Wednesday, March 16, 2011

ការសិក្សាពីរឿងសាមកុក

ការសិក្សាពីរឿងសាមកុក


១.សេចក្តី​ផ្តើម​
            ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​អរិយធម៌​ចាស់​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក​។​ ទស្សនវិជ្ជា​និង​ស្នាដៃ​អក្សរ​សិល្ប៍​ចិន​បាន​ផ្សព្វ​ផ្សាយ​គ្រប់​ដណ្ដប់​ក្នុង​ប្រទេស​ចិន​និង​ក្រៅ​ប្រទេស​ចិន​ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រប់​បណ្ដា​ជនជាតិ​​នៅ​លើ​ពិភពលោក​ទទួល​ស្គាល់​នូវ​អរិយធម៌​ដ៏​វិសេស​ប្លែក​នេះ​គ្រប់​ៗ​គ្នា​ ហើយ​តែង​កោត​សរសើរ​​មិន​ដាច់​ពី​ភាព​ខ្ពង់​ខ្ពស់​ល្អ​វិសេស​នៃ​អត្តសញ្ញាណ​ អរិយធម៌​ វប្បធម៌​នៃ​ប្រទេស​មួយ​នេះ។
            ដោយ​ភាព​ល្បី​រន្ទឺ​នៃ​ស្នាដៃ​​អក្សរសិល្ប៍​ចិន​ ប្រលោម​លោក​ប្រវត្តិសាស្រ្ត​មួយ​របស់​ចិន​គឺ រឿង​«សាមកុក»​​ត្រូវ​បាន​បក​ប្រែ​និង​ផ្សព្វ​ផ្សាយ​ពាស​ពេញ​ពិភពលោក​។​ ជាមួយ​ការ​និពន្ធ​រឿង​ឡើង​ដោយ​ផ្អែក​លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​ចិន​ រឹត​តែ​ញ៉ាំង​ឲ្យ​ផ្ទៃ​រឿង​ទាំង​មូល​មាន​ការ​ទាក់​ទាញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។
            យ៉ាង​ណា​មិញ​​ស្នាដៃ​​អក្សរសិល្ប៍​បែប​ប្រលោម​លោក​ រឿង​«សាមកុក»​បានផ្សព្វ​ផ្សាយ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​   ​ ហើយ​បាន​បក​ប្រែ​ទៅ ជា​ភាសា​ជាតិ​ ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​កុល​បុត្រ​ កុលធីតា​ខ្មែរ​បាន​ក្រេប​ជញ្ជក់​យក​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​ពី​ស្នាដៃ​ដ៏​ល្អ​ឯក​នេះ​ ហើយ​វា​ក៏​ជា​ទុន​ដ៏​ក្រាស់​ក្រែល​សម្រាប់​ក្រុម​យើង​ខ្ញុំ​ ក្នុង​ការ​សិក្សា​អត្ថបទ​​រឿង​«សាមកុក»នេះ​ផង​ដែរ។
