Monday, March 14, 2011

ជជែក​គ្នារឿង​​បុណ្យ​ដារលាន​កើតជម្លោះ​​ទាញកាំភ្លើង​បាញ់​​របួស​ម្នាក់

ជជែក​គ្នារឿង​​បុណ្យ​ដារលាន​កើតជម្លោះ​​ទាញកាំភ្លើង​បាញ់​​របួស​ម្នាក់

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អាទិត្យ ទី ១៣ ខែ មិនា ឆ្នាំ ២០១១
ដកស្រង់ពី គេហទំព័រកោះសន្តិភាព




ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ស្ត្រី​រងគ្រោះ​ឈ្មោះ​​ផាត់ លី អាយុ​​៥៥​ឆ្នាំ រង​របួស​​​ម្រាមជើង​​ស្តាំ ​ដោយការ​​​ផ្ទុះអាវុធ​​ក្នុងជម្លោះ​​​ ជជែក​គ្នា​​ពី​រឿង​​បុណ្យ​ដារ​លាន​ រស់នៅ​ភូមិ​​អន្លង់​​វែង​ថ្មី សង្កាត់​កូនក្រៀល ​ក្រុង​សំរោង ។ ចំពោះ​ជន​ដែលផ្ទុះ​អាវុធ​​​ឈ្មោះ​ឈាន លៀ ភេទ​ប្រុស ​អាយុ​​៣៣​​ឆ្នាំ ​ជាទាហាន​​នៅ​អង្គភាព​​​សឹករង​​ខេត្ត​​​ទីលំនៅ​​​​ក្នុង​ភូមិ​ជាមួយ​ ជនរងគ្រោះ ។ ហេតុការណ៍​នេះ​​បាន​កើត​ឡើ​​​ង​​​កាលពី​វេលា​ម៉ោង​​​​​១០​យប់ថ្ងៃទី​​​១០ មីនា ។​
អ្នក​ភូមិ​​​អន្លង់​​វែង​ថ្មី​​បាន​ឱ្យកោះសន្តិភាព​​​ ដឹង​ថា មុនពេល​កើតហេតុ​ អ្នកភូមិ​ និង​លោកមេ​ភូមិ​​​បាននាំគ្នា​​អង្គុយ​ពិភាក្សា​គ្នា ដើម្បី​​ធ្វើ​​បុណ្យ​ដា​រ​លាន ​ភូមិ​​ បន្ទាប់​​ពី​​​ពិភាក្សា​គ្នា​​​រួច​រាល់​​​អ្នក​ភូមិ​បានយល់ព្រម​​​ នាំគ្នារៃ​លុយ​ក្នុង​មួយគ្រួសារ​​​ទៅតាម​​លទ្ធ​ភាព​​​​ តែ​ក្នុងនោះ​មនុស្ស​​ចំនួន​​៤នាក់​​ក៏ពុំ​យល់ព្រម ហើយ​​​ក៏កើត​មាន​​ការ​ជជែក​​គ្នា​​បន្តិច​បន្តួច​​ ស្រាប់តែ​ឈ្មោះ​​ឈាន លៀ ​​ដែល​ជា​ទាហាន​​​​បាន​ដើរ​ចេញ​​ពីកន្លែង​​ពិភាក្សា​គ្នា​​ទៅ​ផ្ទះ​​ របស់ខ្លួន​​​រួច​​យក​​កាំភ្លើង AK បត់មួយដើម និង​មាន​​​ទុសៀបង់​គ្រាប់​​ចំនួន​​​៣ ដែល​ពេញ​ដោយ​គ្រាប់​​ដើរ​​​មក​កន្លែង​ពិភាក្សា​គ្នា​នោះវិញ​​ ហើយ​ក៏​​បាញ់​​​ចំនួន​៣គ្រាប់ ​​បណ្តាល​ឱ្យ​រង​របួស​​​ស្ត្រី​ឈ្មោះ​​​ផាត់ ​លី ​និង​ធ្វើ​ឱ្យ​​អ្នកភូមិ​​​​ភ័យខ្លាច​​ពេញ​​មួយយប់​មិន​ហ៊ាន​​ដេក​ពួន ។​
អ្នកភូមិ​​បានបញ្ជាក់​ថា ​កន្លង​មក​​​​ជន​ល្មើស​​ និង​ប្តីស្ត្រី​​រងគ្រោះ​​ឈ្មោះគឹម ​ប៊ុនសុខ ​ធ្លាប់​​​ឈ្លោះ​​​ប្រកែក​គ្នា​​​ ខណៈ​ជន​ល្មើស​​ចូលទៅ​​ជួយ​អន្តរា​គមន៍​ និងជួយ​សម្រួល​ប្តី​-ប្រពន្ធ​​ជនរង​គ្រោះ​កុំ​ឱ្យ​ឈ្លោះ​គ្នា​​។​
លោកវរសេនីយ៍​​ត្រីនួន អេត អធិការ​ដ្ឋាន​​នគរ​បាល​​ក្រុង​​សំរោង បាន​ឱ្យកោះសន្តិភាព​​​ដឹង​ថា ​ការ​ឃាត់ខ្លួន​ជនល្មើស​ យោង​តាម​​​ពាក្យ​​បណ្តឹង​​របស់ស្ត្រី​​រង​គ្រោះ​ ទើបកម្លាំង​​​ប៉ូលិស​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ​មុខសញ្ញា​​ និង​ទទួល​​​​ការ​បំភ្លឺ​​ពីសាក្សី​ ​​ក៏​ឈាន​ដល់​ការ​​​ឃាត់ខ្លួន​​ជនល្មើស​​រូប​នេះ​​យក​មក​អធិការ​ដ្ឋាន​នគរ​ បាល​ក្រុង​សំរោង​​ ដើម្បី​​​​​​សាកសួរ ។ បន្ទាប់ពី​​សមត្ថ​កិច្ច​​បាន​​សាក​សួរ​​​​ជន​​ល្មើស​​​បានឆ្លើយ​​​សារ​ភាព​ ថា ខ្លួនពិត​ជា​​បាន​​យក​កាំភ្លើង​​​ AK បត់​មួយដើម​​បាញ់​ ទៅលើ​ឈ្មោះ​ផាត់ លី ​ប្រាកដ​មែន ព្រោះខ្លួន​​​​ធ្លាប់​មាន​​​គំនុំ។
លោកអធិការ​បន្តទៀត​ថា ​បន្ទាប់ពី​​​បានធ្វើ​​ការ​សាកសួរ​​រួច លោកបាន​នាំខ្លួន​ជន​ជាប់ចោទ​​​ទៅ​​លំនៅឋាន​​របស់គេ​ ដើម្បី​បង្ហាញ​​អាវុធ​ ដែល​ជននេះ​​បាន​បាញ់បង្ក​​​ឱ្យ​មានរបួស​ស្នាម​ដែល​​លាក់ទុក​នៅ​​លើ​ដំបូល​ ផ្ទះ​​របស់ខ្លួន។ យោ​ង​តាម​ពាក្យ​បណ្តឹង​​​ និង​​ចម្លើយ​​សារ​ភាព​ ជន​​ជាប់​ចោទ​​​ រួមទាំង​​វត្ថុតាង​​អាវុធ​​ចំនួន​​១ដើម​ផង​នោះ​ ​លោក​បានកសាង​សំណុំរឿង​​ជន​ជាប់ចោទ​​បញ្ជូន​ទៅ​​​សាលា​​ដំបូង​ខេត្ត ​ចាត់ការ​​​តាមនីតិវិធី​​ ៕​