រូបជាសត្វចៀស រត់លឿនចង់ឈ្នះ
ប្រណាំងបង្គួយ រូបមិនសូវធំ
តែចិត្តរំអួយ អាងមានរន្ធជួយ
ធ្វើងុយក្នុងដី។
សត្វចៀសមានពីរ ចៀសឈ្មោលចៀសញី
រកស៊ីតែថ្ងៃ យប់ដេកសំងំ
បិទរន្ធក្នុងដី រស់នៅជើងព្រៃ
វាលដីក្រហម។
រូបចៀសសត្វតូច ក្បាលវែងស្រួចៗ
ពោះតក់ក្រហម កន្ទុយវាវែង
ជើងបួនមិនថ្នម រត់លើស្លឹកក្សាម
លឺសូរប្រោកៗ។
សត្វចៀសឈ្មេចឈ្មូច ឃើញឆ្កែរត់ប្រូច
រកកន្លែងជ្រក ចូលគុម្ពរំដាស
គុម្ពព្រាលដំបូក ភ្នែកមិនហានឈ្ងោក
ធ្វើពោះផ្តក់ៗ។
ភ្លៀងធ្លាក់ដើមឆ្នាំ ទឹកហូរជោកជាំ
ជនលិចដើមកក់ អ្នកភូមិសប្បាយ
ចបជីកពុនត្រក បែកញើសសស្រាក
កណ្តាលថ្ងៃត្រង់។
នាំគ្នាជីកចៀស សំឡឆ្ងាញ់ណាស់
លាយស្លឹកកន្រ្ទង់ គេយកមករួល
ជួនកាលដាក់អាំង បុកម្ជូរក្រសាំង
ធ្វើជាទឹកគ្រឿង។
នេះបែបបុរាណ ចៀសសំបូរមាន
និទានគ្រប់រឿង មិនចេះថែទាំ
បំផ្លាញដោយភ្លើង ឆេះអស់ព្រៃលឿង
ជៀសកាន់តែខ្សត់។
ឥឡូវបើយើង ដុតពន្លត់ភ្លើង
ការពារអោយម៉ត់ យកមកចិញ្ចិម
ធ្វើជាសួនសត្វ វាជាសម្បត្តិ
ក្មេងក្រោយស្គាល់ដែរ៕
ប៉ាវ ចន្ទ្រា (គីមីវិទ្យា)
chantreapav@gmail.com |