Tuesday, March 15, 2011

អ្នកភូមិ​ថ្ម​ដូន​ផ្អើល​រត់​ចូល​ត្រង់​សេ​ទាំង​ព្រឹក​ព្រោះ​ថៃ​ធ្វើ​សមយុទ្ធ​មិន​ប្រាប់​មុន​

ដោយ : សុផុន (ថ្ងៃទី 15 មីនា 2011)
ដកស្រង់ពីគេហទំព័រ cen.com.kh

ឧត្តរមានជ័យ: នៅ​ព្រឹក​ព្រហាម​ថ្ងៃទី​១៥​មីនា​នេះ ពលរដ្ឋ​នៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧ​ត្ត​រ​មានជយ័​បាន​នាំគ្នា​ផ្អើល​រត់​ជាន់​គ្នា​ទាំង​ព្រឹក​បន្ទាប់​ ពី​បានលឺ​សូរ​គ្រាប់កាំភ្លើង និង​គ្រាប់បែក​ផ្ទះ​យ៉ាង​ទ្រហឹង​នៅតាម​បណ្តោយ​ព្រំដែន​។ ពួកគេ​នឹកស្មានថា​ជាការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទព័ខ្មែរ​និង​ថៃ ហើយ​នាំគ្នា​រត់​ទៅ​ជ្រក​ក្បែរ​ផ្ទាំង​ថ្ម​នៅ​ចង្កេះភ្នំ​ជិត​វត្ត​ថ្ម​ដូន​ ដើម្បី​គេច​ពី​គ្រាប់​។

​តាមពិត​កង​ទាហាន​ប៉ា​រ៉ា​ថៃ​បាន​ធ្វើ​ សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដោយ​មិន​បាន​ប្រាប់​ភាគី​កម្ពុជា​ឱ្យបាន​ដឹង​ជា​ មុន​ឡើយ​។ ប្រភព​ពី​ជាយដែន​ឱ្យដឹងថា កង​ទាហាន​ប៉ា​រ៉ា​ថៃ​ទាំង​នោះ​បាន​បើក​ធ្វើ​សមយុទ្ធ​តាំងពីព្រឹក​ព្រហាម​ ម៉ោង​៤​និង​៥០​នាទី​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០០​ឬ​៦០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ ព្រំដែន​កម្ពុជា​។ សមយុទ្ធ​ដែល​មិន​បាន​ជូនដំណឹង​ជាមុន​នេះ​បាន​ធ្វើឱ្យ​អ្នកភូមិ​ថ្ម​ដូន​ភយ័​ ព្រលឹងចុងសក់​។​

​មន្ត្រីនគរបាល និង​យោធា​កម្ពុជា​ដែល​ឈរជើង​នៅ​ទីនោះ​បាន​អះអាងថា មិន​បានដឹង​ពី​ការធ្វើ​សមយុទ្ធ​នោះទេ ហើយ​បាន​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​ភាគី​ថៃ​ដែល​មិន​បាន​ប្រាប់​ជាមុន​ ។ លោក ចាប ផាត អភិបាល​ស្រុក​បន្ទាយ​អំពិល​បាន​អះអាង​ថា អាជ្ញាធរ​ស្រុក​មិន​បាន​ទទួល​ដំណឹង​ទាល់តែសោះ​អំពី​សមយុទ្ធ​យោធា​នេះ​។ លោក​ក៏​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​ថៃ​ដែរ​។  រហូតមក​ទល់​ម៉ោង​ជិត​៨​ព្រឹក​នេះ គេ​លែង​លឺសូរ​គ្រាប់កាំភ្លើង​ទៀតហើយ​។

​ ប្រភព​ពី​យោធា​បានឱ្យដឹងថា កាលពី​ថ្ងៃ​ចន្ទ័​ម្សិលមិញ មាន​ទាហាន​ឈុតខ្មៅ​ថៃ​២០​នាក់​បាន​មក​សុំ​ទាហាន​ខ្មែរ​ដែល​ឈរជើង​ការពារ​ ប្រាសាទ​តា​ក្របី​ដើម្បី​ចូលទៅ​ក្នុង​ប្រាសាទ ប៉ុន្តែ ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ឡើយ​។ នៅ​ព្រឹក​ម្សិលមិញ​ដែរ គេ​ក៏​បាន​ឃើញ​មានកា​រចលត័​ទព័​របស់​ទាហាន​ប៉ា​រ៉ា​ថៃ​នៅ​តាម​ជាយ​ដែន​ដែរ ប៉ុន្តែ នៅពេល​សាកសួរ​ពួក​គរ​អះអាងថា គ្រាន់តែ​ជា​ការប្តូរ​វេន​គ្នា​ធម្មតា​តែប៉ុណ្ណោះ ប៉ុន្តែ តាម​ការពិត ពួកគេ​បែរជា​ត្រៀម​ធ្វើ​សមយុទ្ធ​នៅក្បែរ​ជាយ​ដែន​ដោយ​មិន​ជូនដំណឹង​ទៅវិញ​៕៚