ភូមិខ្ញុំតូចណាស់ តែជាភូមិចាស់
ចំណាស់យូហើយ ប្រជាកុះករ
អ៊ូអរដល់ហើយ គ្មានថ្ងៃណាឡើយ
ស្បើយមនុស្សប្រុសស្រី។
ខ្ញុំសូមបរិយាយ សំដែងបកស្រាយ
ត្រួសៗខ្លីៗ ពីរឿងច្រូតកាត់
ប្រាប់អស់ប្រុសស្រី នារដូវថ្មី
ទឹកដីឧត្តរ។
ខំក្រោកពីព្រឹក រៀបបាយរៀបទឹក
ខ្ចប់ទាំងអង្ករ ទៅចងកណ្ដាប់
ដាក់ហាលឲ្យល្អ អាលយកបន្ត
ប្រមូលទុកដាក់។
ឯខ្លះអ្នកទៀត ស្វះស្វែងខ្មីខ្មាត
មិនឈប់បង្អាក់ ក្រោកស្រោចដំនាំ
ដែលដាំជាថ្នាក់ សស្រាំសស្រាក់
បេះដាក់យកទៅ។
ពេលដល់ស្រែហើយ មិនបង្អង់ឡើយ
ពីរឿងច្រូតស្រូវ គោរពតាមងារ
ដែលដាក់គ្រប់ផ្លូវ ទទួលខុសត្រូវ
រៀងខ្លួនគ្រប់គ្នា។
មិនយូប៉ុន្មាន រសៀលក៏បាន
ខិតដល់វេលា ពេលបាយថ្ងៃត្រង់
សម្រាក់គ្រប់គ្នា ហូបបាយជុំគ្នា
សប្បាយពេកក្រៃ។
មានប្រហុកខ្លះ អន្លក់មិនខ្វះ
សំលលកលៃ ត្រីអាំងទឹកម្ជូរ
ត្រីជូត្រីប្រៃ ដាក់រៀបពេញដី
ក្រោមម្លប់កកោះ។
បានឆ្អែតគ្រប់គ្នា បន្តការងារ
ទៅភូមិវិញអស់ ចាំស្អែកមកទៀត
ឆ្លៀតធ្វើឲ្យអស់ កុំទុកចន្លោះ
ទាំងច្រូតទាំងបោក៕
ស្ងាម ក្រឹម(រូប វិទ្យា) Email: sngamkrem@gmail.com |