Saturday, May 25, 2013

ប្រាំពីថ្ងៃជោគជ័យ




គំរោងជិះកង់របស់និស្សិត​
បានផ្តើមគំនិតពីសមាគម
ខេត្តឧត្តរមានជ័យធ្វើជាក្រុម
គោលដៅវត្តភ្នំប្រាសាទតាមាន់។
សមាជិកអ្នកជិះមានទាំងអស់
ប្រាំនាក់សុទ្ធប្រុសកម្លាំងមាំគ្រាន់
មួយអ៊ិនសូដាប្រធានជំនាន់
ពីរឡាទីនគ្រាន់ខ្ពស់មួយខុសគេ។
ទីបីបារាំងសាច់សរល្អឆ្អៅ
បួនក្រឹមរូបខ្មៅស្រស់ស្អាតឥតប្រែ
ប្រាំចន្រ្ទាស្ម័គ្រចិត្តរួមជិះដែរ
ប្រាំរយហុកពីភ្នំពេញតាមាន់។
ថ្ងៃចេញដំណើរសូមមិត្តជួយចាំ
គឺថ្ងៃទីប្រាំមេសាព្រឹកគ្រាន់
ពីពាន់ដប់បីម៉ោងប្រាំពីទាន់
ត្រជាក់ជាន់ឈ្នាន់ធាក់កង់ហាត់ប្រាណ។
ពេលចេញដំណើរសប្បាយលាយភ័យ
ក្តៅញ័រជើងដៃស្ទើទ្រាំមិនបាន
នៅតាមដងផ្លូវក្មេងស្រែករួមមាន
បាយៗខ្លះរៀនស្រែកថាហែលឡូ។
ចាស់ៗឈរមើលហើយសួរសុខទុក្ខ
ជិះពេញមួយព្រឹកទៅណាឯឡូវ
ខ្ញុំមានកម្លាំងដោយទឹកអំពៅ
ប្រាប់គាត់ថាទៅឧត្តរមានជ័យ។
អ៊ុំម្នាក់សួរទៀតណែលោកប្អូនប្រុស
ឡានមានច្រើនណាស់ធាក់កង់ហុយដី
ចំណាយពេលច្រើនធ្វើគំរោងអ្វី
បង្ហាញទង់ជ័យជិះកង់អប់រំ។
ថ្ងៃទីមួយសំរាកនៅស្រុកស្គន់
បាយល្ងាចសាច់មាន់យប់ដេកក្តៅងំ
ទីពីក្តៅខ្លាំងខេត្តកំពង់ធំ
មុខខ្មៅឡើងជាំផ្លូវគ្មានដើមឈើ។
បីកំពង់ក្តីផឹកទឹកក្រឡុក
ផ្អើអស់អ្នកស្រុកថាប្រាំងឡេឡើ
ខ្ញុំខំស្រែកប្រាប់ថាខ្មែរយើងទេតើ
ហេតុអ្វីអ្នកមើលច្រឡំខ្ញុំទាប។
ដល់ថ្ងៃទីបួនខ្ញុំសែនសប្បាយ
ត្រជាក់ចិត្តកាយម្លប់ឈើសៀមរាប
ដំដែកក្រឡានឆ្ងាញ់គ្មានគូរប្រៀប
សំរស់សៀមរាបព្រៃឈើអង្គរ។
ថ្ងៃទីប្រាំគឺដល់ស្រុកចុងកាល់
ប្រាសាទព្រហ្មកិលលាក់ខ្លួនអាសូរ
ពេលបានឃើញហើយទឹកភ្នែកស្រក់ហូរ
រស់នៅតស៊ូគ្មានអ្នកមើលថែរ។
ប្រាំមួយសំរោងយោងកម្មវិធី
អប់រំសិក្សាក្មេងនៅស្រុកស្រែ
អោយខិតខំរៀនពន្យល់ពុកម៉ែ
ព្រៃឈើផងដែរជួយថែរដុះដាំ។
ប្រាំពីតាមាន់ចំនុចគោលដៅ
ប្រាសាទនេះនៅទល់ដែនខ្មែរថៃ
ប្រាប់ដល់កូនខ្មែរអោយបានយល់ន័យ
ជួយថែរទឹកដីអោយនៅគង់វង្ស៕៚
ចន្រ្ទា