Tuesday, December 16, 2014

បុណ្យភ្ជុំបិណ្ឌ




នារដូវបុណ្យភ្ជុំបិណ្ឌធំ
នាំគ្នាជួបជុំនៅឯវត្ត
មានតាៗដែលចេះចាំស្ទាត់
សូត្រធម៌រត់មាត់គ្មានខុសអ្វី។
នៅថ្ងៃព្រឹកឡើងទីដប់បួន
នាំគ្នាហែរក្បួនមានសម្ដី
សែនសប្បាយដោយគ្មានគិតអី
មានទាំងប្រុសស្រីកូនចៅផង។
មានទាំងអន្សមអមដោយចេក
ផ្លែឈើនំនេកដាក់ទាំងសង
ធ្វើបុណ្យក្នុងខែបុណ្យភ្ជុំផ្សង
សូមឧ្យបានឆ្លងដល់ពួកប្រេត។
ពេលក្បួនដង្ហែហែរដល់វត្ត
គេតែងកំណត់ឥតប្រួលប្រែ
ប្រទណ្សិនបីដងផងដែរ
ឥតមានកេចកែកេរ្ដិ៍ដូនតា។
ការដង្ហែជុំវិញវត្តបីដង
ធ្វើតាមគន្លងព្រះពុទ្ធសាសនា
ដើម្បីដឹងគុណញាតិការ
ដែលជនខេមរាតែងចំណាំ។
ថាជនស្លាប់ទៅតែងមានទុក្ខ
ពុំមានក្ដីសុខតែងរងកម្ម
ធ្លាក់ក្នុងនរករាប់លានឆ្នាំ
រស់ក្នុងភក់ជ្រាំសែនលំបាក។
ស៊ីតែខ្ទុះឈាមនិងលាមក
រូបកាយអាក្រក់គ្មានពេលស្រាក
រស់រងក្ដីទុក្ខសែនតោកយ៉ាក
គ្មានផ្ទះសម្រាកដេកនឹងដី។
នេះចំពោះអ្នកធ្វើអាក្រក់
និយាយត្រគោះដោយសម្ដី
ដោយគ្មានកោដក្រែងខ្លាចអ្វី
លេងល្បែងស្រាស្រីកាប់សម្លាប់។
លុះស្លាប់ទៅក្លាយជាប្រេត
គ្មានបានស៊ីឆ្អែតដូចបានឃើញស្រាប់
តាមឱវាទព្រះពុទ្ធទ្រងប្រាប់
ថាសូមប្រញាប់ធ្វើបុណ្យទាន។
ដូចនេះទើបជនទាំងប្រុសស្រី
នាំគ្នាគ្នីឃ្នីយកចង្ហាន់
ទៅវត្តវ៉ាប្រគេនលោកឆាន់
ទើបប្រេតត្រៀបត្រាណបានទទួល។
ខ្លះក្រោកបោះបាយបិណ្ឌពេលព្រឹក
មានច្រើនសន្ធឹកយ៉ាងឃ្មីឃ្មួល
មានដូងល្ងរបាយដំណើបឆ្មួល
បោះតាមសម្រួលដោយជ្រះថ្លា។
អ្នកខ្លះណាត់ក្រមុំទៅបោះ
និយាយផ្ដងផ្ដោះផ្សងសច្ចា
សូមឧ្យជួបគូរតាមប្រាថ្នា
ក្នុងជាតិណាៗកុំឧ្យព្រាត់៕
ចិន ភ្នី (គីមីវិទ្យា)
E-mail:chinphny@gmail.com