Thursday, May 23, 2013

ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​​




ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​
ចិត្ត​ខ្ញុំ​ចង​ចាំ​
កាល​នៅ​ភូមិ​ស្រុក​
បាយ​ខ្ចប់​ស្លឹក​ចេក​
ម្ហូប​អាំង​​ប្រហុក​
អន្លក់​ត្រួយ​តាថុក​
ពិត​ឆ្ងាញ់ពិសារ​។
ទឹកជន់​លិច​ស្រែ​
មាន​ត្រី​ហូហែ​
កង្កែបហ៊ឺ​ហារ​
ហ៊ី​យំ​អើង​កង
ក្បែ​គុម្ព​ផ្លែ​ផ្ការ
ក្នុងវាល​នោះ​ណា​
ទឹក​ថ្លា​ត្រជាក់​។
សំណាប​ខៀវ​ខ្ចី​
ក្នុង​វា​នោះ​នៃ
ភ្លឺ​ស្រែ​ប្រទាក់​
ទឹក​ពេញ​ត្រពាំង​
មាន​ទាំង​ជ្រៅ​រាក់​
ធ្វើ​ការ​ត្រជាក់​
ងារ​ជា​កសិករ​។
សំលេង​ហ៊ីង​​យំ​
ធ្វើ​ឲ្យ​រូប​ខ្ញុំ​
មាន​ចិត្ត​ត្រេក​អរ​
ព្រោះ​មាន​ទឹក​ភ្លៀង​
ធ្លាក់​មក​បន្ត​
ស្រូវ​ស្រែ​បរវ​
ផ្លែ​ផ្ការ​ផូផង់​។
ពេល​​នេះ​ខ្ញុំ​ឃ្លាត​
ចាក​ធ្ងាយ​ផៅ​ញាតិ​
មក​នៅ​ទី​ក្រុង​
បន្ត​សិក្សា​
ឲ្យ​បាន​ត្រចង់​
ដើម្បី​តម្រង់​
គោល​ដៅ​ជី​វិត​។
ធ្វើ​ឲ្យឃ្លាត​ធ្ងាយ​
​សម្លេង​ទាំង​ឡាយ​
ដែល​នៅ​ធ្ងាយ​ជិត​
កង្កែប​ហ៊ី​ង​យំ​
ប្រគុំ​ភ្លេង​ពិត​
ទាំង​ថ្ងៃ​ងងឹត​
នា​ពេល​វស្សា​។
ដង​ផ្លូវ​ទឹក​លិច​
ហើយ​ចាំង​រំលិច​
ទៅ​ដោយ​ជលស្សា​
រទះ​គោ​បរ​
ទៅ​ស្រែ​ចំ​ការ​
លើ​ផ្លូវ​នោះ​ណា​
សប្បាយ​មាន​ន័យ​។
ក្មេងៗ​ឃ្វាល​គោ​
ដើរ​តាម​ទឹក​ហូរ​
ធ្វើ​ជុច​ដាក់​ត្រី​
មាន​ទាំង​ទ្រូកាត់​
ទ្រូកំប៉ោង​ថ្មី​
សន្ទូច​​ឬស្សី​
​ដាក់​យ៉ាង​ត្រៀប​ត្រា​។
ខ្លះ​បេះ​អន្លក់​
ខ្ចីៗ​ទុក​ជ្រក់​
ព្រម​ទាំង​ផ្លែ​ផ្លារ​
ពេល​បាន​ត្រី​ហើយ​
យក​មក​រក្សា​
ដើម្បី​ចៀន​ចា​​
ពិសារ​រួម​គ្នា​។
ពេល​នេះ​បាន​ត្រឹម​
នឹក​ស្នាម​ញញឹម​
កាល​នៅ​ជុំ​ជា​
ដើម្បី​បំពេញ​
ចំនេះ​វិជ្ជា​
ធ្វើ​ស្ពាន​មាគា​
ចំលង​ដល់​ត្រើយ​។
គង់​តែ​និង​បាន​
ពេល​ឈប់​ស្រាកស្រាន
នោះ​​និង​បាន​ស្បើយ​
បាន​ទៅ​លេង​ផ្ទះ​
និង​បាន​​កៀក​កើយ
បាន​ជួប​ឆ្លង​ឆ្លើយ​
ញាតិ​មិត្តប្អូន​បង​។
​នេះ​និង​បញ្ចប់​
ព្រោះ​ខ្ញុំ​រៀប​រាប់​
មិន​វែង​ដូច​ប៉ង​
មក​រៀន​ឆ្ងាយ​ផ្ទះ​
រៀន​ផង​នឹក​ផង​
កើត​ក្ដី​សៅ​ហ្មង
នោះ​មិន​ដល់​ត្រើយ៕

ស្ងាម​ ក្រឹម