Friday, January 10, 2014

បឹងស្នោរស្នេហ៍ខ្ញុំ




 បឹងស្នោរបឹងស្នេហ៍កេរ្តិ៍ពីដូនតា
ដឹងក្តីកាលណាឃើញអ្នកជាស្រេច
ខួបប្រាំងវស្សាទឹកថ្លាប្រសា
អ្នកជាគ្រាប់ពេជ្រផ្តល់ដង្ហើមរស់ ។

កាលខ្ញុំនៅក្មេងមុជលេងនឹងអ្នក
មុជនៅទីរាក់ខ្លាចធ្លាក់ជ្រៅហួស
ត្បិតអត់ចេះហែលក្រែងក្រែលលង់គ្រោះ
កាលនោះខ្ញុំបោះគោលដៅចំណាំ។

គ្រាមួយខ្ញុំបានជួយដល់រូបអ្នក
កាលអ្នករឹតរាក់ជាក់ខ្ញុំនៅចាំ
យើងបានស្តារអ្នកចិត្តជាក់ស្រាក់ស្រាំ
ហើយក៏បានដាំឈើអាកាស្យា ។

ក្រៅពីសិក្សាកិច្ចការបន្ត
ត្បិតជាសិស្សល្អទាំងកាយ វាចារ
នាំគ្នាទៅបឹងដងទឹកស្រោចផ្កា
ចាក់ពាងសាលា និងបង្គន់ផង ។

ពេលចេញមកផ្ទះរូតរះមកបឹង
ព្រលប់ស្ងាត់ឈឹងហ៊ឹងឮត្រយ៉ង
ក្រួច ក្រៀល ក្រសារ ហើរច្រៀងត្រសង
ពិរោះណែងណងនាពេលជំនោរ។

មើលទៅផ្ទៃទឹកសន្ធឹករុក្ខា
ឈូកដុះចេញផ្កាសាយក្លិនពិដោរ
ព្រលឹតរំចង់រហង់ដុះឈរ
នឹកចង់សម្លម្ជូរបង់ប្រហុក ។

រីហ្វូងមច្ឆាត្រៀបត្រាហែរហង់
ហែលឆ្វែលត្រាច់ត្រង់វិលវង់ទៅមក
ប្រលែងប្រដេញកើតចេញរលក
កើតចិត្តនឹកភ្នកហាក់មើលសមុទ្រ ។

ពេលនេះរំភើបរំជើបរំជួល
ដួងចិត្តច្រាលជ្រួលអួលសែនកំសត់
ឮគេប្រាប់ថាអ្នកប្រែមុខមាត់
ស្រស់ស្អាតបំផុតពិតគួរគយគន់

កំសត់ខ្លាចតែអ្នកមិននឹកខ្ញុំ
ត្បិតអ្នកធាត់ធំជ្រៅវែងជាមុ
ជំនោរបឹងស្នោរវាយោស្រទន់
គេក្បែរជិតខ្លួនខ្លាចភ្លេច
ខ្ញុំឆ្ងាយ ។