Monday, April 30, 2012

ស្គរដៃ​ភូមិ​គូរ


ដោយ​ សូដា
ភូមិ​គូរ​ជា​ភូមិ​មួយ​ស្ថិត​នៅ​ឃុំ​គោកមន​ ស្រុក​បន្ទាយអំពិល​ ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​ចម្ងាយ​ប្រហែល​​ជា​១៣ គីឡូម៉ែត្រ​ នៅ​ប៉ែក​ខាង​ជើង​ពី​ទី​រួម​ស្រុក​បន្ទាយអំពិល​។​ នៅ​ជុំវិញ​ភូមិ​គូរ​ ដែល​ជា​ភូមិ​ចាស់​តាំង​ពី​យូរ​មក​ហើយ​ មាន​ដូចជា​ភូមិ​រំចេក គោក​សង្កើច​ ថ្នល់​បត់ សិទ្ធិ​សេរី …...។ ប្រជាជន​នៃ​ភូមិ​ទាំង​អស់​រស់​នៅ​ជាប់​ៗ​គ្នា​ ហើយ​បាន​រក្សា​វប្បធម៌​ប្រពៃណី​ ខុស​ពី​ភូមិ​ផ្សេងៗ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ផង​ដែរ។ ស្គរដៃ​ជា​តន្ត្រី​ដ៏​ពេញ​និយម​​ និង​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​របស់​ប្រជា​ជន​ក្នុង​ភូមិ​គូរ​​​ ក៏​ដូចជា​​ប្រជាជន​ក្នុង​ភូមិ​ដទៃ​ផ្សេងៗ​ទៀត​​ជុំវិញ​ស្រុក​បន្ទាយអំពិល​ដែរ។
ទោះ​បី​ជា​ឧបករណ៍​តន្រ្តី​សម័យ​សំបូរ​បែប ​បាន​កើត​ឡើង​យ៉ាង​ផុលផុស​សម្រាប់​កម្សាន្ត​អារម្មណ៍​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ បុណ្យ​ភ្ជុំ​បិណ្ឌ​​ និង​បុណ្យ​ផ្សេង​ៗ​ក្នុង​ភូមិ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រជាជន​មិន​បាន​បោះ​បង់​ចោល​ឧបករណ៍​តន្ត្រី​បុរាណ ​ដែល​បាន​កើត​​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ សម្រាប់​កម្សាន្ត​សប្បាយ​ក្រោយ​ពី​ឈប់​សម្រាក​ពី​ការងារ​​ច្រូត​កាត់ រួម​ជាមួយ​ការងារ​ផ្សេងៗ​ និង​ ក្នុង​ពិធីបុណ្យ​ផ្សេងៗ។ តន្ត្រី​នោះ​គឺ​ជា​តន្ត្រី​​ស្គរដៃ​។​ បច្ចុប្បន្ន​នេះ​ទៀត​សោត​ ស្គរដៃ​មាន​ការ​ពេញ​និយម​ ពី​សំណាក់​ប្រជាពលរដ្ឋ​ លើស​ពី​នេះ​ទៅ​ទៀត​ ស្គរ​ដៃ​នេះ​​កំពុង​តែ​ ទាញ​ប្រជាប្រិយ​ភាព​ពី​ ឧបករណ៍ តន្ត្រី​សម័យ​ "ធុងបាស" ដែល​ជា​ឧបករណ៍​ទំនើប ហើ​យ​ចំណាយ​កម្លាំង​មនុស្ស​តិច​ក្នុង​ការ​សំដែង​ ហើយ​ក៏​មាន​តម្លៃ​នៃ​ការជួល​​ទៅ​បម្រើ​ការ​សប្បាយ​​មាន​តម្លៃ​ថោក​ផងដែរ មួយ​យប់​តម្លៃចាប់​ពី​ ១៥ម៉ឺនរៀល ទៅ​ ២០ ម៉ឺនរៀល។ ទោះ​បី​តម្លៃ​នៃ​ការ​ជួល​ខ្ពស់​ជាង​ ការ​ជួល​ធុង​បាស​ក៏​ពិត​មែន​ តែ​ស្គរដៃ​នេះ​នៅ​តែ​​តម្រូវ​ការ​របស់​ប្រជាជន​ទាំង​ក្មេង​ ទាំង​ចាស់ ក្រោយ​ពី​មាន​ការ​កែ​ច្នៃ​ប្រឌិត​ថ្មី ខុស​ពី​ស្គរដៃ​កាល​ពី​ ២ ឬ​​៣ឆ្នាំមុន។​ ស្គរដៃ​ត្រូវ​បាន​គេ​ជួល​ ក្នុង​តម្លៃ​២៥​ម៉ឺន​រៀល​ ទៅ​៣០​ម៉ឺន​រៀល​ក្នុង​មួយ​យប់។
. ឧបករណ៍​ស្គរដៃ​កាល​ពី​មុនមាន​ដូច​ជា​៖
  • ស្គរដៃ​ ចំនួន១ ទៅ​ ៣
  • ទ្រូ​សោ/ទ្រូអ៊ូ ចំនួន១
  • ឆឹង ចំនួន១គូរ
  • កញ្ឆា​អង្រួន ចំនួន១គូរ
ប៉ុន្តែ​ក្រោយ​ពី​ការ​ច្នៃ​ប្រឌិត​ថ្មី​ ស្គរដៃ​មាន​អភិវឌ្ឍន៍​​បន្ថែម ​ដោយ​មាន​បញ្ចូល​ឧបករណ៍​ថ្មី​ ដែល​ជា​ឧបករណ៍​ច្នៃ​បន្ថែម និង​ មាន​ស្រាប់​ផង​ដែរ​។
. ឧបករណ៍​ស្គរដៃ​ក្នុង​សម័យ​ថ្មី មាន​ដូចជា៖
  • ស្គរដៃ​ ចំនួន១ ទៅ​ ២
  • ទ្រូ​សោ/ទ្រូអ៊ូ ចំនួន១
  • ឆឹង ចំនួន១គូរ
  • កញ្ឆា​អង្រួន ចំនួន១គូរ
  • ស្គរធំ ចំនួន​១គូរ
  • ស្គរ​ប៉ុក ចំនួន​១
  • ឆាង​ដែក ចំនួន១គូរ (ឆាង​ដែក​នេះ កែ​ច្នៃ​ចេញ​ពី​ផាល​ គោយន្ត​ដៃ​ ចាស់​ចំនួន​ ៤ យក​មក​ផ្កាប់​ដាក់​គ្នា​ មួយ​គូរ​ៗ)
កាល​ពី​មុន​ក្នុង​ភូមិ​គូរ​ និង​ភូមិ​ជុំវិញ​ភូមិ​ចាស់​នេះ​មាន​តែ​ស្គរ​ដៃ​តែ​មួយ​វង់​ទេ ប៉ុន្តែ​ក្រោយ​ពី​ការ​ពេញ​ និយម​ និង​តម្រូវការ​របស់​ប្រជា​ជន​ភូមិ និង​ក្នុង​ស្រុក​បន្ទាយ​អំពិល​ផង​ ស្គរដៃ​បាន​កើត​ចំនួន​ ៥​វង់​ ក្នុង​ភូមិ​ដែល​នៅ​ជុំវិញ​ភូមិ​គូរ​នេះ​ចំនួន​ ៤​វង់​បន្ថែម​ទៀត។ ក្នុង​នាម​ខ្ញុំ​ជា​ស្មេរ​ម្នាក់​ ខ្ញុំ​សូម​ចូលរួម​គាំទ្រ​ យ៉ាង​ខ្លាំង​ដែល​មាន​គំនិត​ក្នុង​ការ​ច្នៃ​ប្រឌិត​ និង​បាន​ធ្វើ​ឲ្យ​តន្ត្រី​បុរាណ​មាន​ការ​ចាប់​អារម្មណ៍ឡើង​វិញ ចំពោះ​ស្រទាប់​មនុស្ស​ក្នុង​ស្រុក​នេះ​ផង​ដែរ៕៚