បុប្ផាល្អស្រស់ព្រោះសន្សើម
និស្សិតល្អឆ្នើមព្រោះព្យាយាម
តស៊ូពុះពរជាទំនៀម
ខិតខំអង្កៀមយកចំណេះ។
និស្សិតល្អឆើតកើតអ្នកប្រាជ្ញ
បញ្ញវន្ដអង់អាចព្រោះការចេះ
យល់ដឹងសកលអាចបញ្ឆេះ
ល្ងង់ក្លាយជាផេះយកវិជ្ជា។
មុនពេលក្លាយខ្លួនជានិស្សិត
មាសស្រស់វម្មិតជួបវេទនា
ពិបាករែកពុនទុក្ខនានា
គ្មានពេលវេលាបានសុខសាន្ត។
កាលនៅពីតូចខិតខំរៀន
ស្ដាប់គ្រូបង្រៀនយ៉ាងចំណាន
តស៊ូកំសត់ ឥតស្រាកស្រាន្ដ
ឆ្លងសង្ឃរាបានយ៉ាងលំបាក។
មានពេលខ្លះរៀនក្រោមម្លប់ឈើ
ពេលភ្លៀងធ្លាក់លើត្រូវចំណាក
គេចខ្លួនពួនប្រាណឥតមានស្រាក
ការពារលំបាកឯកសារខ្លួន។
ជួនកាលរៀនមានគ្រាប់ផ្លោង
ហោះធ្លាក់អន្លងមកផ្ទួនៗ
តែទោះយ៉ាងនេះស្រស់មាសស្ងួន
តស៊ូអង្រួនគ្មានលះបង់។
ប្រៀបដូចកន្លង់ហើររកផ្កា
ទោះសូន្យសង្ខារនៅតែផ្ចង់
ស្វែងរកគ្រប់ទីដើរតម្រង់
ព្រោះអីកន្លង់ត្រូវក្រេបផ្កា។
បុប្ផាល្អស្រស់ក្លិនក្រអូប
កន្លង់ខំស្រូបល្បងស្នេហា
ស្រង់ក្លិនលម្អងម្ចាស់ចិន្ដា
កែវកន្និដ្ឋាមាសស្នេហ៍ស្និទ្ធ។
រៀនព្រឹករៀនល្ងាចខំសង្វាត
ដើម្បីខ្លួនឆ្លាតទោះឆ្ងាយជិត
ស៊ូទ្រាំដើរហើរស្វែងគំនិត
ស្វែងរកបណ្ឌិតសាស្រ្ដាចារ្យ។
សាលាប៉ុនខ្ទមធ្លុះធ្លាយខ្ទេច
ទឹកត្រាំពន្លិចសែនខ្លោចផ្សារ
សត្វល្អិតក្អាត់ស៊ីជើងយ៉ាងណា
ទ្រាំឈឺចុកផ្សារក្រាញននាល។
ឳអស់នេះហើយទុក្ខទាំងឡាយ
នឹកចង់រំសាយឲ្យយល់នាថ
អ្នកយល់ដឹងជួបខំពង្វៀត
ទោះបីឃ្លាឃ្លាតតែនៅចាំ។
សូមអស់ញាត្តិឧត្ដរមានជ័យ
ទោះឃ្លាតឆ្ងាយក្ដីខ្ញុំសូមផ្ដាំ
កុំបំភ្លេចឡើយខេត្តកើតឆ្នាំ
តិចតួចសូមចាំនេះខេត្តយើង៕
ណិម សាលី(Management) E-mail: nemsaly1095@gmail.com |