Tuesday, May 1, 2012

សៀម​ព្រមាន​បិទ​ច្រក​ជប់​គគីរ​ទាម​ទារ​ឱ្យពល​រដ្ឋ​ខ្មែរដក​ដំឡូង​ដែល​ដាំ​តាម​បន្ទាត់​ព្រំ​ដែន​

ដោយ ៖ បុប្ផា កោះ
ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៧:១៥

ខេត្តឧត្តរមានជ័យ ៖ មាន​សេចក្តី​រាយ​ការណ៍​​ឱ្យ​ដឹងថា ​​​ច្រក​របៀង​​ជប់​គគីរ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ជប់​គគីរ​ ឃុំ​​អំពិល​​ ស្រុក​បន្ទាយ​អំពិល ​ត្រូវ​បាន​ក្រុម​ទាហាន​សៀម​​ព្រមាន​​បិទ​​​​មិន​​ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំ​មុខ ​ទំនិញ​​ចូល​ទៅ​លក់​​ដោយ​​ចោទ​ថា ​​ប្រជា​ពលរដ្ឋ​​ខ្មែរធ្វើ​​ចម្ការ​​ដាំ​ដំឡូង​មី​នៅ​ក្បែរ​បន្ទាត់​ព្រំ​ ដែន​ដែល​ជា​ចំណុច​មិន​ច្បាស់​លាស់​​ ។ ការ​ព្រមាន​​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥ មេសា ​ពេល​​ជួប​គ្នា​ជា​មួយ​លោក​មេប៉ុស្តិ៍​ជប់គគីរ ។​
​ទោះបី​ជា​បែបណា ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ជប់គគីរ​​បាន​រៀប​រាប់​​ឱ្យ​កោះ​សន្តិ​ ភាព​ដឹងថា ពួក​គាត់​​បាន​រស់​នៅ​ក្បែរ​បន្ទាត់​ព្រំ​ដែន​​កម្ពុជា-ថៃ​នេះ​យូរ​មក​ហើយ​ និង​មាន​ដី​ចម្ការ​​​នៅក្បែរ​​​ព្រំ​ដែន​​ផងដែរ​ ​។ ​ពួក​គាត់​​​តែង​ប្រកប​​របរ​នេះ​ជារៀង​​​រាល់​ឆ្នាំ​​​​​ពុំ​ដែលខក​ខាន​​ឡើយ ​ ស្រាប់​តែ​​ពេលនេះ ក្រុម​ទាហាន​សៀម​បានមក​ហាម​ឃាត់​ និង​ឱ្យ​ពួកគាត់ដក​ដំឡូង​ចោល​វិញ ​ដោយ​សំអាង​ថា ​​ជា​កន្លែង​​មិន​ទាន់​​កំណត់​​ច្បាស់​លាស់​ពី​ព្រំដែន​នៅ​ឡើយ​ ។​
លោក​​ អនុសេនីយ៍​​ឯក ​ខាត់ សុខឿន ​មេប៉ុស្តិ៍ ​ជប់គគីរ​​​របស់​​វរ​ការ​ពារ​​ព្រំដែន​គោក​លេខ​៧០២ ​​បានឱ្យ​កោះ​សន្តិភាព​​ដឹង​ថា កាលពី​ថ្ងៃទី​២៥​​ មេសា​ ​លោក​បាន​ជួប​គ្នា​​ជាមួយ​ក្រុម​ទាហាន​ថៃ​ ហើយ​ទាហានថៃ​បាន​និយាយថា​ សុំឱ្យ​​ប្រជា​ពលរដ្ឋ​​​​របស់​លោក​ដក​ដំឡូង​​ដែលដាំ​នេះ​ចោល​​វិញ ​ព្រោះ​​ចូល​​ដល់​តំបន់​​ហាម​ឃាត់​​ បើ​មិន​ដក​​ទេពួកគេនឹង​បិទ​ច្រក​​ទ្វារ​មិន​ឱ្យ​នាំ​ទំនិញ​ចេញ​-ចូល​ ។ ពេលនោះ​លោក​បាន​​តប​​ទៅ​ក្រុម​ទាហាន​ថៃ​វិញថា ​​លោក​មិន​ហ៊ាន​​សម្រេច​ទេ ​បើ​ចង់​ដក​ដំឡូង​មី​ប្រជា​ពលរដ្ឋ​​​ខ្មែរ ​​ទាល់​តែ​លោក​ទទួ​ល​បទ​បញ្ជា​ពី​មេ​អង្គ​ភាព​​សិន​ទើប​​អាច​ដក​បាន​​ តែ​មក​ដល់​ពេលនេះមិន​ទាន់​បាន​​​ដក​នោះ​ទេ ។ ​លោក​បាន​​បញ្ជាក់​ថា ​​នៅពេល​​លោក​​ចុះ​ទៅ​​​​​ពិនិត្យ​​​នៅ​កន្លែង​ដី​ចម្ការ​នោះ គឺ​ប្រជា​​ពលរដ្ឋ​​បាន​ធ្វើ​ចម្ការ​​ចាស់​​ដ​ដែល​​គ្រាន់​តែ​ឃើញ​មាន​ពង្រីក ​៥​ទៅ​១០​ម៉ែត្រ​ប៉ុណ្ណោះ​ តែ​​មិន​បាន​ប៉ះពាល់​​​ទៅ​ដល់​ដី​ថៃ​នោះ​ទេ  ។
​លោក ចាប ផាត​ អភិបាល​​ស្រុក​បន្ទាយ​​អំពិល ​​បាន​ឱ្យ​​កោះ​សន្តិ​ភាព​​ដឹងថា ប្រជា​ពល​រដ្ឋ​​​របស់​លោក​​បាន​ប្រកប​​របរ​ធ្វើ​ចម្ការ​​នេះ​ជា​រៀង​​រាល់​ ឆ្នាំ​មិន​ដែល​ខក​ខានឡើយ ​ហើយ​មិន​​បាន​ចូល​បំពាន​ដល់​ទឹក​ដី​ថៃ​នោះទេ គឺ​ក្រុម​ទាហាន​​ថៃ​ចេះ​តែ​មានល្បិច​​កល​​គ្រប់​បែប​យ៉ាង​​មិន​ឈប់​​ឈរ​ អស់​ពី​បញ្ហា​នេះ បញ្ហានោះ ៕