ទី​ជន​បទ​បែរ​ជា​នៅ​ទី​ប្រ​ជុំ​ជន​(ទី​ក្រុង​)​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទៅ​វិញ​។​​ ​​គួរ​កត់​សម្គាល់​ថា​នៅ​តាម​ទី​ក្រុង​សំបូរ​ទៅ​ដោយ​អាគារ​ធំ​ៗ​ ផ្លូវ​ចាក់​កៅស៊ូ​ខ្វាត់​ខ្វែង​​ ផ្សែង​ឡាន​ម៉ូតូ​អាប់​អួរ​មិន​គួ​មាន​ភ្លៀង​ធ្លាក់​សោះ​គឺ​គ្មាន​ដើម​ឈើ​ណាធំ​ៗ​ ឬ​ក៏​ព្រៃ​ឈើ​ច្រើន​នោះ​ទេ​ តើ​អាច​មាន​លទ្ធភាព​​អ្វី​ទាក់​ទាញ​ទឹក​ភ្លៀង​បាន​ បើ​នៅ​ទី​ក្រុង​មាន​តែ​ឡាន​ម៉ូតូ​និង​សំណង់​អាគារ​តែ​ប៉ុណ្ណោះ​ ឬ​មាន​តែ​ម៉ូតូ​ឡាន​ទេ​ ដែល​អាច​អូស​ទាញ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​បាន​​។ ​ចំនែក​នៅ​តាម​ទី​ជន​បទ​វិញ​ព្រៃ​ឈើ​ក៏​សំបូរ​ដើម​ឈើ​ធំៗ​ សំ​បូរ​ភ្នំ​តូច​ធំ​ទាំ​ង​​អស់​បែរ​ជា​គ្មាន​លទ្ធភាព​បង្កើត​ទឹក​ភ្លៀង​បាន​ទៅ​វិញ​ ឬ​នៅតាម​ជន​បទ​គ្មាន​ឡាន​ម៉ូតូ​ និង​អាគារ​ធំៗ​សម្រាប់​អូស​ទាញ​ទឹក​ភ្លៀង​។ ​​ម្យ៉ាង​ទៀត​​នៅ​តាម​ជនបទ​ដោយ​សារ​ប្រជាជន​កាប់​ព្រៃ​ឈើ​អស់​​ ជា​ការ​ពិត​ការ​រស់​នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ​​គឺ​មាន​ធំ​ណាស់​ សម្រាប់​ដោះ​ស្រាយ​ជីវភាព​ដ៏​លំ​បាក​របស់​ពួក​គាត់​ គឺការ​កាប់​ព្រៃ​ឈើ​​ដើម្បី​ពង្រីក​ដី​សម្រាប់​បង្កើន​ផល​ សាង​សង់​ផ្ទះ​សំបែង​ យក​មក​ធ្វើ​អុស​ដុត​ ឬ​សម្រាប់​លក់​ ពួក​គាត់​ធ្វើ​បែប​នេះ​គឺ​ដឹង​ហើយ​ថាការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​ជាអំ​ពើខុស​ច្បាប់​ ប៉ុន្តែ​ពួក​គាត់​ធ្វើ​បែប​នេះ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវ​ភាព​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ​ ក្នុង​ចំនួនមួយ​ដែល​អាច​ទប់ស្កាត់បាន។​ ប៉ុន្តែ​ចំពោះ​ការ​កាប់​បំផ្លាញ​​ពី​សំណាក់​មនុស្ស​មាន​អំណាច​ និង​ការ​ធ្វើ​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ដែល​ឈូសឆាយ​ដី​​ព្រៃ​ឈើ​ ហើយ​មិន​ដាំដំណាំ​នោះ​ ទើប​ជា​ការ​​វិនាស​ហិន​ហោច​កំឡោច​ក្លាយ​ជា​​ទី​វាល​​ល្វឹង​ល្វើយ។​​ ​ កត្តា​ទាំង​នេះ​បាន​កែ​ប្រែ​ធម្មជាតិ​អស់​ទាំង​ស្រុង​ រដូវវស្សា​សោះ​បែរ​គ្មាន​ទឹក​ភ្លៀង​ធ្លាក់​ រដូវ​ប្រាំង​សោះ​បែ​រ​ជា​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ ទាំង​នេះ​បង្កើត​ឲ្យ​មាន​​កូន​រដូវ​ប្រាំង​បង្កប់​ក្នុង​រដូវវស្សា​ ធ្វើ​ឲ្យ​ស្រែ​ចំ​ការ​ខូច​ខាត​អស់​ ខ្លះ​ខូច​ដោយ​ទឹ​ក​ជំនន់​ ខ្លះ​ទៀត​ខូច​ដោយ​គ្មាន​ទឹក​…​។​ វា​ក៏​មិន​ប្រាកដ​ថា​ព្រៃឈើ​នៅ​តាម​ទី​ជន​បទ​ ត្រូវ​វិនាស​ហិន​ហោច​ដែរ​ ដោយ​សារ​សព្វ​ថ្ងៃ​នេះ​ប្រជាជន​មួយ​ភាគ​ធំ​ក៏​ដឹង​ពី​ផល​វិបាក​ នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ថ្វៃត្បិត​តែ​ពួក​គាត់​មិន​ចេះ​អក្សរ​ តែ​គាត់​ក៏​មាន​ត្រចៀក​ស្ដាប់​លឺ​ដែរ​​ ថាតើ​គួ​ធ្វើ​យ៉ាង​ណា​នោះ​ដើម្បី​ការ​ពារ​ព្រៃ​ឈើ​​ឲ្យ​គង់​វង្ស​ ។​​​ ​​​ចំ​នែក​ការ​ធ្លាក់​ភ្លៀង​នេះ​ ក៏​មិន​ប្រាកដ​ថា​ ធ្លាក់​នៅ​ទី​ណា​ដែរ​​​ មិន​ថា​ទី​ក្រុង​ឬ​ជន​បទ​នោះ​ទេ​ ប៉ុន្តែ​មិន​ដឹងថា​តិច​ឬ​ច្រើន​។ ​ដូច​នេះ​ដើម្បី​រក្សា​ការពារ​លំនឹង​ទឹក​ភ្លៀង​ យើងទាំង​អស់​គ្នា​ត្រូវ​ការ​ពារ​សម្បត្តិ​ធម្មជាតិ​ដែល​មាន​ស្រាប់​ឲ្យ​បាន​គង់​វង្ស​ និង​បរិស្ថាន​ឲ្យបាន​​ស្ថិត​ស្ថេរ​ជានិច្ច​។ “រួម​គ្នាថ្ងៃនេះ ដើម្បីបរិស្ថាន និង​ការរស់នៅ​ពេល​អនាគត”៕​៚
ស្ងាម ​ក្រឹម