អណ្តើកសត្វស្លូត ខ្លួនធំក្បាលតូច
រស់នៅក្នុងព្រៃ កន្ទុយជើងខ្លី
គុលៗរកឆី ស្នូកធំអូសដី
រស់សែនអភ័ព្វ។
ពេលខ្លះរកស៊ី បែកឈ្មោលបែកញី
នេះជាទម្លាប់ រស់នៅក្នុងថ្លុក
ខ្លួនស្រឡែជាប់ ជើងខ្លីឆ្មក់ចាប់
ត្របាក់ចំណី។
ពេលខ្លះសប្បាយ ភ្លៀងធ្លាក់ជ្រៀសកាយ
ជ្រៀសអស់ភក់ដី ងូចទឹកហែលលេង
ទាំងយប់ទាំងថ្ងៃ ហែលផ្សងនិស្ស័យ
តាមមាត់ដងអូរ។
អាសូរអណ្តើក រកស៊ីបើកៗ
តាមសមាជីវ អោយតែបានរស់
លំបាកក៏ស៊ូ កាត់ស្រែចូលលូ
ខំបិទបាំងកាយ។
ពេលខ្លះមនុស្សលោក អំពើស្មុកគ្រក
អាងប្រាក់ចំណាយ អោយគេដើររក
កកេះកកាយ សាច់ខ្លែមសប្បាយ
ស្នូកលក់ថៅកែ។
អណ្តើកខ្លួនមួយ រស់នៅសែនព្រួយ
បែកពុកបែកម៉ែ ព្រោះអាចង្រៃ
នោះគឺសត្វឆ្កែ ធាតុសត្វដូចគ្នា
គ្មានក្តីមេត្តា។
អោយតែវារស់ មានកេរ្តិ៍មានឈ្មោះ
គ្មានគិតអ្នកណា ពេលបាយបានឆ្អឹង
វាឆ្ងាញ់ពិសារ ចង់ស្លាប់អ្នកណា
ក៏វាមិនព្រួយ។
ថ្ងៃមួយភ្លើងឆេះ ទ្រូងក្តៅស្ទើប្រេះ
ស្រែករកអ្នកជួយ គេរត់ចោលអស់
ឆ្លងផុតទុក្ខព្រួយ សល់អណ្តើកមួយ
ជំពាក់វល្លិ៍ខ្នឹង។
តែសំណាងដែរ ភ្លើងឆេះក្នុងស្រែ
ម្ចាស់ស្រែបានដឹង គេមកពន្លត់
កាត់ទាញវល្លិ៍ខ្នឹង រស់មានព្រលឹង
ចូលព្រៃភិរក្ស៕៚
ប៉ាវ ចន្ទ្រា (គីមីវិទ្យា)
chantreapav@gmail.com |