២.សិក្សា​រឿង​សាមកុក​​៖
ក.ប្រភព​ និង​​ប្រភេទ​រឿង
            ១.ប្រភព
            រឿង​សាម​កុក​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ ដែល​រឿង​នេះ​ចេញ​ជា​រូប​រាង​ដំបូង​ដោយ​អ្នក​និពន្ធ​ ឡា​​ គាន់​ជុង​ រវាង​ឆ្នាំ​១១៣០​ ដល់​១៤០០​ក្នុង​រជ្ជកាល​ មិញ​ ​(​១៣៦៨-១៦៤៤)​ ហើយក្រោយ​មក​ត្រូវ​លោក​​ ម៉ៅ​ លន់​ និង​ម៉ៅ​ តូ​គៀម​ យក​មក​កែ​លម្អ​បន្ថែម​។
            រឿង​សាម​កុក​និពន្ធ​ឡើង​ដោយ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​របស់​ប្រទេស​ចិន​ ដែល​កើត​ឡើង​នា​ចុង​រជ្ជកាល​ ហាន​​​។​ អត្ថបទ​រឿង​នេះ​ទទួល​បាន​នូវ​ភាព​ល្បី​ល្បាញ​ទាំង​ក្នុង​និង​ក្រៅ​បរទេស​ ដោយ​ឥទ្ធិ​ពល​នេះ​ជា​ហេតុ​ធ្វើ​អោយ​ប្រជា​ជាតិ​ដទៃ​យក​ទៅ​បក​ប្រែ​ជា​ភាសា​ជាតិ​​រៀង​ៗខ្លួន​។ ដោយ​ឡែក​ប្រទេស​ថៃ​បាន​យក​ទៅ​បក​ប្រែ​ជាភាសា​ជាតិ​ខ្លួន​នៅ​ឆ្នាំ១៨០២ ​ហើយ​ក្រោយ​មក​អ្នក​និពន្ធ​ខ្មែរ​នាម​ ឧក​ញ៉ា​​រាជ​សេនា​ នូ​​ កន​យក​មក​ប្រែ​រៀប​រៀង​នៅ​ឆ្នាំ​១៩២៧ ។
            ២.ប្រភេទ
            រឿង​សាម​កុក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ ប្រលោម​លោក​ប្រវត្តិ​សាស្រ្ត​ ព្រោះ​រឿង​នេះ​បាន​រៀប​រាប់​ពី​ព្រឹត្តិ​ការណ៍​ ដែល​កើត​ឡើង​មាន​ពិត​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ប្រទេស​ចិន​​។​ ការ​ពិណ៌នា​ពី​បុព្វ​ហេតុ​ដែល​បង្គ​អោយ​មាន​សង្រ្គាម​ កល​យុគ​ ហែក​ហូរ​ផ្ទៃ​ក្នុង​ នាំ​អោយ​មាន​ការ​បែក​បាក់​បែង​ចែក​នគរ​ជា​៣​ ដែល​កើត​មាន​ឡើង​ក្នុង​រវាង​ឆ្នាំ​ ១៨៤-២៨០​ ។


ខ.សង្ខេប​រឿង​
