តាំងតែពីតូចផ្ទៃពោះម៉ែ
ដល់ថ្ងៃប្រួលប្រែប្រសូតចេញ
បានឃើញពន្លឺចាំងពាសពេញ
ស្រទំវះដេញរស្មីបាត់។
បើកភ្នែកភ្ងាក់ឡើងដំបូលស្បូវ
ជញ្ជាំងធ្លុះក្រៅឃើញហ្វូងសត្វ
លំហល្វឹងល្វើយខ្យល់បកផាត់
ត្រជាក់ជាប់ចិត្តក្នុងទ្រូងម្ដាយ។
ជាកូនគ្រួសារកសិករ
ឃើញតែលំហជុំវិញកាយ
វាលស្រែចំការស្ទឹងប្រលាយ
នឿយលំបាក់កាយកម្ដៅរោល។
បើកភ្នែកព្រឹកឡើងគោក្របី
មិនទំនេរដៃព្រលឹមអុល
ក្នុងទ្រូងសែនថប់ខ្ចប់អំពល
ជីវិតងប់ងល់កលវិជ្ជា។
រស់ដូចកង្កែបក្នុងអណ្ដូង
ឃើញមួយផ្លូវធ្លុងថាអស្ចារ្យ
មិនឃើញពិភពផ្ទៃលោកា
រស់មួយសង្ខារហាក់គ្មានន័យ។
ជាកូនកសិករគ្មានកេរ្ដ៍ឈ្មោះ
គ្មានអ្នកស្រណោះឥតសង្ស័យ
គ្មានអ្នកជុំជិតដូចតារាល្បី
មានតែក្របីគ្រាន់ជាមិត្ត។
ការងារតូចធំទ្រាំរ៉ាប់រង
ធ្វើស្រែដំឡូងជាទ្រព្យពិត
កាប់គាស់លីសែងចម្បែងចិត្ត
ជាផ្លូវជីវិតទៅអនា។
ត្បិតខ្លួនជាកូនកសិករ
តែចិត្តស្មោះសគំនិតជា
មិនលួចឆក់ប្លន់បៀនកាយា
មិនឲ្យគេថាសម្រែឡើយ៕
ចិន ភ្នី(គីមី វិទ្យា) E-mail: chinphny@gmail.com |