សមុទ្រល្វឹងល្វើយ គ្មានកោះគ្មានត្រើយ
លើដែនគង់គា មានមាឌធំក្រៃ
លើដែនពសុធា ខ្លួនធំមហា
ទឹកថ្លាត្រជាក់។
តែព្រោះហេតុអ្វី ទឹកថ្លាប្រពៃ
ជ្រៅក្លាយជារាក់ សែនល្អក់កករ
គ្មានភាពរាក់ទាក់ ហាក់ដូចលៀមលាក់
គ្មានអ្វីធានា។
ធ្លាប់តែមានទឹក គ្រប់ពេលល្ងាចព្រឹក
មានទឹកគ្រប់គ្រា ស្រោចស្រប់ដំណាំ
ឲ្យរាស្រ្តប្រជា សប្បាយគ្រប់គ្នា
វេលាកន្លង។
ឥឡូវប្រែក្លាយ ប្ដូរភាពសប្បាយ
ទៅជាសៅហ្មង ប្ដូរភាពត្រជាក់
ថ្លាជាល្អក់ផង គ្រប់រឿងកន្លង
ត្រូវបានប្ដូរផ្លាស់។
ទឹករីងគ្មានសល់ នឹកស្មានមិនដល់
សមុទ្រក្រឡាស់ ឲ្យរាស្រ្តប្រជា
វេទនាបំរាស់ ធ្វើអ្វីផ្ដេសផ្ដាស់
ឈឺចាប់រាល់ថ្ងៃ៕
ស្ងាម ក្រឹម (រូប វិទ្យា) E-mail: sngamkrem@gmail.com |