Sunday, March 18, 2012

អារម្មណ៍​សោក​ស្ដាយ​ចំ​ពោះ​ការ​បាត់​បង់​ជីវិត​និស្សិត​ឧត្តរ​មាន​ជ័យ​នៅ​ទី​ក្រុង​ភ្នំពេញ​

ខ្ញុំ​បាទ​ឈ្មោះ ​អូត ​ឡាទីន​ ជា​និស្សិត​មក​ពី​ភូមិ​គូ​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ខ្ញុំបាទ​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​ នៅ​អំឡុង​ពេល​ថ្មីៗ​នេះ​ដោយសារ​តែ​ការ​បាត់​បង់​ជីវិត​បង​ស្រី​ហោន​ ចន្រ្ទា​ដែលជា​និស្សិត​ឆ្នាំ​ទីបួន​ រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ ដែល​កន្លង​មក​បាន​រស់​នៅ​ក្នុង​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ​រួម​គ្នា ​ហើយ​តែង​តែ​ហូប​បាយ​ជាមួយ​គ្នា ​លេង​សើច​ជាមួយ​គ្នា​ ជាពិសេស​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ភ្នំ​ពេញ​ដំបូង​គាត់​បាន​ទាក់​ទង​អោយ​ខ្ញុំ​ចូល​មក​រស់​នៅ​ក្នុង​សមាគម​និស្សិត​ឧត្តរ​មានជ័យ​ជា​មូយ​គាត់​។តែ​ពេល​ដែល​ខ្ញុំ​មក​ដល់​ភ្នំ​ពេញ​ដំបូង​ ខ្ញុំ​គ្មាន​ទិស​ដៅ​ពិត​ប្រាកដ​ទេថា ​ទៅ​រស់​នៅ​កន្លែង ​ណាមួយ​តាម​ពិត​ទៅរវាង​ខ្ញុំ​និង​បង​ស្រី​ចន្រា្ទ​ក៏ពី​មុន​មក​មិន​ដែល​ធ្លាប់ស្គាល់​គ្នា​ដែរ​។​ ថ្វី​ត្បិត​តែ​ខ្ញុំ​និង​គាត់​មិន​ដែល​ធា្លប់​ស្គាល់​គ្នាពីមុន​មក​ក៏ដោយ​ ក៏ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​មួយ​ដ៏ខ្លី​ខ្ញុំ​បាន​ស្គាល់​គាត់​ហើយ​មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​បាន​រស់​នៅ​ក្នុង​សមាគម​រួម​គ្នា​ទៀត​ផង​។​ ហើយ​កាល​ដែល​ខ្ញុំ​ចូល​មក​ក្នុង​សមាគម​ដំបូង​ គាត់​បាន​ដាំ​បាយ​ព្រម​ទាំង​បាន​ធ្វើ​ម្ហូប(ស្ងោ​សាច់​ជ្រូក​ជាមួយ​ស្ពៃ​)​ហើយ​ពួក​យើង​បាន​ហូបបាយ​រួម​គ្នា​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​កក់​ក្ដៅ​ និង​ពោរពេញ​ទៅ​ដោយ​ការ​រាប់​អាន​គា្ន​ជាទី​បំ​ផុត​គឺ​ប្រៀប​បី​ដួច​ជា​បង​ប្អូន​បង្កើត​និង​គ្នា​។​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​នោះ ​ខ្ញុំ​បាន​ចាត់​ទុក​គាត់​ដូច​ជា​បង​ស្រី​បង្កើត​ ដែល​ពេល​ខ្លះ​គាត់​តែង​តែ​ជួយ​ណែ​នាំ​ខ្ញុំ​ អោយ​ខិត​ខំ​រៀន​និង​បើក​ចិត្ត​អោយ​ទូលាយ​ដើម្បី​ទទួល​យក​ចំ​នេះ​ដឹង​ពី​ខាង​ក្រៅ​ដើម្បី​ ពេល​ក្រោយ​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​ជា​មួយ​គាត់​។​តែ​​នៅ​ពេល​ថ្មី​ៗ​នេះ​មុន​និង​គាត់​ចាក​ឆ្ងាយ​ពី​ពួក​យើង​រហូត​គាត់​បាន​បន្សល់​ទុក​នូវ​ពាក្យ​សម្ដី​មួយ​​ឃ្លា​ដែល​ខ្ញុំ​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ ​​គាត់​បាន​និយាយ​ថា​ "​នៅ​ពេល​ចូល​ឆ្នាំ​ចាំ​ទៅ​ចូល​រួម​កម្ម​វិធី​ជប់​លៀង​នៅ​ផ្ទះ​បង​ណា"​ ពួក​យើង​និង​បង្ក​បរិយាកាស​សប្បាយ​រួម​គា្ន​។​ តែ​ផ្ទុយ​ទៅ​វិញ​នោះ​ ពួក​យើង​លែង​បាន​ជួប​មុខ​គាត់​ជា​រៀង​រហូត​ដោយ​សារ​តែ​គាត់​បាន​ចែក​ឋាន​ទៅ​ហើយ​​នៅ​ក្នុង​រឿង​ដែល​មិន​គួរ​អោយ​កើត​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​១១ ​ខែ​មីនា​ ឆ្នាំ​២០១២​។​
ហើយ​រឿង​មួយ​ទៀត​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​​ គឺ​ពេល​ដែល​ខ្ញុំ​មក​ដល់​ភ្នំ​ពេញ​ថ្មី​ៗ​ គាត់​បាន​ជូន​ខ្ញុំ​ជិះ​ម៉ូតូ​ស្វែង​រក​ធនាគារ​អេស៊ី​លី​ដា​សាខា​បឹង​ត្របែក​ មិន​តែ​ប៉ុណ្ណោះ​គាត់​បាន​នាំ​ខ្ញុំ​ដើរ​មើល​កន្លែង​ផ្សេង​ៗ​ទៀត​ ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ជា​ច្រើន​ទៀត​។​តែ​រឿង​ទាំង​នេះ​វា​បាន​កើត​ឡើង​ តែ​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​តែ​ប៉ុណ្ណោះ ​​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​ក៏​លែង​បាន​ជួប​គាត់​ជា​រៀង​រហូត​ តែ​រឿង​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​តែ​លេង​សើច​ជាមួយ​គាត់​ វា​បាន​ដិតជាប់​នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​ រហូត​ដែល​មិន​អាច​បំ​ភ្លេច​វា​ចោល​បាន​។​
ចុង​ក្រោយ​នេះ​ខ្ញុំ​សូម​ជូន​ពរ​ដល់​វិញ្ញាណក្ខន្ធ ​ព្រលឹង​បង​ស្រី​ចន្រ្ទា​បាន​ទៅ​កាន់​សុគតិ​ភព​ហើយ​ឆាប់​បាន​ចាប់​ជាតិ​សារ​ជាថ្មី​ម្ដង​ទៀត​កុំ​បី​អាក់​ខាន​៕៚