Monday, May 14, 2012

ប្រជាជន ២ស្រុក ១.៤៧៤ គ្រួសារ រីករាយ ទទួលយក ការដោះស្រាយ វិបត្តិដីធ្លី ពីគណៈបញ្ជាការ សមរភូមិមុខ

Monday, 14 May 2012 11:08 ដោយៈ ច័ន្ទ ពន្លឹក-Posted : ID-014
ខេត្តឧត្តរមានជ័យ៖  លោកនាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ ប្រចាំការគណៈបញ្ជាការ ឯកភាពសមរភូមិមុខកាលពី ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១២ បានអញ្ជើញ ជួបដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋចំនួន ១.៤៧៤គ្រួសារ ស្ថិតនៅស្រុកអន្លងវែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលរងផលប៉ះពាល់ដីកសិកម្ម ជាមួយបណ្តាក្រុម ហ៊ុននានានោះ ត្រូវបានគណៈបញ្ជាការឯកភាព សមរភូមិមុខ ទិសព្រំដែនកម្ពុជា-ថៃ ធ្វើការដោះស្រាយ ដោយជោគជ័យ ។
បញ្ហាដីធ្លីបានធ្វើឲ្យ មានទំនាស់កើតឡើងជាញឹកញាប់ រវាងក្រុមហ៊ុន ដែលមានទីតាំង នៅជាប់ដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ ដើម្បីបញ្ចប់បញ្ហា ទទួលបានការ ឯកភាពស្រុះស្រួលគ្នា រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានស្នើសុំដល់ប្រជាពលរដ្ឋ ទាំងអស់ ទាំងអ្នកមានដីច្រើន អ្នកមាន ដីតិច និងអ្នកគ្មានដីសោះ ឲ្យទទួលយកក្នុងចំណែកដីស្មើៗគ្នា ពោលគឺ ក្នុង ១គ្រួសារៗ ផ្តល់ជូនដីចំនួន១.៥ហិចតា ជាមួយនឹងការផ្តល់ជូន នូវប័ណ្ណកម្មសិទ្ធិស្រប ច្បាប់ ទៀតផង ។ ចំពោះការស្នើសុំខាងលើនេះ ប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការអបអរសាទរ និង ពេញចិត្តទទួលយកដោយរីករាយ ហើយចាប់ពីពេលនេះ តទៅ ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ នឹងមាន ប័ណ្ណកាន់កាប់ដីធ្លីស្របច្បាប់ ដែលចេញដោយអាជ្ញាធរមូលដ្ឋាន។
លោក យឹម ផាន់ណា អភិបាលស្រុកអន្លងវែង បានធ្វើសេចក្តីរាយការណ៍ អំពីស្ថានភាពទូទៅ របស់ស្រុកអន្លងវែង និងស្រុកត្រពាំងប្រាសាទ ដែលមានភូមិសាស្រ្ត ស្ថិតនៅជាប់តំបន់ព្រំដែន ជួរភ្នំដងរែក មានព្រំប្រទល់ជាប់និងប្រទេសថៃ ដោយមានប្រជាពលរដ្ឋ រស់នៅសរុប ១៨.៥១៣គ្រួសារ ចែក ចេញជា ១១ឃុំ និង ៣១២ភូមិ រួមនឹងភូមិ ឧបសម្ព័ន្ធចំនួន ៦១ភូមិទៀត។
នៅក្នុងសម័យសង្រ្គាម ដែលគ្រប់គ្រងដោយ អតីតកម្លាំងខ្មែរក្រហម តំបន់ទាំងនេះ ពុំទទួលបានការអភិវឌ្ឍន៍ឡើយ ទើបតែនៅក្នុង ឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យសង្រ្គាមរ៉ាំរ៉ៃត្រូវបានបញ្ចប់ ហើយតំបន់នេះទទួលបាន ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ កន្លងមកបងប្អូន បានកាប់រានដី ខ្លះមានច្រើន ខ្លះតិច ទៅតាមធនធានរបស់ខ្លួន មកលើដីបំរុងទុករបស់រដ្ឋ។ បច្ចុប្បន្នមានបណ្តាក្រុមហ៊ុន ជាច្រើនបានមកបណ្តាក់ទុនវិនិយោគ ហើយ ដែលភាគច្រើននោះ គឺវិនិយោគលើវិស័យកសិកម្ម ដែលជាហេតុ ធ្វើឲ្យមានការប៉ះពាល់ខ្លះៗ ដល់ប្រជាពលរដ្ឋ ដែលមានដីច្រើនហិកតា តែពុំទាន់មានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់នៅឡើយ។
លោកនាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមគណៈបញ្ជាកា រឯកភាពសមរភូមិមុខ បានសម្តែងនូវការសប្បាយរីករាយ ចំពោះបងប្អូនប្រជាជន ដែលឯកភាពទទួល យកនូវការដោះស្រាយ ។ លោក បានស្នើសុំបងប្អូន បញ្ឈប់ការកាប់រានដីព្រៃ ជាកម្មសិទ្ធបន្តទៀត ព្រោះដីទាំងនោះជាដីបំរុងរបស់រដ្ឋក្រោម ការគ្រប់គ្រងរបស់ បរិស្ថាន និងរដ្ឋបាលព្រៃឈើ និងមួយចំនួនរដ្ឋបានផ្តល់សម្បទាន ដល់ក្រុមហ៊ុនវិនិយោគ ដើម្បីអភិវឌ្ឍន៍លើវិស័យកសិកម្ម។
លោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋក្រោយពេល ទទួលបានចំណែកដីហើយ ត្រូវខិតខំយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល អភិវឌ្ឍន៍ភូមិដ្ឋានឲ្យបាន ល្អ ព្រមទាំងមិនអនុញ្ញាតិឲ្យ ធ្វើការដោះដូរ នូវចំណែកដែលបានចែកជូននាពេលនេះ នៅក្នុងរយៈពេល ៥ឆ្នាំ៕
www.dap-news.com