         ចូឆូ​​និង​អ៊ួន​សៀវ​ច្បាំង​គ្នា​​នៅ​ស្រុក​ហ៊ូតោ  លុះ​អ៊ួន​សៀវ​ចាញ់​ក៏លើក​ទ័ព​ទៅ​តំបន់​ប៊ូអៀង​ ។​ ចូឆូ​ដឹក​នាំ​ទ័ព​ដោយ​មាន​តៀវ​លៀវ​ជា​សេនា​ ​ ​ទៅ​ត​យុទ្ធ​​បង្ក្រាប​ទ័ព​អ៊ួន​សៀវ​ តែ​បរាជ័យ​ថយ​ទ័ព​ត្រលប់​​ទៅ​បន្ទាយ​នៅ​ភ្នំ​គួតរ​។​ ក្រោយ​មក​អ៊ួន​សៀវ​ រត់​ទៅ​តាំង​បន្ទាយ​ក្បែរ​ចូ​ឆូ​ ហើយ​សឹម​ផោយ​ជាសេនា​ប្រឹក្សា​អោយ​អ៊ួនសៀវ​បញ្ជា​ទ័ព​លើក​ដី​អោយ​ខ្ពស់​ងាយ​ស្រួល​បាញ់​ធ្នូ​ចូល​បន្ទាយ​ចូឆូ​។​ ចូឆូ​ឃើញ​ដូច​នេះ​ក៏​ប្រឹក្សា​នឹង​ឡៅ​ហ៊ូ​ៗ​អោយ​យោបល់​អោយ​ទាហាន​ជីក​ដី​ធ្វើ​ផ្លូវ​ឧម្មង្គ​ចូល​បន្ទាយ​អ៊ួន​សៀវវិញ​​ ដើម្បី​វាយ​ឆ្មក់​ ប៉ុន្តែ​ល្បិច​នេះ​ត្រូវ​អ៊ួន​សៀវ​ដឹង​ខ្លួន ហើយ​ការពារ​បានទាន់​ពេល​វេលា​។​ លុះ​ដល់​ខែ​អស្សុជ​ចូឆូ​លើក​ទ័ព​ទៅ​វាយ​ដណ្តើម​ស្បៀង​​អ៊ួន​សៀវ​ ដែល​បញ្ជូន​តាម​ច្រក​ភ្នំ​បាន​សំរេច​។​ អ៊ួន​សៀវ​ចាត់​អោយ​សឹម​ផោយ​ទៅ​រក្សា​ស្បៀង​នៅ​ស្រុក​ងៀប​កុន​ ហើយ​ខៅហ៊ីវ​អោយ​ទៅ​ស្រុក​គី​ជីវ​។ ក្រោយ​មក​អ៊ួន​សៀវ​ជឿ​តាម​ពាក្យ​គួតៅ​​ក៏​បញ្ជា​អោយ​ទៀវ​ខាប់​ និង​ កោ​ឡាំ​លើក​ទ័ព​ទៅ​វាយ​បន្ទាយ​ចូឆូ​តែ​ត្រូវ​បរាជ័យ​ ឯគួតៅ ​ឃើញ​​ដូចនេះ​ដោយ​ខ្លប​ខ្លាច​អ៊ួន​សៀវ​យក​ទោស​ខ្លួន ​ក៏​ប្រែ​យក​រួច​ខ្លួន​ថា ​ទៀវ​ខាប់​និង​កោឡាំ​ក្បត់​នឹង​អ៊ួន​សៀវ​ ហើយ​ទៅ​ប្រាប់​ទៀវ​ខាប់​និង​កោឡាំ​​ ​​ថា​អ៊ួន​សៀវ​នឹង​សំលាប់​អ្នក​ទាំង​ពីរ​ដោយហេតុ​​ធ្វើ​សង្គ្រាម​ចាញ់​។ កោឡាំ​និង​ទៀវ​ខាប់​ក៏​រត់​ចូល​ទ័ព​នឹង​ចូឆូ​។​ ចូឆូ​មាន​ទ័ព​ច្រើន​ក៏​លើក​ទ័ព​ទៅ​វាយ​ដុត​ស្បៀង​អ៊ួន​សៀវ​ នៅ​តំបន់​អ៊ួន​ចៅ​​ វិនាស​អស់​​ ហើយ​វាយ​បែក​បន្ទាយ​អ៊ួន​សៀវ​ទៀត​​ ឯអ៊ួន​សៀវ​ក៏​រត់​ភៀស​ខ្លួន​ឆ្លង​ទន្លេ​ទៅ​បាត់ ​​ហើយសឹមផោយ​ក៏​ទៅ​ស្រុក​គីជីវ​​​។ និយាយ​ពី​សឹម​អេង​ដែល​ជា​ក្មួយ​សឹម​ផោយ​ខឹង​នឹង​ឪពុក​មា​នេះ​ណាស់​ដោយ​ សឹម​ផោយ​បាន​សំលាប់​សាច់​ញាតិ​មិត្ត​ភឿន​សំលាញ់​របស់​ខ្លួន​ ក៏​សរសេរ​សំបុត្រ​អោយ​ចូឆូ​មក​វាយ​ស្រុក​គីជីវ​ចុះ​ដោយ​ខ្លូន​ចាំ​បើក​ទ្វារ​ស្រុក​​អោយ​។ លុះ​វេលា​យប់​​​ចូ​ឆូ​ក៏​លើក​ទ័ព​ទៅ​វាយ​ស្រុក​គី​ជីវ​បាន​សំរេច​​ ហើយ​ចាប់​បាន​សឹម​ផោយ​ រួច​បញ្ចុះ​បញ្ចូល​អោយ​នៅ​បម្រើ​នឹង​ខ្លួន​តែ​​​ សឹម​ផោយ​បដិសេធ​ដាច់​ខាត​។​ ចូឆូ​ក៏​បញ្ជា​ទាហាន​អោយ​យក​សឹម​ផោយ​ទៅ​សម្លាប់​ចោល​ហើយ​កាត់​ក្បាល​ភ្ជួរ​នៅ​មាត់​ទ្វារ​ស្រុក​​។​
         និយាយ​ពី​ឡៅ​ពៀវ​និង​​ឡៅពី​ ដែល​តាំង​ទី​នៅ​ស្រុក​កែង​ជីវ​វិញ​។​ នាង​ឈួងហ៊ូយិន​ជា​ភរិយា​របស់​ឡៅពៀវ​ ដោយ​ខ្លាច​ឡៅ​ពី​ដណ្តើម​អំណាច​ប្តី​ ក៏​ប្រើ​ឈួម៉ ជា​ប្អូន​ទៅ​កំចាត់​​ឡៅ​ពី​ ។​ តែ​ពេល​ទៅ​ដល់​ផ្ទះ​​ឡៅ​ពី​មិន​ឃើញ​ឡៅពី ដោយ​សារ​ឡៅ​ពី​ដឹង​​ខ្លួន​មុន​រត់​ទៅ​ស្រុក​តុង​យ៉ុង​​។​ ឈួម៉​​​ក៏​ក្លែង​ជា​សរសេរកំណាព្យ​លើ​ជញ្ជាំង​ថា​ឡៅពី​សូមលា​ឡៅពៀវ​ ហើយ​ទៅ​ប្រាប់​ឡៅពៀវ​ថា​​ ឡៅពីនេះ​មាន​គំនិត​ក្បត់​ក៏​រត់ចោល​ស្រុក​បំរុង​នឹង​គិត​ប្រទូស្តរ៉ាយ​។  ក្រោយ​មក​ឈួម៉​បង្គាប់​អោយ​ឡៅគី​ជា​កូន​ឡៅពៀវ​ ទៅ​អញ្ជើញ​ឡៅពី​ពី​ស្រុក​តុង​យ៉ុង​​មក​ស៊ី​លៀង​ជួប​ជុំ​មន្រ្តី​ទាំង​ពួង​ដើម្បី​ពិភាក្សា​រឿង​រាជ​ការ​។​ឈួម៉​ខំ​បញ្រ្ចក​ស្រា​​ឡៅពី​ អោយ​ស្រវឹង​ដើម្បី​ងាយ​ស្រួល​ចាត់​ការ​ ក៏ប៉ុន្តែ​ អី​ជៀ​ដែល​ជា​សេនា​ទៅ​តាម​ឡៅពី​ទៅ​ស៊ី​លៀង​ដែល​នោះ​ ឃើញដូច​នោះ​ក៏​ចូល​ទៅ​ខ្សឹម​ប្រាប់​ឡៅពី​ ពី​គំនិត​របស់​ឈួម៉​​។​​ ឡៅពី​ដឹង​ហើយ​ក៏​រត់​ទៅ​បរ​សេះ​ចេញ​តាម​ទ្វារ​ក្រោយ​​ទៅ​ទិស​បច្ចឹម​។​ ឡៅពី​បរ​សេះ​យ៉ាង​លឿន​ឆ្លង​អូរ​ទៅ​ដល់​ស្រុក​ឡាំចៀង​​ ហើយ​បាន​ជួន​នឹង​សុម៉ាតេកឆោ​​ដែលជា​អ្នក​មាន​តំរិះ​ប្រាជ្ញា​​ ក៏ជួយ​ណែ​នាំ​អោយ​ឡៅពី​​ស្វែង​រក​អ្នក​មាន​គំនិត​វាង​វៃ​ម្នាក់​ ចាំ​ជួយ​ចាត់​ចែង​កិច្ចការងារ។​ លុះ​ស្អែក​ឡើង​​ ជូឡុង​ដែល​ជា​សេនា​​ឡៅពី​តាមរក​ឡៅពី​ឃើញ​ក៏​អញ្ជើញ​​ ឡៅ​ពី​អោយ​ទៅ​ស្រុក​ស៊ិន​អៀ​ ។​ ពេល​ទៅ​ដល់​ស្រុក​ស៊ិនអៀ​ ឡៅពី​ក៏​សរ​សេរ​សំបុត្រ​រៀប​រាប់​សេចក្តី​ផ្ញើរ​ទៅ​ឡៅ​ពៀវ​អោយ​ដឹង​សព្វ​ប្រការ​ ឡៅពៀវ​ដឹង​ហើយ​ខឹង​ណាស់​​ក៏​បញ្ជា​សេនា​អោយ​ទៅ​សំលាប់​ឈួម៉​ចោល​ តែ​នាង​ឈួហ៊ូយិនជាបងឈួម៉ ​​​​​​​និង​​​ ស៊ុនខៀន​​ ជា​សេនា​ឃាត់​ឡៅ​ពៀវ​។  ថ្ងៃ​មួយ​​ឡៅពី​បាន​ជួប​នឹង​​តាន់​ហុក(ឈី​ស៊ី​)​​​តាម​ផ្លូវ​ ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា​​ ប្រកប​ដោយ​ឆន្ទះ​​ដោយ​គិត​ថា​ជា​មនុស្ស​ដែល​សាក​សម​នឹង​សុម៉ា​តេក​ឆោ​​បាន​ណែ​នាំ​​ ក៏​តាំង​សូម​អោយ​ទៅ​​បម្រើ​នឹង​ខ្លួន​​​ ហើយ​តាំង​ជា​ទីប្រឹក្សា​​។​ ឯចូឆូ​កាល​បើ​ដឹង​ថា​ឡៅពី ​នៅ​ស្រុក​ស៊ិន​អៀ​ហើយ​ ក៏​បញ្ជា​អោយ​​ចោ​យិន​​ និង​លី​ទៀន​លើក​ទ័ព​ទៅ​វាយ​​តយុទ្ធ​​តែ​ត្រូវ​បរាជ័យ​​និង​ចាញ់​ឧបាយកល​របស់​​ឡៅពី​​ៗ ដេញ​ព្រួត​វាយ​រហូត​ដល់​បែក​ទ័ព​អស់​​ សល់​តែ​ចោ​យិន​និង​លីទៀន​ និង​ទាហាន​តិច​តូច​​ រត់​ត្រលប់​ចូល​ស្រុក​ហ៊ូ​តោ​វិញ​ អោយ​ចូឆូ​ជួយ​។ ចូឆូ​ឃើញ​ឡៅពី​មាន​អំណាច​ក្លាំង​ក្លា​ដូច​នេះ​ក៏​ពិភាក្សា​គ្នា​នឹង​ធៀយ៉ុក​ និង​ចោយិន​ អ្នក​ទាំង​ពីរ​ក៏​ជំរាប​ថា​នេះ​ក៏​មក​ពី​ឡៅពី​មាន​តាន់​ហុក​ជាអ្នក​​ប្រឹក្សា​ដ៏​ពូកែ​​មាន​គំនិត​បញ្ញា​លើស​ធៀយ៉ុក​​ទៀត​។​​​ ដឹង​ដូច​នេះ​​ហើយ​ចូឆូ​​ក៏​ប្រឹក្សា​​គិត​រកល្បិច​ ដើម្បី​បោក​បញ្ចោត​អោយ​តាន់​ហុក​​មក​​ចុះ​ចូល​បម្រើ​ខ្លួន​។​ ធៀយ៉ុក​ក៏​ទៅ​បញ្ចុះ​បញ្ចូល​ម្តាយ​តាន់​ហុក​ ដោយ​កុហក​ថា​ខ្លួន​ជា​ភឿន​សម្លាញ់​នឹង​តាន់​ហុក​ ហើយ​ឧស្សាហ៍​សរសេរ​សំបុត្រ​ទៅ​សួរ​សុខ​ទុក្ខ​ជា​រឿយៗ​ កាល​បើ​​ចាប់​បាន​គំរូ​អក្សរ​ដែល​មាតា​តាន់​ហុក​តែង​តែ​​ផ្ញើរ​តប​ទៅ​មក​នោះ​​ ធៀយ៉ុក​ក៏​តាំង​សរសេរ​សំ​បុត្រ​ដូច​លាយ​ដៃនឹង​មាតា​តាន់​ហុក​​បន្លំ​សេចក្តី​ថា​ជាម្តាយ​ផ្ញើរ​ទៅ​ ហើយ​ក៏​ផ្ញើរ​ទៅ​តាន់​ហុក​ថា​ម្តាយ​ឈឺជា​ទម្ងន់​ ​អោយ​ចាប់ម​ក​​ចុះ​ចូល​នឹង​ចូឆូ​បើ​មិន​ដូច​នោះ​ទេ​​គាត់​នឹង​ត្រូវ​ចូឆូ​សំលាប់​ចោល​ហើយ​។​​​ តាន់​ហុក​កាល​បើ​បាន​ទទួលសំបុត្រ​ហើយ​ក៏​ប្រញាប់​លា​ឡៅពី​ទៅ​ជួយ​មាតា​ តែ​មុន​នឹង​ទៅ​គាត់​បាន​ផ្តាំ​ឡៅពី​អោយ​ទៅ​រក​ខុង​បេង​​ នៅ​ស្រុក​សុងយ៉ុង​ ដែល​ជា​បុគ្គល​មាន​តំរិះ​ប្រាជ្ញា​វាង​វៃ​ណាស់​​ សូមអោយទៅ​គំនាប់​យកមក​បម្រើ​ជាកុំ​ខាន​។ កាល​ដែល​តាន់​ហុក​ទៅ​ដល់​ស្រុក​ហ៊ូ​តោ​ហើយ​​ ត្រូវ​ម្តាយ​ជេរ​ផ្តាសា​ថា​មិន​ចេះ​ពិចារណា​អោយ​គេ​បោក​ប្រាស់​បាន​យ៉ាង​ងាយ​ ដោយ​ទ្រំ​នឹង​គំហឹង​និង​ភាព​អាម៉ាស់​មិន​បាន​ ម្តាយ​តាន់​ហុក​ក៏​ទៅ​ធ្វើ​អត្ត​ឃាត​។​ ឯ​ឡៅ​ពី​ក៏​ទៅ​គំនាប់​ខុង​បេង​មក​បំរើ​រាជការ​ខាង​ខ្លួន​បាន​ដូច​បំណង​។​ ចំនែក​ស៊ុន​គួន​ដែល​កាន់​កាប់​នៅ​ស្រុក​កាំង​តាំង​ទទួល​កាំង​ឡេង​ដែល​ធ្លាប់​ជា​មនុស្ស​ចូឆូ​​ និង​​ឡៅ​ពៀវ​មក​បំរើ​នឹង​ខ្លួន​ ហើយ​ពិភាក្សា​គ្នា​ទៅ​វាយ​ស្រុក​កាំង​ហែ​ដែល​មាន​ ហង​ច​​ ជា​អ្នក​គ្រប់​គ្រង​និង​ជា​សត្រូវ​របស់​ស៊ុន​សៀន​ឪពុក​ស៊ុន​គួន​។ កាំឡេង​ក៏​កាត់​ក្បាល​ហងច​ យកទៅ​អោយ​ស៊ុន​គួនៗ​យក​ទៅ​សែន​ផ្នួរ​ស៊ុន​សៀន​។​ សំរេច​កិច្ចការ​ហើយ​ស៊ុន​គូន​​លើក​ទាហាន​ទៅ​តាំង​ទី​នៅ​តំបន់​ឈឹ​សង​ក្រៅ​ក្រុង​កាំង​តាំ​ប្រាថ្នា​នឹង​ការពារ​សឹក​សត្រូវ​។ និយាយ​ពី​ចូឆូ​វិញ​ប្រឹក្សា​នឹង​សុម៉ា​អ៊ី​ រួច​បញ្ជា​អោយ​ហែ​ហ៊ូ​ទុន​លើក​ទ័ព​ទៅ​វាយ​ឡៅ​ពី​តែ​ត្រូវ​បរាជ័យ​ ក្រោម​ល្បិច​របស់​ខុង​បេង​ ដែល​បាន​បញ្ជា​អោយ​គួន​អ៊ូ​ តៀវ​ហ៊ុយ​ ជូ​ឡុង​​ លើក​ទ័ព​ទៅ​ត​យុទ្ធហើយ​ទទួល​បាន​​ជ័យ​ជំនះ​បាន​នៅ ​តំបន់ ​វាល​កុក​បង​។​​​ កាល​បើ​ទទួល​បាន​ជ័យ​ជំនះ​ហើយ​​ទ័ព​ឡៅ​ពី​ក៏​​ត្រលប់​ចូលទៅ​ស្រុក​ស៊ិន​អៀ​វិញ​។ ចំណែក​ឯ​ឡៅ​ពៀវ​ដែល​ជា​ចៅ​ហ្វាយ​ស្រុក​កេង​ជីវ​ ឈឺ​ធ្ងន់​បន្ថែម​ទៀត​ក៏​ហៅ​ឡៅ​ពី ​ពី​ស្រុក​ស៊ិន​អៀ​អោយ​ចូល​ទៅ​ប្រាថ្នា​ផ្តាំ​ការ​រាជ​ការ​ទាំង​ពួង​។​ លុះ​ពេល​ឡៅ​ពៀវ​ទទួល​មរណៈ​នាង​ឈួ​ហ៊ូ​យិន​ អោយ​ឈួ​ម៉​និង​ទៀវ​អ៊ុន​ចូល​ទៅ​ក្លែង​សរ​សេរ​សំបុត្រ​បណ្តាំ​អោយ​ឡៅ​ចង​ឡើង​ជា​ចៅ​ហ្វាយ​ស្រុក​កេង​ជីវ​បន្ត​។​​ មិន​បាន​ប៉ុន្មាន​ឡៅ​ចង​​ក៏​ផ្លាស់​ទៅ​ស្រុក​សុង​យ៉ុង​វិញ​ លុះ​ដឹង​ថា​ចូឆូ​លើក​ទ័ពម​កដល់​ហើយ​នោះ​ក៏​សរសេរ​សំបុត្រ​ទៅ​សុំ​ចំណុះ​នឹង​ចូ​ឆូ​​។ ក្រោយ​មក​ឡៅ​ពី​ទទូល​ដំនឹង​ថា​ចូឆូ​លើក​ទ័ព​មក​ដល់​តំបន់​កុក​បង​ហើយ​នោះ​ ឡៅ​ពី​និង​ខុង​បេង​រៀប​ចំ​ក្បួន​ចេញ​ប្រ​យុទ្ធ​ ហើយ​ក៏​ទទូល​បាន​ជ័យ​ជំនះ​។​ ក្រោយ​ពី​ទទូល​ជ័យ​ជំនះ​ហើយ​ឡៅពី​ប្រមូល​ប្រជា​ជន​ទៅ​ស្រុក​អ៊ួន​សៀ​ ឃើញ​ដូច​នេះ​ចូឆូ​ក៏​បញ្ជា​អោយ​ខៅ​ធូ​ លើក​ទ័ព​ទៅ​ច្បាំង​ តែ​ត្រូវ​បរាជ័យនឹង​ទ័ព​ដែល​ដឹក​នាំ​ដោយ​ខុង​បេង​។​ ចូឆូ​រក​មធ្យោបាយ​ថ្មី​មួយ​ទៀត​គឺ​អោយ​តាន់​ហុក​​ទៅ​ចរចារ​នឹង​ឡៅពី​អោយ​ចុះ​ចូល​នឹង​ខ្លួន​ តែ​​ត្រូវ​ឡៅពី​បដិ​សេធ​។​ ចូឆូ​ខឹង​ណាស់​ក៏​លើក​ទ័ព​តាម​វាយ​នឹង​ឡៅពី​នៅ​ស្រុក​អ៊ួន​សៀ​ ​ឡៅពី​ដឹង​មុន​ក៏​នាំ​ប្រជាជន​ទៅ​ស្រុក​សុង​យ៉ុង​តែ​ពេល​ទៅ​ដល់​ហើយ​ឈួម៉​និង​ទៀវ​អ៊ុន​​ បាញ់​ព្រួញ​មិ​ន​បើក​ទ្វារ​ក្រុង​អោយ​ចូល។​​ ឡៅ​ពី​ក៏​ស្រួត​ដំនើរ​ទៅ​ស្រុក​កាំង​ឡេង​​ទៀត​។​​​ ឯ​ចូ​ឆូ​វិញ​ខំ​ដេញ​តាម​យ៉ាង​ប្រកិតៗ​            ចំនែក​ឡៅពី​ក៏​ចាត់​អោយ​មនុស្ស​ទៅ​សុំ​ជំនួយ​ទ័ព​ពី
