នេះជាកាព្យខ្លី ប្រាប់អស់ប្រុសស្រី
លើដីខេមរា ឲ្យមានគំនិត
រិះគិតបញ្ហា ភាពល្អនោះណា
នៅក្នុងជីវិត។
យើងកុំសម្ងំ ត្រូវក្រោកលុតដំ
បញ្ញាល្អពិត ធ្វើអ្វីដែលល្អ
ស្មោះសដល់ចិត្ត នោះទើបគំនិត
លូតលាស់ថ្លៃថ្លា។
ខំប្រឹងរៀនសូត្រ ធ្វើឬកស្លូតបូត
ខិតខំធ្វើការ ព្រោះខ្លួននៅក្មេង
យើងត្រូវសិក្សា បង្កើនបញ្ញា
បានល្អប្រពៃ។
ក្មេងជំនាន់ក្រោយ យើងកុំបណ្ដោយ
សម្បតិ្ដរាល់ថ្ងៃ ព្រោះយើងកូនចៅ
ត្រូវខំកែច្នៃ រក្សាស្នារដៃ
សម្បតិ្តដូនតា។
ព្រោះចាស់មុនៗ ការងារស្រាលធ្ងន់
ធ្វើគ្រប់កិច្ចការ ដើម្បីទុកឲ្យ
ចៅក្រោយរក្សា រលត់សង្ខា
មានអ្នកការពារ។
យើងជាចៅក្រោយ ពិតមិនចង់ឲ្យ
សម្បតិ្តក្លាយជា របស់អ្នកផ្សេង
វង្វេងប្រជា ជាតិសាសន៍នានា
គេពិតមើលងាយ។
ពិតណាស់រូបយើង ត្រូវតែក្រោកឡើង
នោះជាតិរីករាយ ត្រូវរះបំភ្លឺ
ពន្លឺរីកសាយ ឲ្យដូចពណ្ណរាយ
ភ្លឺច្បាស់ត្រចង់។
ដូច្នេះយើងត្រូវ បំភ្លឺគ្រប់ផ្លូវ
ឃើញច្បាស់ផូរផង់ ខំកសាងទេស
និងកែតម្រង់ ត្រូវហ៊ានលះបង់
នោះជាតិថ្កុំថ្កើង៕
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com |