Tuesday, May 8, 2012

សមត្ថកិច្ច​ចម្រុះ​និង​រដ្ឋបាល​ព្រៃឈើ​ចុះ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​

ឧត្តរមានជ័យ ​៖ ​កាលពី​វេលា​ម៉ោង​៧និង២៥​នាទី​ ព្រឹក​ថ្ងៃ​ទី​ ៧​ ខែ​ឧសភា​ ឆ្នាំ​២០១២​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង​បាន​ធ្វើការ​បូក​សរុប​លទ្ធផល ​ស្ដីពី​ការទប់ស្កាត់ ​និង​ ផ្សាយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​ភ្នំ​ឆ្លងដែន​ ចូល​ទឹកដី​ថៃ​កាប់​ឈើ​គ្រញូង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រសាទ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដូចជា​ចំណុច​ភូមិសាស្ត្រ ​ច្រក​ថ្ម​បី​ដុំ ច្រក​ប្រះ ​ច្រក​ចំបក់​ ច្រក​ចំការ​នំ​ឡូង ​ច្រក​ឈើទាល​ជ្រុំ ​ច្រក​ក្បាល​អូ​ស្វាយ​ជាដើម។​
លោក ឃុន សុភា នាយរង​រដ្ឋបាល​ព្រៃឈើ ខេត្ត​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា សមាសភាព​ចូលរួម​មាន​លោក ផុន ជា​កុល​សស អភិបាលរង​ស្រុក​ត្រពាំង​ប្រាសាទ លោក នូ ភិរម្យ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ អន្លង់វែង លោក ជៀល សុផល មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រសាទ និង លោក លី ស្រេង មេបញ្ជាការ រ​វៈ​សេនា​តូច ៤១៣ ។ លោក ឃុន សុភា នាយ​ខណ្ឌ​បាន​បន្ត​ទៀតថា លទ្ធផល​សម្រេច​បាន​ចាប់ពី​ថ្ងៃទី ២៤ ខែ មេសា​ដល់​ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១២ នេះ​ការទប់ស្កាត់​អប់រំ​ផ្សព្វផ្សាយ​ ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​បម្រុង​ឆ្លងដែន​ឡើង​ភ្នំ​កាប់​ឈើ​គ្រញូង​មាន​ ចំនួន​សរុប ១៣២នាក់ ​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ​ដែល​មកពី​បណ្ដា​ខេត្ត​ ដូចជា​ ខេត្ត​សៀមរាប​៤៤​នាក់​ ខេត្ត​កំពង់ស្ពឺ ២៩នាក់ ​ខេត្តតាកែវ២នាក់​ ខេត្តកំពត​ ២៤នាក់​ ខេត្ត ​បាត់ដំបង​ ១នាក់​ ខេត្តពោធិ៍សាត់១៤នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ៦នាក់ ​ឃុំ​អូរ​ស្វាយ៥នាក់​ ខេត្ត​ព្រះវិហារ១នាក់។ ​លោក ឃុន សុភា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​បាន បន្ត​ទៀត​ថា​ ផ្ទះ​ស្នាក់នៅ​សម្រាប់​ប្រជាពលរដ្ឋ​ចំណាកស្រុក​បម្រុង​ឡើង​ភ្នំ​ចំនួន​មួយ​ ខ្នង​ស្ថិតនៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ​ឃុំ​អូរ​ស្វាយ ​ត្រូវ​បាន​ឃាត់​ម្ចាស់​ឈ្មោះ ហុង ងៃ និង ប្រពន្ធ​ឈ្មោះ អូ មុំ ​បាន​យល់​ព្រម​ធ្វើ​កិច្ចសន្យា​មិន​យក​មនុស្ស​ឡើង​ភ្នំ​ទៅ​កាប់​ឈើ​ និង ឈប់​ប្រព្រឹត្តិ​តទៅទៀត ​ហើយ​មធ្យោបាយ​ដឹកជញ្ជូន​ម៉ូតូ២គ្រឿង និង​រថយន្ត៣គ្រឿង ត្រូវ​បាន​ទប់ស្កាត់ និង​អប់រំ​ណែនាំ​មិន​ឲ្យ​ដឹក​ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​ទម្លាក់​ក្នុង​ឃុំ អូរ​ស្វាយ​សម្រាប់​ឡើង​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​នោះ​បន្តទៅទៀត៕
ចាន់​ធី