ឡៅ​គី។​ ចូឆូ​លើក​ទ័ព​ទៅ​ដល់​ស្រុកសុង​យ៉ុង​ហើយ​​ ឈួម៉​និង​ទៀវ​អ៊ុន​ចូល​ទៅ​គំនាប់​ចុះ​ចូល​​​ ហើយ​ទទូល​ដោយ​អំណ​ អោយ​ទៅ​ជួយ​បង្វឹក​ទ័ព​ខាង​ផ្លូវ​ទឹក​។​​ តែ​ឡៅចង​និង​ម្តាយ​​ចូល​ទៅ​គំនាប់​ចូឆូ​ដែរ​ តែ​ចូឆូ​ប្រាថ្នា​នឹង​អោយ​ទៅ​រក្សា​ស្រុក​កេង​ជីវ​ ឡៅ​ចង​ឭ​ហើយ​ក៏​ទាល់​គំនិត​ព្រោះ​ខ្លាច​ ក៏​ព្រម​ទទួល​គំនាប់​​ហើយ​ក៏​លា​នាំ​ម្តាយ​ចេញ​ទៅ​។​ ក៏​ប៉ុន្តែ​ពេល​ទៅ​ដល់​ស្រុក​កេង​ជីវ​រៀប​នឹង​ឆ្លង​ស្ទឹង​ អ៊ី​គឹម​ដែល​ទទូល​បញ្ជា​ពី​ចូឆូ​ទៅ​កាត់​ក្បាល​ទាំង​ម្តាយ​និង​កូន​យក​ទៅ​អោយ​ចូឆូ។ ចំណែក​ឡៅពី​ខំ​ស្រូត​​បន្ត​ដំណើរ​លើក​ទ័ព​និង​ប្រជាជន​ចេញ​ពី​ស្រុក​កាំង​ឡេង​ ទៅ​ស្រុក​កាំង​ហែ​ ព្រោះ​ខ្លាច​ចូឆូ​តាម​មក​ទាន់​​។
គ.តួ​អង្គ​និង​មុខ​ងារ​
Ø  ចូឆូ​                      ៖​ មហា​ឧបរាជ​
Ø  អ៊ួន​សៀវ​             ៖​​ ជានា​ហ្មឺន​ធំ​
Ø  សឹម​ផោយ​          ៖ មេ​ទ័ព​របស់​អ៊ួន​សៀវ​
Ø  សឹម​អេង​             ៖ ក្មួយ​សឹម​ផោយ​ ជា​ទាហាន​យាម​ទ្វារ​ស្រុក​គី​ជីវ
Ø  ឡៅ​ពី​                 ៖ ជា​នាហ្មឺន​នៅ​ស្រុក​កែង​ជីវ​
Ø  ឡៅ​ពៀវ​             ៖ ជា​ចៅ​ហ្វាយ​ស្រុក​កែង​ជីវ​
Ø  ស៊ុន​គួន​               ៖ ជា​ចៅ​ហ្វាយ​ស្រុក​កាំង​តាំង​
Ø  នាង​ឈួ​ហ៊ូ​យិន​   ៖ ប្រពន្ធ​ឡៅ​ពៀវ​
Ø  ឈួម៉                   ៖ ទាហាន​របស់​ឡៅ​ពី​ ជា​ប្អូន​នាង​ឈួ​ហ៊ូ​យិន​
Ø  ​តាន់​ហុក​(​ឈី​ស៊ី​) ៖ ទី​ប្រឹក្សា​របស់​ឡៅពី​ ក្រោយ​មក​ទៅ​នៅ​នឹង​ចូឆូ
Ø  ខុង​បេង​               ៖ ជាទី​ប្រឹក្សា​និង​ជា​មេ​ទ័ព​របស់​ឡៅ​ពី​
Ø  ឡៅ​ចង​              ៖ កូន​ឡៅ​ពៀវ​
(នៅមានត សូមរងចាំអានអត្ថបទបន្ទាប់ទៀត)